ជាតិ
សង្គមជាតិ
កញ្ញា ហ៊ុន ចាន់​ស្រី​និ​ច​៖«​ការប្រមូល​សំរាម​របស់ខ្ញុំ ជា​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍ​សង្គម​»
08, Mar 2019 , 4:42 pm        
រូបភាព
​ភ្នំពេញ​៖ យុវជន​-​យុវនារី​មួយក្រុម បាន​បន្តសកម្មភាពរ​បស់​ខ្លួន​ក្នុង​ការប្រមូល​សំរាម​ពី​លូទឹកស្អុយ ដែលមាន​ទីតាំងនៅ​ជិត​សាខា​ពន្ធដារ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ក្នុងចំណោម​យុវជន​ជាង​១០​នាក់ ដែល​កំពុង​កាយ​សំរាម​ពី​លូទឹកស្អុយ កញ្ញា ហ៊ុន ចាន់​ស្រី​និ​ច បាន​និយាយថា​នៅ​ថ្ងៃទី​៨ មីនា គឺជា​ថ្ងៃទី​១​របស់​កញ្ញា នៃ​ការប្រមូល​សំរាម ហើយ​កញ្ញា​សប្បាយចិត្ត​ក្នុងការ​ប្រមូល​សំរាម​ទាំងនេះ  ព្រោះ​វា​ជា​ផ្នែក​សំខាន់​ក្នុង​ការជួយ​និង​ការអភិវឌ្ឍ​សង្គម​។​



​កញ្ញា​វ័យ​ជាង​២០​ឆ្នាំ​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey ថា ការ​ចំណាយពេល​ក្នុងការ​ប្រមូល​សំរាម​នេះ ដោយសារ​កញ្ញា គិតថា វា​ជា​ផ្នែក​មួយ​នៃ​ការកម្សាន្ត និង​បង្កើត​ទំនាក់ទំនង​ល្អ​រវាង​យុវជន ជាពិសេស​គឺ​ដើម្បី​ជួយ​សម្រួល​ភាពកខ្វក់​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តា​យ​លូទឹកស្អុយ ក៏ដូចជា​ជួយ​លើក​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​ភ្នំពេញ​ផងដែរ​។ 



កញ្ញា បាន​និយាយ​ដូច្នេះ​៖«​ការប្រមូល​សំរាម​របស់ខ្ញុំ ថ្វី​ដ្បិត​សកម្មភាព​តូច​មួយ ប៉ុន្តែ​វា​ជា​ផ្នែក​មួយ​ក្នុងការ​អភិវឌ្ឍ​សង្គម​យើង ក៏ដូចជា​បង្ហាញ​ភាព​ដាស់តឿន​ដល់​អ្នក​ចោល​សំរាម​ឬ​អ្នក​ដាក់​សំរាម មិន​ត្រឹមត្រូវ​ផងដែរ​»​។​



​ជាមួយគ្នានេះ ស្រី​និ​ច ក៏បាន​បង្ហាញ​ឆន្ទៈ ក្នុងការ​ប្រមូល​សំរាម​ទាំងនេះ​ឱ្យអស់​ជាមួយ​យុវជន​ឯទៀត ឱ្យបាន​មុខ​រដូវភ្លៀង​មកដល់ នាពេលខាងមុខ​។ 



​សកម្មភាព​ប្រមូល​សំរាម​ពី​លូទឹកស្អុយ​នេះ ត្រូវបាន​អនុវត្ត​ដំបូង​ឡើង ដោយ លោក សាន ដា​រ៉ា​វីត តាំងពី​ថ្ងៃទី​៤​មីនា ជាមួយនឹង​មិត្តភក្តិ​ម្នាក់​។ លោក សាន ដា​រ៉ាវីត បាន​និយាយ​ដូច្នេះ​៖«​ក្រោយពី​ខ្ញុំ​ប្រមូល​សំរាម​នេះ​បាន​មួយថ្ងៃ ខ្ញុំ​បាន​បង្ហោះ​រូបភាព​មួយចំនួន​ពី​ការប្រមូល​សំរាម នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្ញុំ ហើយ​ក៏មាន​យុវជន​មួយចំនួន​ឆាត (Chat) មកសុំ​ចូលរួម​ក្នុង​សកម្មភាព​ប្រមូល​សំរាម​នេះ​»​។



​លោក​បាន​បន្តថា សកម្ម​ភាពនៃ​ការប្រមូល​សំរាម​របស់លោក​បាន​ឡើងជា​រៀងរាល់​ព្រឹក ចាប់ពី​ម៉ោង​៧ ដល់​ម៉ោង​១០​ព្រឹក ហើយពី​មួយថ្ងៃ​ទៅមួយថ្ងៃ មានការ​កើនឡើង​ពី​យុវជន​ជា​បន្តបន្ទាប់ ពិសេស​នៅ​ថ្ងៃទី​៨ មីនា គឺជា​ថ្ងៃទី​៥ នៃ​ការប្រមូល​សំរាម មាន​យុវជន​ចូលរួម​ច្រើន​ទាំង​សម្ភារ និង​កម្លាំងកាយ​-​ចិត្ត​។

​ជាមួយគ្នានេះ លោក សាន ដា​រ៉ា​វីត សង្ឃឹមថា​សកម្មភាព​នេះ​នៅ​ថ្ងៃមុខ នឹងមាន​ការចូលរួម​កាន់តែច្រើន​ពី​សំណាក​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ពិសេស​មានការ​គាំទ្រ និង​អនុវត្ត​ខ្លាំង ពី​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​ទាំងឡាយ​៕

Tag:
 សំរាម​
  យុ​ជវន
© រក្សាសិទ្ធិដោយ thmeythmey.com