ជាតិ
សេដ្ឋកិច្ច
កម្ពុជា នាំចូល​អំបិល​៣​ម៉ឺន​តោន ពី​ប្រទេស​ចិន និង​ថៃ ក្នុង​ឆ្នាំ​២០១៨
09, Mar 2019 , 1:59 pm        
រូបភាព
ស្រែអំបិលនាពេលកំពុងប្រមូលផល ក្នុងឆ្នាំ២០១៦ (រូបពីលោក ប៊ុន បារាំង)
ស្រែអំបិលនាពេលកំពុងប្រមូលផល ក្នុងឆ្នាំ២០១៦ (រូបពីលោក ប៊ុន បារាំង)
​ភ្នំពេញ​៖ កម្ពុជា​បាន​នាំចូល​អំបិល​៣​ម៉ឺន​តោន ពី​ប្រទេស​ចិន និង​ថៃ ក្នុង​ឆ្នាំ​២០១៨ ដើម្បី​បង្គ្រប់​តម្រូវការ​ក្នុងស្រុក ដែលមាន​ការផលិត​ធ្លាក់ចុះ​ដោយសារ​អាកាសធាតុ​មិន​អំណោយផល​។​នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួង​ឧស្សាហកម្ម​។​

 
​កត្តា​អាកាសធាតុ​មិនល្អ បានធ្វើ​ឲ្យ​ការផលិត​អំបិល​ក្នុង​ឆ្នាំ​២០១៨ ពុំបាន​ផល​ល្អ ដែល​មិនអាច​ធានា​ការផ្គត់ផ្គង់​ក្នុងស្រុក​បាន​គ្រប់គ្រាន់ ដូច្នេះ​ក្រសួង​បាន​គាំទ្រ​ឲ្យ​មានការ​នាំចូល​អំបិល​៣​ម៉ឺន​តោន ពី​ប្រទេស​ចិន និង​ថៃ​។ នេះ​បើតាម​របាយការណ៍​ឆ្នាំ​២០១៩​របស់​ឧស្សាហកម្ម និង​សិប្បកម្ម​។ យ៉ាងណា ក្រសួង​មិនបាន​បង្ហាញ​តួលេខ​នៃ​ការផលិត​អំបិល​នៅក្នុង​ស្រុក ក្នុង​ឆ្នាំ​២០១៨​នោះទេ​។ 
 
​លោក ប៊ុន បារាំង ប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល បានស្នើ​ដល់​ភាគី​ពាក់ព័ន្ធ ពិសេស​ក្រសួង​ឧស្សាហកម្ម ឲ្យ​រក​វិធី​ទប់ស្កាត់​ការ​នាំចូល​អំបិល​ក្រៅ​ប្រព័ន្ធ​ពី​ឈ្មួញ​ផ្សេងៗ ដែល​ធ្វើឱ្យ​អំបិល​ក្នុងស្រុក​ធា្ល​ក់​ថ្លៃ និង​សូមឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​គាំទ្រ និង​ប្រើប្រាស់​អំបិល​ដែលផលិត​ចេញ​ធម្មជាតិ​ពិតៗ នៅក្នុង​ទឹកដី​ខេត្តកំពត​និង​កែប​វិញ ដើម្បីឱ្យ​តម្លៃ និង​លើកទឹកចិត្ត​ដល់​អ្នក​ផលិត​។ 
 
 
​ប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​រូបនេះ ធ្លាប់​ប្រាប់​សារព័ត៌មាន​ThmeyThmey កាលពីពេល​ថ្មីៗ​ថា មាន​ករណី​លក់​ដីស្រែ​អំបិល​របស់​ប្រជាជន​កសិករ​អ្នកធ្វើ​អំបិល កំពុង​កើតឡើង នៅ​សង្កាត់​កោះ​ត្រើយ ក្នុង​ខេត្តកំពត​។ លោក អះអាងថា កត្តា​ដែល​ធ្វើឱ្យ​អ្នក   ផលិត​អំបិល​មួយចំនួន​សម្រេច​លក់​ដី​ស្រែអំបិល​របស់ខ្លួន បណ្តា​មកពី​តម្លៃ​អំបិល​ធ្លាក់ចុះ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ពិសេស​គ្មាន​កម្លាំង​ពលកម្ម និង​ដើមទុន​ក្នុង​ការផលិត និង​តម្លៃ​ដី​ឡើងថ្លៃ​។​
 
​កម្ពុ​ជាមាន​ផ្ទៃដី​ស្រែអំបិល​សរុប​ចំនួន​ជាង​៥​ពាន់​ហិកតា ដែល​បានផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​៥​ពាន់​នាក់ និង​ផ្តល់​ចំណូល​ប្រចាំឆ្នាំ​ប្រមាណ​ជិត​៩​លាន​ដុល្លារ​។ 
 
​សូម​រម្លឹកថា កម្ពុជា មាន​តម្រូវការ​អំបិល​ប្រើប្រាស់​ជាប្រចាំ​ប្រមាណ​១០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំៗ​។ កាលពី​ឆ្នាំ ២០១៧ កម្ពុជា ផលិត​បាន​អំបិល​ជាង​១,៤​សែន​តោន​៕  
 

Tag:
 អំបិល​
 ​ប៊ុន បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com