ជាតិ
សហគមន៍​កសិករ​ខេត្តកំពង់ស្ពឺ ជាប់​ជ័យលាភី​លេខ​១ នៅ​ឆ្នាំ​២០១៩
09, Mar 2019 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ សហគមន៍​កសិករ​ខេត្តកំពង់ស្ពឺ ជាប់​ជ័យលាភី​លេខ​១ ក្នុងការ​ប្រកួតប្រជែង​សហគមន៍​កសិករ​ឆ្នើម​ប្រចាំឆ្នាំ​២០១៩ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​កម្មវិធី​ប្រកួតប្រជែង​លើក​ទី​៤ នេះ មានការ​ចូលរួម​ពី​សហគមន៍​កសិករ​ចំនួន ២៥​សហគមន៍ មកពី​២៤ រាជធានី​-​ខេត្ត​។​

 
​ក្រោយ​ឆ្លងកាត់​ការវាយតម្លៃ​លើ​សហគម​ន៍​កសិករ​ទាំង ២៥​នេះ ក្រសួងកសិកម្ម បាន​រកឃើញថា សហគមន៍​កសិកម្ម​បន្លែ​ចម្រុះ​ជាយក្រុង​ខេត្តកំពង់ស្ពឺ​មាន​ស្នាដៃ​ល្អ​ជាងគេ សម្រាប់​ជ័យលាភី​លេខ​១ ដោយ​ទទួលបាន​ប័ណ្ណសរសើរ គោយន្ត​២​គ្រឿង ម៉ាស៊ីនបូមទឹក ១០​គ្រឿង និង​ថវិកា ១០ លាន​រៀល​។ ចំណែក​សហគមន៍​បឹង​លាជ​សំបូរ​ផល​ខេត្តកំពង់ឆ្នាំង ជាប់​ចំណាត់ថ្នាក់​លេខ​២ ដោយ​ទទួលបាន​ប័ណ្ណសរសើរ គោយន្ត ២​គ្រឿង ម៉ាស៊ីនបូមទឹក ៦​គ្រឿង និង​ថវិកា ៤​លាន​រៀល​។ រីឯ​សហគមន៍​កសិកម្ម​លំពង់​មានជ័យ​ខេត្តតាកែវ​ទទួលបាន​លេខ​៣ អម​ជាមួយ​ប័ណ្ណសរសើរ គោយន្ត ១​គ្រឿង ម៉ាស៊ីនបូមទឹក ៤​គ្រឿង និង​ថវិកា ៣​លាន​រៀល​។​
 
​ដោយឡែក​ជ័យលាភី​លេខ​៤ បាន​ទៅ​សហគមន៍​កសិកម្ម​ព្រែក​ដាច់​មានជ័យ ទទួលបាន​ប័ណ្ណសរសើរ គោយន្ត ១​គ្រឿង ម៉ាស៊ីនបូមទឹក ៤​គ្រឿង និង​ថវិកា ២​លាន​រៀល និង​លេខ​៥ បាន​ទៅ​សហគមន៍​កសិកម្ម​អភិវឌ្ឍន៍​ស្រុក​យើង ទទួលបាន​ប័ណ្ណសរសើរ គោយន្ត ១​គ្រឿង ម៉ាស៊ីនបូមទឹក ៤​គ្រឿង និង​ថវិកា ១​លាន​រៀល​។ នេះ​បើតាម​ក្រសួងកសិកម្ម​។​
 
​លោក វេ​ង សាខុន រដ្ន​មន្ត្រី​ក្រសួងកសិកម្ម បាន​និយាយថា ការប្រកួត​នេះ គឺជា​ឱកាស និង​ជា​ស្ពាន​ត​ភ្ជាប់​រវាង​សហគមន៍ និង​សហគ្រាស​ខ្នាតតូច និង​មធ្យម (SME) រួមទាំង​វិស័យ​ឯកជន តាមរយៈ​ការអនុវត្ត​ផលិត​កសិកម្ម​តាម​កិច្ចសន្យា ដើម្បី​លើកកម្ពស់​ផលិតភាព​ផលិតកម្ម ,​គុណភាព ,​ការប្រើប្រាស់​បច្ចេកវិទ្យា​បៃតង​សមស្រប ,​ប្រព័ន្ធគ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព  និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ក្រោយពេល​ប្រមូល​ផល ។ ជាពិសេស​លើកកម្ពស់​ការសម្រួល​ពាណិជ​កម្ម និង​ការទទួលបាន​ទីផ្សារ​ក​សិ​ផល ផ្ទេរ​បច្ចេកវិទ្យា​ដល់ក​សិ​ករ សហគ្រាស​ខ្នាតតូច និង​មធ្យម​សម្រាប់​ជា​ទុន ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ខ្សែ​ច្រវាក់​ផលិតកម្ម និង​ខ្សែ​ច្រវាក់​តម្លៃ សម​ស្របតាម​ស្តង់ដារ​ទីផ្សារ​ក្នុង​តំបន់ សម្រាប់​ការប្រកួតប្រជែង និង​គោលការណ៍​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​ឌីជីថល​រូបនីយកម្ម​។​
 
​បន្ថែម​ពីនេះ​លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​និយាយថា សហគមន៍​ដែល​ទទួលបាន​ជ័យលាភី គឺ​សំដៅលើ​ការវាយតម្លៃ​ស្នាដៃ​ល្អ​ក្នុងការ​គ្រប់គ្រង និង​មានគំនិត​ច្នៃប្រឌិត​ប្រកបដោយ​ភាពម្ចាស់ការ ហើយ​ច្បាស់លាស់​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​កសិកម្ម​ថ្មី សាមញ្ញ និង​សមស្រប​ទៅតាម​ស្ថានភាព នៃ​លទ្ធភាព​ជាក់ស្តែង​។ 
 
«​សហគមន៍​កសិករ​ក៏ត្រូវ​ធ្វើការ​សិក្សា​ស្រាវជ្រាវ ដកស្រង់​បទពិសោធន៍ រួច​ចែករំលែក​ជូន​សហគមន៍​កសិកម្ម​ដទៃទៀត​ក្នុង​ឆន្ទៈ​តែមួយ គឺ​បង្កើន​និង​ពង្រឹង​សុខដុម​នីយកម្ម​ក្នុង​សហគមន៍ បង្កើន​ផលិតកម្ម​ក្នុងស្រុក ផលិត​ផលិតផល​ដែលមាន​គុណភាព សុវត្ថិភាព និង​អនាម័យ រួមគ្នា​លើកស្ទួយ​សុខភាព​សាធារណៈ បង្កើន​ចំណូល​សហគមន៍ ចំណូល​គ្រួសារ កាត់បន្ថយ​ភាពក្រីក្រ និង​កាត់បន្ថយ​ការនាំ​ចូល​»​។ នេះ​ជាការ​លើក​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​៕
 

Tag:
 កសិកម្ម​
  កំពង់ស្ពឺ​
© រក្សាសិទ្ធិដោយ thmeythmey.com