ភ្នំពេញ៖ សហគ្រាសធុនតូចនិងមធ្យម មានតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដោយបង្កើតការងារ មុខជំនាញ និងការច្នៃប្រឌិតបច្ចេកវិទ្យាថ្មី។ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច។
ក្រសួងឧស្សាហកម្ម បានបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ដែលមានការកើនឡើងយ៉ាងសម្បូរបែបជារៀងរាល់ឆ្នាំ បានជំរុញដល់ពិពិធកម្មសេដ្ឋកិច្ច ដែលបានឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណរដ្ឋាភិបាល។ ដោយសារចំណុចនេះហើយ ទើបតម្រូវឲ្យក្រសួងបន្តអនុវត្តយន្តការនានា ឲ្យមានប្រសិទ្ធភាពកន្លងមក។
គិតត្រឹមឆ្នាំ២០១៨ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម មានចំនួនសរុបប្រមាណ ៥១៥, ៦៣០ មូលដ្ឋាន។ ក្នុងនោះមានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មផ្នែកកម្មន្តសាលមានចំនួន ១៥៦, ៨៥៣ មូលដ្ឋាន ដែលប្រើប្រាស់ទុនសរុបសម្រាប់វិនិយោគម្រមាណ ៤,៨០៣,៤៩៣,០០០ ដុល្លារ នឹងបាននាំផលរបរប្រចាំឆ្នាំប្រមាណ ៩៤, ២៧៧, ២៤៤,៧៨០ ដុល្លារ។ នេះបើយោងតាមរបាយការណ៍បូកសរុបការងាររបស់ក្រសួងឧស្សាហកម្មក្នុងឆ្នាំ២០១៨។
តាមរបាយការណ៍ក្រសួងឧស្សាហកម្ម បានបង្ហាញថា ៖«សហគ្រាសធុនមធ្យមមានប្រមាណ ១,៤២៤ មូលដ្នាន មានទំហំទុនវិនិយោគប្រមាណ ៥១៣,៤៩៨,០០០ ដុល្លារ ដែលទទួលបានផលចំណូលប្រចាំឆ្នាំប្រមាណ ៣,១២៣,២៥៨,១២៥ ដុល្លារ បានបង្កើតការងារចំនួន ១៣៧, ១៤៧ កន្លែង។ សហគ្រាសធុនតូចមានម្រមាណ ១៤,៦៩២ មូលដ្ឋាន មានទំហំទុនវិនិយោគប្រមាណ ២,១៧០,២០០,០០០ ដុល្លារ ហើយទទួលបានផលចំណូលប្រចាំឆ្នាំប្រមាណ ១៦,៦៧៥,១៧២,៤៤៤ ដុល្លារ បានបង្កើតការងារ ៤៨៩,៥៨៧ កន្លែង។ សិប្បកម្មមានប្រមាណ ១៤០, ៨៩៧ មូលដ្ឋាន ទំហំទុនវិនិយោគ២,១១៩,៧៩៥,៦៣៧ ដុល្លារ ទទួលផលចំណូលប្រចាំឆ្នាំប្រមាណ ៧៣,៧៨៧,៩៣០,២៩៧ ដុល្លារ បង្កើតការងារចំនួន ៤៩៦,៥៩៩ កន្លែង»។
ត្រង់ចំណុចនេះក្រសួង បានអះអាងថា ខ្លួនបានធានាការគ្រប់គ្រង និងអភិវឌ្ឍន៍សហគ្រាសទាំងនោះ តាមរយៈការជំរុញការងារកសាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងការងារគ្រប់គ្រងទិន្នន័យពាក់ព័ន្ធនានា។ បន្ថែមពីនេះ ក្រសួងក៏បានរៀបចំ និងដំណើរការធនាគារសហគ្រាសធុនតូច និងមធ្យម ដែលជាយន្តការសម្រាប់ដោះស្រាយបញ្ហារបស់ផ្នែកឯកជន ដែលពាក់ព័ន្ធនិងសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មផងដែរ៕