ជាតិ
សង្គមជាតិ
អាជ្ញាធរ រារាំងការដាក់ញត្តិរបស់ក្រុមស្ត្រី ក្នុងថ្ងៃសិទ្ធិនារី រូបពីអង្គការ CCFC
× ក្រុមអាជ្ញាធរ បានរារាំងក្រុមស្ត្រីដែលមានគោលបំណងដើរដង្ហែក្បូន ដើម្បីដាក់ញត្តិទៅរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ក្នុងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩នេះ។
ក្រុមសហជីព សមាគម និង អង្គការសង្គមស៊ីវិលប្រមាណ៥០០នាក់ បានជួបជុំគ្នានៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីប្រារព្វទិវាសិទ្ធិនារីអន្តរជាតិលើកទី១០៨ ក្រោមប្រធានបទ «រួមគ្នាបញ្ឈប់អំពើហិង្សាលើស្ត្រីគ្រប់រូបភាព»។ ពួកគេក៏គ្រោងដង្ហែក្បួនពីពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីដាក់ញត្តិ ទៅទីស្ដីការគណៈរដ្ឋមន្ត្រី ប៉ុន្តែត្រូវបានអាជ្ញាធររាវាំងពួកគេមិនឲ្យចេញមកក្រៅរបងកីឡដ្ឋានទេ។
លោកស្រី អ៊ូ ទេពផល្លីន នាយិការប្រត្តិបត្តិសហព័ន្ធសហជីពចំណីអាហារនិងសេវាកម្មកម្ពុជា បានប្រាប់សាព័ត៌មានថ្មីៗថា សមត្ថកិច្ច និងកងសន្តិសុខជាច្រើននាក់បានបិទទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមិនអនុញ្ញាតឲ្យពួកអ្នកស្រីយកញត្តិទៅដាក់ទៅទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីស្នើសុំឲ្យរដ្ឋាភិបាលយកចិត្តទុកបន្ថែមទៅលើយន្តការពារសិទ្ធិស្ត្រីបន្ថែមទៀតដូចជា បញ្ឈប់ការបៀតបៀន ហិង្សាក្នុងគ្រួសារ និងហិង្សាផ្លូវភេទលើស្ត្រីនៅកន្លែងការងារ និងកម្មករក្នុងវិស័យកាត់ដេរ។
អ្នកស្រី ឲ្យដឹងថា មន្ត្រីខាងសាលារាជធានីភ្នំពេញ បានមកទទួលញត្តិ ហើយប្រាប់ថា នឹងឆ្លើយតបនៅសប្តាហ៍ក្រោយ។ ក្នុងហេតុការណ៍ខាងលើ មិនបានបង្កឲ្យមានអំពើហិង្សានោះទេ។
អ្នកស្រី បាននិយាយថា៖«ការជួបជុំ និងដើរក្បួនរបស់យើងគឺចង់បង្ហាញពីអហិង្សា។ បើមានភាគីណាមួយបង្កហិង្សាក៏យើងមិនតបតដែរ។ ការដាក់ញ្ញត្តិមិនបានសម្រេចទេ ប៉ុន្តែខាងសាលារាជធានី មកទទួលជំនួស»។
ប្រជាពលរដ្ឋប្រមាណ១ពាន់នាក់ បានជួបជុំគ្នានៅរាជធានីភ្នំពេញ និងខេត្តចំនួន៥ ដើម្បីប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ។ អាជ្ញាធរ ក៏បានព្យាយាមបដិសេធមិនឲ្យមានការរៀបចំព្រឹត្តិការណ៍នេះ នៅខេត្តកំពង់ស្ពឺ និងខេត្តត្បូងឃ្មុំផងដែរ ប៉ុន្តែអ្នកទាំងនោះនៅតែអាចរៀបចំការប្រារព្ធទិវានេះបានដោយមិនមានបញ្ហាអ្វីធ្ងន់ធ្ងរឡើយ។ ការរៀបចំទិវាសិទ្ធិនារីអន្តរជាតិជាច្រើននៅតាមរាជធានីនិងខេត្តមួយចំនួន ត្រូវបានដាក់ពង្រាយដោយកងកម្លាំងសន្តិសុខ។ នេះបើយើងតាមរបាយការណ៍របស់អង្គការលីកាដូ៕
Tag:
សិទ្ធិនារី
អាជ្ញាធរ
© រក្សាសិទ្ធិដោយ thmeythmey.com