កីឡាជាតិ
ជាតិ
ក្រសួងអប់រំ ច្រានចោលការចោទថា កិបកេងថវិកា១០០លានរៀលពីកីឡាករ សំបូរ សុភណ្ឌ លោក អ៊ុក សុជាតិ (ខាងឆ្វេង)និងកីឡាករ សំបូរ សុភណ្ឌ ពេលឈ្នះមេដាយមាសពិភពលោកនៅថៃកាលពីពេលកន្លងទៅ
× ក្រសួងអប់រំ យុវជន និងកីឡា ចេញមុខច្រានចោលព័ត៌មានពាក់ព័ន្ធការចោទប្រកាន់ថា ក្រសួងបានកិបកេងប្រាក់រង្វាន់លើកទឹកចិត្ត១០០លានរៀលពីកីឡាករកាយវប្បកម្ម សំបូរ សុភណ្ឌ ដែលបានឈ្នះមេដាយមាសពិភពលោកនៅប្រទេសថៃ កាលពីពេលកន្លងទៅ។ ក្រសួងបានចាត់ទុកព័ត៌មានចោទប្រកាន់នេះថា ជាព័ត៌មានមិនពិត ដែលកើតឡើងពីភាន់ច្រឡំរបស់កីឡាករ។
លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំយុវជននិងកីឡាបានបដិសេធថា ក្រសួងមិនបានកិបកេងថវិកា១០០លានរៀលពីកីឡាករដូចការចោទប្រកាន់នោះឡើយ។ ហើយលោកបានទាក់ទុកការចោទប្រកាន់នេះថា វាជារឿងមិនពិតដែលកើតចេញពីការភាន់ច្រឡំរបស់កីឡាករ។
ជាមួយការច្រានចោលព័ត៌មានចោទប្រកាន់ខាងលើ លោក អ៊ុក សិទ្ធិជាតិ បានបកស្រាយបន្ថែមថា៖«យើងឃើញតាមព័ត៌មានមួយចំនួនថា យើងបានស្នើសុំ១២០លានរៀល ហើយយើងឲ្យកីឡាករ សំបូរ សុភណ្ឌ តែ២០លានរៀល ដោយក្រសួងទុក១០០លានរៀល តែតាមពិតមិនដូច្នេះទេ។ សូមបញ្ជាក់ថា ការធ្វើផ្តល់ថវិកាលើកទឹកចិត្តនេះ គឺស្ថិតលើគោលការណ៍ច្បាប់ទម្លាប់ មិនមែនស្ថិតលើយើងថា ប៉ុណ្ណាឲ្យប៉ុណ្ណឹងនោះទេ»។
ការបកស្រាយនេះ ធ្វើឡើងក្រោយកីឡាករកាយវប្បកម្ម សំបូរ សុភណ្ឌ ម្ចាស់មេដាយមាសពិភពលោកនៅថៃ កាលពីពេលកន្លងទៅ ចោទប្រកាន់ថា ក្រសួងផ្តល់ថវិកាលើកទឹកចិត្តដល់រូបគេមិនគ្រប់គ្រាន់។ សុភណ្ឌ ដែលរំពឹងទទួលបានថវិកាលើកទឹកចិត្ត១២០លានរៀលដូចបងប្រុសខ្លួនកីឡាករ សំបូរ ណាន ទទួលបានតែ២០លានរៀលតែប៉ុណ្ណោះ។ កត្តានេះហើយ ដែលធ្វើឲ្យរូបគេកើតទុកមិនសុខចិត្ត ស្នើសុំការអន្តរាគមន៍ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។
ពាក់ព័ន្ធបញ្ហានេះ លោក អ៊ុក សិទ្ធិជាតិ បានបកស្រាយដោយយោងតាមប្រកាសអន្តរក្រសួងស្តីពីគោលការណ៍សម្រាប់ប្រមូលផ្តុំហ្វឹកហាត់ក្រុមជម្រើសជាតិ និងការប្រកួតលក្ខណៈអន្តរជាតិផ្លូវការប្រចាំឆ្នាំ ដែលចេញផ្សាយកាលពីថ្ងៃទី៧ កក្កដា ឆ្នាំ២០១៥ ថា ម្ចាស់មេដាយមាសប្រចាំការប្រកួតជើងឯកពិភពលោក(World Championship)ទទួលបានថវិកាលើកទឹកចិត្ត២០លានរៀល, ប្រាក់១៦លានរៀល និងសំរឹទ្ធ១៣លានរៀល។
ប៉ុន្តែបើសិនក្រសួងអប់រំយុវជន និងកីឡារួមជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងស្ថាប័នពាក់ព័ន្ធដាក់សំណើរពិសេសទៅកាន់រាជរដ្ឋាភិបាល ហើយរាជរដ្ឋាភិបាលចេញអនុក្រឹត្យ«ស្តីពីការផ្តល់ប្រាក់រង្វាន់ចំពោះជ័យលាភី និងប្រាក់ឧបត្ថម្ភចំពោះគ្រូបង្វឹកក្នុងការប្រកួតកីឡាជាលក្ខណៈអន្តរជាតិ» នោះមេដាយជើងឯកពិភពលោក នឹងមានតម្លៃស្មើមេដាយកីឡាអូឡាំពិក។ ក្នុងនោះមេដាយមាសទទួលបាន១២០លានរៀល, មេដាយប្រាក់៨០លានរៀល និងសំរឹទ្ធ៦៤លានរៀល។
ដូចករណីកីឡាករ សំបូរ សុភណ្ឌ ប្រសិនបើទទួលបានអនុក្រឹត្យពីរាជរដ្ឋាភិបាល ក្រោយការស្នើសុំរបស់ក្រសួងពាក់ព័ន្ធ រូបគេនឹងទទួលបាន១២០លានរៀល។ ប៉ុន្តែបើក្រសួងអប់រំយុវជននិងកីឡារួមជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមិនស្នើសុំគោលការណ៍ពិសេសនោះទេ សុភណ្ឌទទួលបាន២០លានរៀល តាមការប្រកាសអន្តរក្រសួងឆ្នាំ២០១៥ ប៉ុណ្ណោះ៕
Tag:
កាយវប្បកម្ម
អ៊ុក សិទ្ធិជាតិ
សំបូរ សុភណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com