ភ្នំពេញ៖ ការទទួលបានពីការអាណិត ការគោរព ការឱ្យតម្លៃ និងការមិនប្រមាថគ្រប់រូបភាពពីសំណាក់អ្នកទទួលសេវាម៉ាស្សា ពិសេសប្រុសៗ បានជំរុញ និងលើកចិត្តដល់ក្រុមនារីពិការភ្នែកគ្រប់រូបឱ្យកាន់តែសប្បាយរីករាយក្នុងការប្រកបមុខរបរជាអ្នកម៉ាស្សា។ ក្រុមនារីម៉ាស្សាដែលជាជនពិការភ្នែកទាំងនោះ បាននិយាយថា ក្នុងរយៈពេលប្រហែល៥ឆ្នាំចុងក្រោយនេះ ពួកគេទទួលបានការគោរព និងអាណិតច្រើនពីអ្នកមកទទួលសេវាម៉ាស្សាពីកន្លែងរបស់ខ្លួន ដែលបានជំរុញ និងលើកទឹកដល់ពួកគេ ក្នុងការបន្តនូវមុខរបរនេះ។ ការគោរព និងឱ្យតម្លៃនេះ សំដៅទៅលើការប្រើប្រាស់ពាក្យសម្តី ឬទង្វើ ដែលមិនមានបំណងក្នុងការបំពានផ្លូវភេទ។
អ្នកស្រី ជ័យ សុខុន ក្នុងចំណោមអ្នកពិការភ្នែកជាច្រើន នៅក្នុងមជ្ឈមណ្ឌលម៉ាស្សាដៃទេព ដែលមានទីតាំងនៅទល់មុខប្រៃសណីយ៍កម្ពុជា បានចាប់យកជំនាញម៉ាស្សា និងបម្រើសេវានេះ អស់រយៈពេលជាង១៣ឆ្នាំមកហើយ។ ថ្វីដ្បិតពិការភ្នែកទាំងគូក៏ពិតមែន ប៉ុន្តែរូបរាង សម្រស់ និងសម្តីទន់ភ្លន់របស់អ្នកស្រី សុខុន ក៏មិនចាញ់ទៅនឹងនារីដែលមានកាយសម្បទាគ្រប់គ្រាន់មួយចំនួនផងដែរ។
ស្ត្រីពិការភ្នែកដោយសារជំងឺកញ្ជ្រឹលរូបនេះ បាននិយាយថា ក្នុងរយៈពេលដែលអ្នកស្រីបានបម្រើសេវាម៉ាស្សានេះទៅឱ្យអ្នកទទួលសេវាម៉ាស្សាកន្លងមក មានបុរសជាច្រើនបានប្រើពាក្យសម្តី និងកាយវិការមិនល្អក្នុងន័យទៅរកផ្លូវភេទ ចំពោះរូបអ្នកស្រី។ ប៉ុន្តែមិនដែលមានករណីរំលោភបំពានផ្លូវភេទណាមួយកើតឡើងឡើយ ព្រោះការម៉ាស្សានេះមិនមែនធ្វើឡើងនៅក្នុងបន្ទប់មួយបិទជិតដែលមានតែ២នាក់ រវាងអ្នកបម្រើសេវា និងអ្នកទទួលសេវាម៉ាស្សានោះទេ។ អ្នកស្រី ជ័យ សុខុន បានអះអាងថា ទង្វើលូកប៉ះ និងការប្រើប្រាស់សម្តីមិនល្អមួយចំនួនដែលប្រព្រឹត្តិដោយភ្ញៀវជាបុរស បានធ្វើឱ្យអ្នកស្រីមានអារម្មណ៍ថាមិនមានសុវត្ថិភាពលើផ្លូវកាយ-ផ្លូវចិត្ត និងមិនទទួលបានគោរពពីសំណាក់អតិជនរបស់ខ្លួន។ ការទទួលបាននូវអារម្មណ៍ទាំងនេះ បានធ្វើឱ្យអ្នកស្រី ជ័យ សុខុន មានភាពបាក់ទឹកចិត្ត និងមានបំណងចង់បោះបង់មុខរបរចោលម្តងម្កាលផងដែរ។
ស្ត្រីពិការភ្នែកវ័យ៣៣ឆ្នាំនេះរូប បានបន្តដូច្នេះ៖«ក្នុងរយៈពេល៥-៦ឆ្នាំចុងក្រោយនេះ ខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្តពីសំណាក់ភ្ញៀវរបស់ខ្ញុំ ដែលមកទទួលសេវាម៉ាស្សា។ ខ្ញុំមិនដឹងអ្វីច្រើនពីសង្គមដែលបានកើតឡើងទេ ថាសង្គមយើងបានដើរដល់ណាខ្លះ ពីព្រោះខ្ញុំពិការភ្នែក ហើយខ្ញុំក៏មិនចេះប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើបៗដូចអ្នកពិការមួយចំនួនទេ។ ប៉ុន្តែខ្ញុំដឹង និងទទួលបានថាភ្ញៀវដែលមកម៉ាស្សា មិនថាប្រុស ឬស្រីទេ ពួកគាត់តែងតែបានលើកចិត្តខ្ញុំតាមរយៈសម្តីដោយការគោរព ការឱ្យប្រាក់មួយចំនួន និងឱ្យតម្លៃខ្ញុំដែលជាជនពិការភ្នែកដែលខំប្រឹងប្រែងធ្វើការរកប្រាក់ដើម្បីចិញ្ចឹមខ្លួន តាមជំនាញវិជ្ជាជីវៈពិតប្រាកដមួយ ហើយសម្តី និងកាយវិការមិនល្អពីប្រុសៗដែលមកទទួលសេវាម៉ាស្សាក៏មិនមានទៀតដែរ»។
អ្នកស្រី បានអាពាហ៍ពិពាហ៍ជាមួយស្វាមីដែលជាជនពិការភ្នែកដូចគ្នារយៈពេលជិត៩ឆ្នាំមកហើយ ដោយមានកូនស្រីម្នាក់។ អ្នកស្រី មានបំណងបង្កើតហាងម៉ាស្សាជនពិការភ្នែកជាមួយសា្វមី នាពេលអនាគត ព្រោះស្វាមីរបស់អ្នកស្រី ក៏មានជំនាញម៉ាស្សាដែរ។
ចំណែក អ្នកស្រី សេន ធីតា ដែលជាស្ត្រីពិការភ្នែក បម្រើសេវាម៉ាស្សាដែរនោះ បាននិយាយថា អ្នកនាង មិនដែលជួបប្រទះសកម្មភាពមិនល្អពីអតិថិជនឡើយ។ អ្នកស្រី អះអាងថា អ្នកស្រី តែងទទួលបានក្តីអាណិតស្រឡាញ់ និងការលើកទឹកចិត្ត ពីអតិថិជន។ បច្ចុប្បន្ន អ្នកស្រី កំពុងបម្រើសេវាម៉ាស្សានៅក្នុងហាងម៉ាស្សាមួយកន្លែងឈ្មោះ «ម៉េង គេង ម៉ាស្សាដោយជនពិការ» នៅម្តុំផ្សារទួលទំពូង ក្នុងរាជធានីភ្នំពេញ។
ឆ្លងកាត់បទពិសោធនៃការម៉ាស្សាជិត៧ឆ្នាំ ស្ត្រីពិការភ្នែកវ័យ៥៣ឆ្នាំរូបនេះ បាននិយាយថា៖« ទោះបីជាខ្ញុំវ័យចំណាស់ក៏ពិតមែន ប៉ុន្តែខ្ញុំមិនដែលនឹកគិតក្នុងការបោះបង់ជំនាញនេះចោលឡើយ ពីព្រោះខ្ញុំសប្បាយចិត្តក្នុងធ្វើ ហើយខ្ញុំធ្វើតាមកម្លាំងដែលខ្ញុំមាន ក្នុងការរកចំណូលប្រចាំថ្ងៃ។ ក្នុងមួយថ្ងៃៗ ខ្ញុំអាចម៉ាស្សាឱ្យភ្ញៀវបានពី៤ទៅ៦ម៉ោង អាស្រ័យលើសុខភាពយើង ល្អ ឬមិនល្អ និងរកចំណូលបានជាមធ្យម២០០ដុល្លារក្នុងមួយខែ ដោយគិតស៊ីភាគរយពីម្ចាស់ហាង»។
ស្ត្រីពិការភ្នែកតាំងពីអាយុ៧ឆ្នាំដោយសារតែជំងឺកញ្ជ្រឹលរូបនេះ បានបន្ថែមថា អតិថិជនដែលមកទទួលសេវាម៉ាស្សា តែងលើកទឹកចិត្តដល់ស្ត្រីជាអ្នកម៉ាស្សា។ ពេលខ្លះក៏ទទួលបានថវិកាគាំទ្រតិច ឬច្រើនដោយក្តីអាណិតពីភ្ញៀវដែលមកម៉ាស្សាផងដែរ។
រីឯ អ្នកស្រី តាក់ ន្និការ ស្ត្រីពិការភ្នែកវ័យជាង៤០ឆ្នាំ ដែលជាអ្នកម៉ាស្សា និងជាម្ចាស់មជ្ឈមណ្ឌលម៉ាស្សាដៃទេពមួយន្លែង នៅម្តុំស្តុបបូកគោ ក្នុងខណ្ឌចំការមន ក៏បានលើកឡើងមិនខុសគ្នាប៉ុន្មានពីនារីពិការភ្នែកទាំងពីររូបខាងលើដែរ។ អ្នកស្រី និយាយថា៖«ចាប់ពីពេលខ្ញុំមានអាយុ៣៤-៣៥ឆ្នាំមក ខ្ញុំមិនដែលទទួលបានសម្តី និងទង្វើមិនល្អពីអ្នកមកសេវាម៉ាស្សាទេ។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមិនដែលមានទេ»។
អ្នកស្រី តាក់ ន្និការ ដែលពិការភ្នែកតាំងពីអាយុមួយឆ្នាំ បានបន្តថា ពេលមុនៗភ្ញៀវដែលមកទទួលសេវាម៉ាស្សា តែងតែមានបំណងមិនល្អចំពោះអ្នកស្រី មិនត្រឹមតែសម្តីទេ គឺមានទាំងទង្វើទៀត។ ហើយពេលខ្លះហត់ និងខ្លាចសកម្មភាពទាំងអស់នេះពីភ្ញៀវ អ្នកស្រី មានបំណង់ចង់ឈប់ធ្វើការងារនេះម្តងម្កាលដែរ។ ប៉ុន្តែដោយសារតែមានឆន្ទៈ និងចង់បង្កើតហាងម៉ាស្សាមួយប្រកដដោយជំនាញ និងដើម្បីជួយអ្នកពិការភ្នែកដូចគ្នាឱ្យមានការងារធ្វើរកចំណូលបានដោយខ្លួនឯង ក៏នៅបន្តធ្វើ ដោយប្រកាន់យកជំហរមួយច្បាស់លាស់ និងត្រឹមត្រូវក្នុងជីវិត។
ស្ត្រីពិការភ្នែក ដែលមានបទពិសោធម៉ាស្សាអស់រយៈពេលជិត២៥ឆ្នាំរូបនេះ បាននិយាយដូច្នេះ៖«កន្លែងម៉ាស្សាជនពិការនីមួយៗ គឺប្រើជំនាញដែលខ្លួនទទួលបានពីការបណ្តុះបណ្តាលរបស់អង្គការនីមួយៗត្រឹមត្រូវ សម្រាប់ផ្តល់ជូនភ្ញៀវដែលត្រូវការនូវសេវានេះ ប៉ុន្តែពួកខ្ញុំក៏ត្រូវការវិញនូវសេចក្តីគោរព និងការឱ្យតម្លៃ ពីភ្ញៀវផងដែរ។ ដ្បិតថា បុរសៗដែលមកទទួលសេវាម៉ាស្សា មិនហ៊ានធ្វើអ្វីយើងក៏ពិតមែន បើយើងមិនព្រម។ ប៉ុន្តែខ្ញុំ ក៏ដូចអ្នកពិការភ្នែកឯទៀត ដែលប្រកបរបរម៉ាស្សា គឺមិនចង់ឱ្យអតិថិជនរបស់ខ្លួនបានបំណង និងគំនិតប្រមាថបែបនេះទេ ព្រោះជារូបភាពមួយដែលបានបង្ហាញមិនល្អ និងមិនឱ្យតម្លៃពួកខ្ញុំដែលជាជនពិការភ្នែក ខំប្រឹងប្រែងធ្វើការដើម្បីរកប្រាក់ទាំងលំបាក ដោយភាពត្រឹមត្រូវមួយ ក្នុងសង្គម»។
អ្នកស្រី តាក់ ន្និការ ជាជនពិការភ្នែកម្នាក់ ដែលធ្វើការនិងមានជំនាញម៉ាស្សា ហើយមានភាពរួសរាយ ចំណេះដឹងទូលាយ អាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អ និងអាចប្រើប្រាស់កម្មវិធីទំនើបៗ ក្នុងទូរសព្ទដៃបានទៀតផង ដូចការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម ដែលមានកម្មវីធី Facebook, Wechat, Line និង Telegram ជាដើម។
នារីពិការភ្នែកបម្រើសេវាម៉ាស្សាទាំងនេះ យល់ឃើញថា សម្តី និងទង្វើរបស់អ្នកមកទទួលសេវាម៉ាស្សា មានការថយចុះច្រើនក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ អាចបណ្តាលមកពីអ្នកទាំងនោះយល់ច្រើនពីក្រុមអ្នកម៉ាស្សាដែលជាជនពិការ ពិសេសយល់ពីតម្លៃការងារអ្នកពិការ ដោយបង្កើត និងសេវាមួយច្បាស់លាស់ និងពិតប្រាកដមួយ ទៅឱ្យអតិថិជនរបស់ខ្លួន៕