អន្តរជាតិ
អ្នកក្រុង​ហុងកុង រក​មធ្យោបាយ​ដោះស្រាយ​ការកើនឡើង​នូវ​ទេសចរណ៍​ចិនដីគោក​
09, Mar 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​ហុងកុង ៖ នៅពេល​ថ្មីៗ​នេះ អ្នកទិញ​ទំនិញ​រាប់ពាន់នាក់​បាន​ពពាក់​ពពូន​គ្នា​នៅលើ​ផ្លូវ​ដើរ​ក្នុង​ហាង​លក់ដូរ​ទំនិញ​តូចៗ​និង​ហាង​លក់ដូរ​នៃ​មជ្ឈមណ្ឌល​លក់ដូរ​ទំនិញ Citygate Outlates នៅ​ក្រុង Tung Chung ដែលជា​ក្រុង​អភិវឌ្ឍន៍​ថ្មី​របស់​ក្រុង​ហុងកុង​។​

 
​ទេសចរណ៍​អាច​ជិះរទេះ​ភ្លើង​តែមួយ​ភ្លែត​ពី​ចំណត​អាកាសយានដ្ឋាន​។ ទេសចរណ៍​ខ្លះ បាន​មកដល់​កាលពីពេល​ថ្មីៗ​នេះ​តាម​យន្តហោះ​ដោយ​រុញ​វ៉ា​លី​មាន​កង់​រុញ​ដែល​ភ្ជាប់​ដោយ​ស្លាក​ឈ្មោះ​ចងភ្ជាប់​។ ប៉ុន្តែ ទេសចរណ៍​រាប់ពាន់នាក់​ទៀត​បានមក​រយៈពេល​ខ្លី​តាម​រថយន្តក្រុង​តាម​ស្ពាន​ដ៏​ធំ​មួយ​ដែល​ទើប​បើក​ថ្មី​មាន​ប្រវែង​ជាង ៥៤​គីឡូម៉ែត្រ​ដែល​ភ្ជាប់​ក្រុង Tung Chung ជាមួយ​ក្រុង​ម៉ា​កាវ ដែលជា​ទីក្រុង​ពាក់កណ្តាល​ស្វយ័ត​របស់​ចិន និង​ទីក្រុង Zhuhai នៅ​ចិនដីគោក​។​
 
​ទេសចរណ៍​ជាច្រើន​ដែល​ធ្វើដំណើរ​តាម​ស្ពាន បានមក​ដល់​ជា​ក្រុម​ធំៗ​ដោយមាន​ការជួយ​រប​ស់​ពួក​អ្នក​ចា​ត​ចែង​ទេសចរណ៍ ដូចជា​អ្នកស្រី Akira Liu មកពី​ទីក្រុង Foshan ក្នុង​តំបន់​ភាគខាងត្បូង​ប្រទេស​ចិន ដែល​បានធ្វើ​ដំណើរ​ជា​ក្រុម​មាន​គ្នា​៣០​នាក់​ឆ្លងកាត់​ស្ពាន​នេះ​ទៅកាន់​ក្រុង Tung Chung ក្នុង​មួយថ្ងៃៗ​។​
 
​លោកស្រី​និយាយថា​៖ «​ទេសចរណ៍​ជាច្រើន គ្រាន់តែ​ចង់​ឆ្លងកាត់​ស្ពាន​ហើយ​មើល​ស្ពាន​នេះ ពី​ព្រោះតែ​ក្រុម​របស់​យើង​មាន​មនុស្ស​ភាគច្រើន​ជា​ចាស់ៗ​»​។​
 
​ខណៈដែល​មជ្ឈមណ្ឌល​ហាង​លក់ដូរ​ទំនិញ Citygate Outlets មាន​ប្រជាប្រិយ​ភាពជា​យូរយា​ណាស់​មកហើយ​ជាមួយ​ពួក​ទេសចរ មជ្ឈមណ្ឌល​លក់ដូរ​ទំនិញ​និង​តំបន់​នានា​នៅ​ជុំវិញ​ក្រុង Tung Chung បាន​ក្លាយជា​បញ្ហានយោបាយ​នៅពេល​ថ្មីៗ​បំផុត​នៅក្នុង​ទីក្រុង​ហុងកុង​កាលពី​ចុង​ឆ្នាំទៅ​នៅពេលដែល​ចំនួន​ទេសចរ​បាន​កើនឡើង​យ៉ាងខ្លាំង​បន្ទាប់ពី​ការបើក​ស្ពាន​នោះ​។ មនុស្ស​ជាង​១​លាន​នាក់ បាន​ឆ្លងកាត់​ស្ពាន​នោះ​គ្រាន់តែ​ក្នុង​វិច្ឆិកា ប៉ុណ្ណោះ នេះ​តាម​ទិន្ន័យ​ពី​ក្រសួង​ជំរឿន​ពលរដ្ឋ​និង​ស្ថិតិ​។ ក៏ប៉ុន្តែ ចំនួន​នោះបាន​ធ្លាក់​មក​នៅ​ប្រហែល​៧​សែន​៤​ម៉ឺន​នាក់​កាលពី​ខែ​មុន​។​
 
​រដ្ឋាភិបាល​ស្វាគមន៍​ការមកដល់​របស់​ទេស​ចរ​ថ្មីៗ​ទាំងនោះ​ដោយ​ការ​បើកដៃ​ទទួល ក៏ប៉ុន្តែ សម្រាប់​ពួក​អ្នកស្រុក​ជាច្រើន ទីក្រុង​នេះ​ហាក់ដូចជា​ទទួលរង​គ្រោះ​មកពី​បណ្តាសា​ដូចជា​កន្លែង​ទេសចរណ៍​សាកលលោក​ដូចជា​ក្រុង Edinburgh និង Venice ថា ទេសចរណ៍​ច្រើនពេក​នៅក្នុង​ទីក្រុង​នោះ​។​
 
​នៅ​ទីកន្លែង​នានា​ដូចជា​ក្រុង Tung Chung តំបន់​ប្លុក​អាគារ Apartment ធំៗ​ដែល​កាលពី​ពេលមុន​មានតម្លៃ​ដោយសារ​ភាពស្ងប់ស្ងាត់រ​បស់​ខ្លួន​នោះ ពួក​អ្នកស្រុក​ជាច្រើន​មិនបាន​ប្រុងប្រៀប​រៀបចំ​ការហូរចូល​ថ្មី ដោយ​ទេសចរ​មាន​ចំនួន​យ៉ាងច្រើន​នៅ​ទីកន្លែង​មាន​ប្រជាប្រិយភាព​សម្រាប់​ពួក​អ្នកស្រុក​ដូចជា ឱសថស្ថាន​និង​ភោជនីយដ្ឋាន​បន្ថែម​និង​មជ្ឈមណ្ឌល​លក់ដូរ​ទំនិញ​ធំៗ​។​
 
​លោក Louis Poon មន្ត្រី​សហគមន៍​ដែល​បាន​បង្កើត​ក្រុម​នយោបាយ​មួយ​មាន​ឈ្មោះថា Roundtable បាន​និយាយ​តាម​សារ e-mail ថា «​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នកក្រុង Tung Chung បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​។ ផលប៉ះពាល់​ទាំងនោះ​ត្រូវបាន​ញាំញី​ដោយ​មនុស្ស​ច្រើន​ហួស ការពង្រាយ​សម្រាម និង​ជួរ​មនុ​ស្សវែង​ពែ​ក​។ ឧទាហរណ៍ ហាង​លក់ដូរ​ទំនិញ​ពោរពេញ​ទៅដោយ​ហ្វូង​ទេសចរ​ដែល​អង្គុយ​នៅ​គ្រប់​ទីកន្លែង វា​មានការ ពិបាក​ដើរ​ឆ្លងកាត់​មជ្ឈមណ្ឌល​លក់ដូរ​ទំនិញ​។ តំបន់​សាធារណៈ​ភាគច្រើន ពោរពេញ​ទៅដោយ​ពួក​ទេសចរ​។​
 
​តាម​ការិយាល័យ​ទេសចរណ៍​ប្រាប់​ឲ្យ​ដឹងថា អង្គការ Roundtable មិនមែនជា​ក្រុម​តែមួយ​ដែល​បាន​និយាយ​ឥត​សំចៃ​អំពី​ហ្វូង​ទេសចរ​ច្រើនពេក​ទេ​។ បន្ទាប់ពី​ការតវ៉ា​ប្រឆាំង​និង​ការរិះគន់​សាធារណៈ​មួយចំនួន​នៅ​ក្រុង Tung Chung រដ្ឋាភិបាល​ខេត្ត​កង​ទុង និង​ទីក្រុង​ហុងកុង បាន​សន្យា​បង្ក្រាប​ក្រុម​ដឹក​ទេសចរ​ខុសច្បាប់ ខណៈដែល​ហាង​លក់ដូរ​ថ្មីៗ​នឹងត្រូវ​បង្កើតឡើង​នៅលើ​កោះ​សិប្ប​និមិត្ត​មួយ​នៅ​ស្ពាន​នោះ​ដើម្បី​បំពេញតម្រូវការ​ការឆ្លង​កាត់​ព្រំដែន​នោះ​។​
 
​ក៏ប៉ុន្តែ រដ្ឋាភិបាល​មិនបាន​ចាត់វិធានការ​ដើម្បី​ទប់ស្កាត់​ទេសចរ​ដ៏​ច្រើន​ក្នុង​ទីក្រុង​ដែល​ភ្ញៀវ​ទេសចរណ៍​បាន​ឡើងដល់​៦៥​លាន​នាក់​កាលពី​ឆ្នាំទៅ​នៅក្នុង​តំបន់​មួយ​ដែលមាន​ទំហំ​ប្រហែល​ទីក្រុង​ញូយ៉ក​។ ភាគច្រើន​នៃ​ភ្ញៀវ​ទេសចរណ៍​ដែល​បានមកពី​ចិនដីគោក បាន​នាំ​ប្រាក់ចំណូល​រាប់ពាន់​លាន​ដុល្លារ ដែលមាន​ប្រហែល​៣៨​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧ ហើយ​សកម្មភាព​ដែល​ទាក់ទិន​នឹង​ទេសចរណ៍​បានផ្តល់​ការងារ​ដល់​មនុស្ស​ប្រហែល​៨​សែន​នាក់​។ នេះ​បើតាម​តួលេខ​របស់​ក្រុមប្រឹក្សាភិបាល​ទេសចរណ៍​។​
 
​ទោះជា​យ៉ាងណាក៏ដោយ ហ្វូង​ទេសចរ​ដ៏​ច្រើន​ណាន់​តាន់តាប់​បានក្លាយ​ជាការ​ត្អូញត្អែរ​មួយ​ហួស​ពី​ទីក្រុង Tung Chung ទៀត ជាពិសេស​ក្នុងអំឡុង​នៃ​ការឈប់​សម្រាក​របស់​ចិន​នៅពេលដែល​ប្រទេស​ភាគច្រើន​ទៅ​ឈប់សម្រាក​វិសមកាល​រយៈ​៣​សប្តាហ៍​ក្នុង​មួយឆ្នាំ​នោះ​។​
 
​ក្នុងអំឡុង​រដូវក្តៅ បណ្តាញ​ព័ត៌មាន​ក្នុងស្រុក ជារឿយៗ​បាន​ផ្សាយ​ពី​ការ​ប្តឹងផ្តល់​ទេសចរ​ចិន​ដែល​បាន​ហូរ​ចូល​យ៉ាងច្រើន​ទៅកាន់​កន្លែង​បោះជំរំ​នៅ​មាត់សមុទ្រ​និង​កម្មវិធី​កីឡា​ដែល​បានធ្វើ​ឲ្យ​ពួក​អ្នកស្រុក​ខឹង ដោយ​ពួកគេ​ជាច្រើន​បង់ប្រាក់​ឲ្យ​«​ក្រុមហ៊ុន​ទេសចរ Tour Groups» ដូចជា​ក្រុមហ៊ុន Ctrip នៅ​ចិនដីគោក​ដើម្បី​ឲ្យ​បាន​សិទ្ធ​ប្រើ​កន្លែង​សាធារណៈ​របស់​ក្រុង​ហុងកុង​។​
 
​មនោសញ្ចេតនា​ប្រឆាំង​ចិន បាន​កើនឡើង​នៅ​ផ្នែក​ខ្លះ​នៃ​ទីក្រុង​ហុងកុង ជាពិសេស​ក្នុងចំណោម​ក្រុមគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ចំពោះ​អ្វីដែល​ពួកគេ​មើលឃើញថា ជាការ​រំលោភ​ខាង​នយោបាយ​និង​ផ្លូវច្បាប់​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​អតីត​អ​ណា​និគម​អង់គ្លេស​ដែល​បាន​សន្យា​ផ្តល់​ស្វ័យភាព​រហូតដល់​ឆ្នាំ​២០៤៧ នៅពេលដែល​ខ្លួន​ប្រគល់​ការត្រួតត្រា​ទៅ​ឲ្យ​ចិន​។​
 
​ការ​ទោមនស្ស​ចំពោះ​ការកើនឡើង​នូវ​ទេសចរ​ចិន មិនមែន​គ្មាន​ការយកចិត្តទុកដាក់​នោះទេ​។ អ្នកស្រី Benny Xu អ្នកទិញ​ទំនិញ Citygate មកពី​ទីក្រុង​សៀង​ហៃ បាន​និយាយថា ខណៈដែល អ្នកស្រី​បានមក​ទស្សនា​ក្រុង​ហុងកុង​ជាប្រចាំ​អស់​រយៈពេល​មួយ​ទសវត្សរ៍​នោះ អ្នកស្រី បានកត់សម្គាល់​ពី​ការផ្លាស់ប្តូរ​ក្នុង​ការទទួល​រាក់ទាក់​ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លងមកនេះ ជាពិសេស​នៅពេលដែល​អ្នកស្រី​និយាយ​ភាសា​ចិន​កុក​ងឺ​ជំនួស​ភាសា​កា​តាំង​ដែលជា​ភាសា​ប្រើ​ក្នុងស្រុក​។​
 
​អ្នកស្រី​និយាយទៀតថា​៖ «​ជាង​១០​ឆ្នាំ​កន្លងមកនេះ ពួកគេ​បានទទួល​ការ​កក់ក្តៅ​យ៉ាងខ្លាំង ក៏ប៉ុន្តែ​ឥឡូវនេះ វា​នេះ​បាន​ផ្លាស់ប្តូរ​ខ្លះ​។ ឥរិយាបទ​របស់​អ្នកខ្លះ​មិនល្អ​ទាល់តែសោះ​។ ក្នុង​ហាង​លក់ដូរ​ទំនិញ​ឬ​ភោជនីយដ្ឋាន​ខ្លះ​និង​តំបន់​សាធារណៈ​ខ្លះ ពួកគេ មិន​និយាយ​ភាសា​កុក​ងឺ​ទេ​។ ពួកគេ​និយាយ​ភាសា​ចិន​កា​តាំង​ឬ​ភាសា​អង់គ្លេស​។​ប្រសិនបើ ខ្ញុំ​និយាយ​ភាសា​ចិន​កុក​ងឺ ពួកគេ​មានការ​ទ្រគោះបោះបោក​»៕

© រក្សាសិទ្ធិដោយ thmeythmey.com