អន្តរជាតិ
មេ UN អំពាវនាវ​ឲ្យ​មាន​កិច្ចប្រឹងប្រែង​ទ្វេដង​ដើម្បី​ការពារ​និង​លើកកម្ពស់​សិទ្ធិ​ស្ត្រី​
08, Mar 2019 , 10:59 pm        
រូបភាព
ដោយ:
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres បាន​អំពាវនាវ​ឲ្យ​មាន​កិច្ចប្រឹងប្រែង​ទ្វេដង​បន្ថែមទៀត ក្នុង​គោលដៅ​ការពារ​និង​លើកកម្ពស់​សិទ្ធិ​របស់​ស្ត្រី​, សេចក្តីថ្លៃថ្នូរ និង​ភាពជា​អ្នកដឹកនាំ​។ លោក​បញ្ជាក់ទៀតថា នាពេល​បច្ចុប្បន្ន​មាន​ស្ត្រី​ជាច្រើន​ដែល​កំពុង​កាន់តំណែង​គ្រាក់ៗ​ក្នុង​អង្គការសហប្រជាជាតិ​។

 
​សមភាព​យ៉េន​ឌ័​រ​និង​សិទ្ធិ​របស់​ស្ត្រី គឺមាន​សារៈសំខាន់​សម្រាប់​ដំណើរការ​សកល ដើម្បី​សម្រេចបាន​នូវ​សន្តិភាព​, សន្តិសុខ​, សិទ្ធិមនុស្ស និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Guterres នៅក្នុង​សារ​មួយ​នៅ​ថ្ងៃ​ពុធ ទី​៦ ខែមីនា​ដើម្បី​អបអរសាទរ​ទិវា​សិទ្ធិនារី​អន្តរជាតិ​ថ្ងៃទី​៨ ខែមីនា​។ 
 
​យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua  អគ្គលេខាធិការ UN រូបនេះ គូសបញ្ជាក់ថា​៖«​យើង​កំពុង​រស់នៅក្នុង​ពិភពលោក​មួយ​ដែល​ត្រួតត្រា​ដោយ​បុរស និង​អម​ជាមួយនឹង​វប្បធម៌​ដែល​ត្រួតត្រា​ដោយ​បុរស​ផងដែរ​។ តែ​កាលណា​យើង​សម្លឹង​ឃើញ​សិទ្ធិ​របស់​ស្ត្រី​គឺជា​គោលដៅ​ចម្បង​ក្នុង​ការផ្តល់​ផលប្រយោជន៍​ដល់​មនុស្ស​គ្រប់គ្នា​នោះ​។ យើង​នឹង​ចាប់ផ្តើម​ផ្លាស់ប្តូរ និង​ផ្តល់​សិទ្ធិ​ស្មើគ្នា​រវាង​បុរស​និង​ស្ត្រី​»​។ 
 
​សន្ទុះ​នៃ​ចំនួន​ស្ត្រី​ជា​អ្នកសម្រេចចិត្ត​ក្នុង​កិច្ចការ​នានា​គឺជា​ចំណុច​ស្នូល​ដ៏​សំខាន់​មួយ​របស់​ពិភពលោក​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Guterres ដោយ​បន្ថែមថា អង្គការសហប្រជាជាតិ​នាពេល​បច្ចុប្បន្ននេះ​មាន​បុគ្គលិក​ភេទ​ស្រី​ជាច្រើន​ពុំ​ធ្លាប់មាន​ពីមុនមក ដែល​កំពុងកាន់​តំណែង​ជា​អ្នកគ្រប់គ្រង​ជាន់ខ្ពស់ ហើយ​ដំណើរការ​បែបនេះ​នឹង​បន្តទៅ​មុខជា​លំដាប់​។​
 
​ទោះបីជា​ស្ត្រី​នាពេល​ជាច្រើន​ឆ្នាំ​ចុង​ក្រោយនេះ​ទទួលបាន​ការលើកកម្ពស់​សិទ្ធិ​យ៉ាង​ច្រើនក្តី ប៉ុន្តែ​ពួកគេ​នៅតែ​ប្រឈមមុខ​នឹង​ឧបសគ្គ​ដ៏​ធំ​ក្នុងការ​ចូលរួម​និង​អនុវត្ត​អំណាច​។ យោងតាម​របាយការណ៍​របស់​ធនាគារពិភពលោក ប្រទេស​ត្រឹមតែ ៦ ប៉ុណ្ណោះ​ផ្តល់​សិទ្ធិ​ស្របច្បាប់​ស្មើគ្នា​ពេញលេញ​រវាង​ស្ត្រី​និង​បុរស ក្នុង​ផ្នែក​សំខាន់ៗ​ដែល​ជះឥទ្ធិពល​លើ​ការងារ​របស់​ពួកគេ​។ 
 
​ទាក់ទិន​នឹង​របាយការណ៍​នេះដែរ លោក​អគ្គលេខាធិការ Guterres លើកឡើងថា ប្រសិនបើ​និន្នាការ​នាពេល​បច្ចុប្បន្ននេះ​នៅតែ​បន្ត​នោះ ពិភពលោក​ត្រូវការ​ពេល​យ៉ាងហោចណាស់​ដល់​ទៅ​១៧០​ឆ្នាំ​ទៀត ទើប​អាច​បិទ​បញ្ចប់​គម្លាត​យេនឌ័រ​ផ្នែក​សេដ្ឋកិច្ច​នេះ​បាន​។ ត្រង់ចំណុច​នេះ​លោក​អំពាវនាវ​ឲ្យ​មាន​កិច្ចខិតខំ​ប្រឹងប្រែង​ទ្វេដង​ទៀត​ដើម្បី​ការពារ​និង​លើកស្ទួយ​សិទ្ធិ​របស់​ស្ត្រី​។ 
 
​ទ​ន្ទឺ​ម​នឹង​គ្នា​នេះ លោក Guterres ផ្តល់យោបល់​ថា ការ​មាន​ស្ត្រី​ជា​អ្នកសម្រេចចិត្ត​ក្នុង​វិស័យ​សំខាន់ៗ​មួយចំនួន ដូចជា ការរៀបចំ​ទីក្រុង​, ដឹកជញ្ជូន និង​សេវាកម្ម​សាធារណៈ អាច​ផ្តល់​ផលប្រយោជន៍​ជាច្រើន​រួមមាន បង្កើន​សិទ្ធិ​ចូលរួម​របស់​ស្ត្រី​, ការពារ​ពី​អំពើហិង្សា និង​រំលោភបំពាន​ផ្សេងៗ និង​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ម​នុស្ស​គ្រប់គ្នា​ផងដែរ​។ 
 
​បច្ចេកវិទ្យា​និង​ការឆ្នៃប្រឌិត​ថ្មី​គឺ​ឆ្លុះបញ្ចាំង​មនុស្ស​ដែល​បង្កើត​វា​។ ភាពខ្វះខាត​នៃ​ការចូលរួមចំណែក​រប​ស់​ស្ត្រី​ក្នុង​ផ្នែក​វិទ្យាសាស្ត្រ​, បច្ចេកវិទ្យា​, វិស្វករ​, គណិតវិទ្យា និង​ការ​រចនា គួរតែ​ក្តី​ព្រួយបារម្ភ​សម្រាប់​មនុស្ស​រាល់គ្នា​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក Guterres ។​
 
​សូមបញ្ជាក់ថា មូលបទ​របស់​ទិវា​សិទ្ធិនារី​អន្តរជាតិ​ប្រចាំឆ្នាំ​២០១៩​នេះ គឺ «​គិត​ដោយ​ស្មើគ្នា​, កសាង​ដោយ​ឆ្លាត​វៃ​, ន​វា​នុ​វត្ត​ដើម្បី​ការផ្លាស់ប្តូរ​»៕
 

Tag:
 អគ្គលេខាធិការ UN
  សិទ្ធិ​ស្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com