ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រដ្ឋាភិបាល​ត្រូវ​ពង្រីក​កិច្ច​គាំពារ​សង្គម​ដល់​អ្នក​ក្រៅ​ប្រព័ន្ធ​ដែលមាន​ដល់ ៩០​ភាគរយ​
11, Mar 2019 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នកធ្វើការ​ក្នុង​ប្រព័ន្ធ​ទទួលបាន​កិច្ច​គាំពារ​សង្គម​កាន់តែ​ទូលំទូលាយ​។ តែ​កិច្ច​គាំពារ​នេះ​ត្រូវតែ​ពង្រីក​ដល់​អ្នក​ក្រៅ​ប្រព័ន្ធ ព្រោះ​ពួកគេ​បាន​កាន់កាប់​ចំណែក ៩០​ភាគរយ​នៃ​កម្លាំង​ពលកម្ម​សរុប​នៅ​កម្ពុជា ដែលជា​តួលេខ Oxfam ទទួលបាន​ពី​អង្គការ ILO សម្រាប់​ឆ្នាំ​២០១៨​។ មានន័យថា សេដ្ឋកិច្ចកម្ពុជា​ត្រូវ​ពឹង​លើ​អ្នក​ក្រៅ​ប្រព័ន្ធ​ខ្លាំងណាស់​។ បើ​ពួកគេ​ជួប​ហានិភ័យ​ណាមួយ នោះ​នឹង​ប្រឈម​ការ​ទាញ​គ្រួសារ​ធ្លាក់​ក្នុងស្ថានភាព​លំបាក ដែល​ប៉ះពាល់​សេដ្ឋកិច្ច និង​បង្ក​បន្ទុក​សង្គម​។


 
​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​អ្នកស្រី លឹម សូ​លីន នាយិកា​អង្គការ Oxfam ប្រចាំ​កម្ពុជា ដូចតទៅ​នេះ​៖



 
​កិច្ច​គាំពារ​សង្គម​សម្រាប់​អ្នក​ក្រៅ​ប្រព័ន្ធ ​ពាក់ព័ន្ធ​ទៅដល់​ការពារ​ហានិភ័យ​ការងារ មុខរបរ និង​ការថែទាំង​សុខភាព​ជាដើម​។ ជារួម​គឺ​ធ្វើយ៉ាងណា​ដើម្បី​ធានាថា ស្រី្ត​បម្រើ​ការងារ​ក្រៅ​ប្រព័ន្ធ នៅ​រក្សា​ការងារ និង​ទទួល​បានការ​ឧបត្ថម្ភពេល​សម្រាលកូន​។ គ្រួសារ​មួយ​ដែល​ប្រកបមុខរបរ​ក្រៅ​ប្រព័ន្ធ ហើយ​ពេល​ជួប​គ្រោះថ្នាក់ ឬ​ហានិភ័យ​ផ្សេងៗ មិន​ធ្លាក់​ក្នុងស្ថានភាព​បំណុល​ដោយសារ​ខ្ចីលុយ​សម្រាប់​ព្យាបាល​ជាដើម​។ ឬមួយ​គ្រួសារ​នោះ​សម្រេច​មិន​ឲ្យ​កូន​ទៅ​រៀន​ដើម្បី​ជួយ​បន្ទុកគ្រួសារ​។ ធានាថា​អ្នកលក់ដូរ​តូចតាច ឬ​អ្នកបម្រើ​ការងារ​ទាំងនោះ មាន​កន្លែង​មើលថែ​ទារក ដើម្បី​ឲ្យ​គាត់​អាច​បន្តសកម្មភាព​ជីវភាព​របស់ខ្លួន ព្រមទាំង​​កិច្ច​គាំពារ​ដល់​កសិករ​រង​ការខូចខាត​ផលដំណាំ​ជាដើម​។​
 
​អ្នកស្រី លឹម សូ​លីន មានប្រសាសន៍ថា រដ្ឋាភិបាល​ត្រូវធ្វើ​យ៉ាងណា​ដើម្បី​ធានា​ឲ្យ​អ្នក​ក្រៅ​ប្រព័ន្ធ​នៅតែ​អាច​បន្តដំណើរ​ស្របគ្នា​នឹង​ផែនការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​ទទួលបាន​សុខុមាលភាព​មិន​ថា​សុខភាព ការអប់រំ​។ អ្នកស្រី​បន្ថែមថា​៖«​ប្រទេស​អភិវឌ្ឍ​ខ្ពស់ គឺជា​ប្រទេស​មាន​កិច្ច​គាំពារ​សង្គម​ចាក់​ឬ​ស​ជា​ប្រព័ន្ធ​»​។​
 
​អ្វីដែល​សំខាន់​មួយទៀត គឺ​គុណភាព​សេវា ពោលគឺ​មិនមែន​ពង្រីក​តែ​វិសាលភាព​នៃ​កិច្ច​គាំពារ​សង្គម តែ​ខ្វះ​គុណភាព​នោះទេ​។ សព្វថ្ងៃ​ទោះ​អ្នកធ្វើការ​ក្នុង​ប្រព័ន្ធ​ទទួលបាន​កិច្ច​គាំពារ​សង្គម ដូចជា​ទៅលើ​ផ្នែក​សុខភាព​ជាដើម តែ​ទទួល​សេវា នៅមានកម្រិត​។ ពួកគាត់​មួយចំនួន​មិន​ទទួលបាន​សមភាព និង​គុណភាព​ព្យាបាល ដែល​ចង់​មិន​ចង់​ត្រូវ​រក​សេវា​ឯកជន​ដដែល​៕

Tag:
 លឹម សូ​លីន​
  កិច្ច​គាំពារ​សង្គម​
  អ្នកធ្វើការ​ក្រៅ​ប្រព័ន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com