ជាតិ
រដ្ឋាភិបាលជ្រើសរើសមន្ត្រីក្របខណ្ឌជិត ៦ពាន់នាក់ និងមន្ត្រី-គ្រូជាប់កិច្ចសន្យាជិត៣ម៉ឺននាក់
× ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានសម្រេចយល់ព្រមឲ្យក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងក្រោមជាតិ មន្ទីរ អង្គភាពជំនាញរាជធានីខេត្ត រៀបចំធ្វើការប្រឡងជ្រើសរើសមន្ត្រីថ្មីឲ្យចូលបម្រើការងារ និងបំពេញមុខតំណែងដែលទំនេរនៅតាមអង្គភាពរបស់ខ្លួន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី៦ខែមីនា។
សេចក្ដីជូនដំណឹងបញ្ជាក់ថា រដ្ឋាភិបាលអនុញ្ញាតឲ្យជ្រើសរើសក្របខណ្ឌថ្មីមន្ត្រីរាជការស៊ីវិលចំនួន ៥,៩៩៦ កន្លែង មន្ត្រីជាប់កិច្ចសន្យាចំនួន ១៨,២៩២ នាក់ គ្រូបង្រៀនជាប់កិច្ចសន្យាចំនួន ៧,៩៩១ នាក់ គ្រូបង្រៀនពីរថ្នាក់ពីរពេលចំនួន ១២,៨៩៧ នាក់ គ្រូបង្រៀនថ្នាក់គួប២ ចំនួន ២,៥៩៨នាក់ គ្រូបង្រៀនថ្នាក់គួប៣ ចំនួន ១២០នាក់ និងគ្រូបង្រៀនជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធចំនួន ២,៤៧២នាក់ គ្រូបង្រៀនជាប់កិច្ចសន្យាខ្មែរឥស្លាមចំនួន ១៧៨នាក់។
តាមសេចក្តីជូនដំណឹងឲ្យដឹងថា វិធានការនៃការជ្រើសរើសត្រូវមានការប្រឡងប្រជែងក្នុងចំណោមសិស្ស និស្សិត និងមន្ត្រីរាជការស៊ីវិល ក្នុងពេលតែមួយ និងត្រូវប្រកាសលទ្ធផលប្រឡងជាប់ស្ថាពរយ៉ាងយូរត្រឹមខែកញ្ញា ឆ្នាំ២០១៩ ព្រមទាំងរៀបចំបើកប្រាក់ខែដល់បេក្ខជនប្រឡងជាប់រយៈពេល១ខែក្រោយទទួលស្គាល់លទ្ធផលពីក្រសួងមុខងារសាធារណណៈ។ ប៉ុន្តែចំពោះការជ្រើសរើសក្របខណ្ឌរបស់ក្រសួងអប់រំ និងក្រសួងសុខាភិបាលត្រូវបានកំណត់គោលការណ៍ដោយឡែករបស់ក្រសួងមុខងារសាធារណៈ។ ចំពោះបេក្ខជនពិការ និងស្ត្រីត្រូវបានលើកទឹកចិត្ត។ ក្រសួង ស្ថាប័ន ត្រូវយកចិត្តទុកដាក់ដល់បេក្ខភាពជាជនពិការដែលមានសមត្ថភាពសមស្រប ២ភាគរយ និងបេក្ខនារីជាប់ជាស្ថាពរចំនួន ២០ភាគរយ ទៅ ៥០ ភាគរយ នៃក្របខណ្ឌដែលទទួលបានប្រចាំឆ្នាំ៕
Tag:
មន្ត្រីរាជការ
ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com