អន្តរជាតិ
ប្រជាធិបតេយ្យនៅកូរ៉េខាងជើង! ការបោះឆ្នោតជ្រើសរើសសមាជិកសភាដែលអ្នកឈ្នះត្រូវដឹងជាមុន លោក គីម ជុងអ៊ុន កំពុងទម្លាក់សន្លឹកឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភា។ (រូបភាព KCNA)
× កូរ៉េខាងជើង នៅថ្ងៃទី១០ ខែមីនា បានរៀបចំការបោះឆ្នោតមួយដើម្បីជ្រើសរើសសមាជិកសភាអាណត្តិថ្មី។ ប្រជាជនកូរ៉េខាងជើងស្ទើរមួយរយភាគរយដែលមានសិទ្ធិបោះឆ្នោត បានទៅកាន់ការិយាល័យបោះឆ្នោតដើម្បីជ្រើសរើសសមាជិកសភាដែលបេក្ខភាពត្រូវបានកំណត់ជាស្រេច។ ជាជាងការអនុវត្តតាមបែបប្រជាធិបតេយ្យ ការបោះឆ្នោតនេះ ជាការបង្ហាញពីការបង្រួបបង្រួមជាតិ និងការក្ដាប់អំណាចកាន់តែមាំរបស់លោក គីម ជុងអ៊ុន ប៉ុណ្ណោះ។
ប្រជាជនកូរ៉េខាងជើងដែលមានអាយុចាប់ពី១៧ឆ្នាំឡើងទៅ នៅថ្ងៃទី១០ ខែមីនា បាននាំគ្នាទៅបោះឆ្នោតនៅតាមការិយាល័យនានានៅទូទាំងដើម្បីជ្រើសរើសសមាជិកសភាប្រជាជនជាន់ខ្ពស់ ដែលជាស្ថាប័ននីតិបញ្ញត្តិរបស់រដ្ឋកុម្មុយនីស្តមួយនេះ។ ការបោះឆ្នោតជ្រើសរើសសមាជិកភាចុងក្រោយ ធ្វើឡើងកាលពីខែមីនា ឆ្នាំ២០១៤ កន្លងទៅ។
ដូចការបោះឆ្នោតនៅប្រទេសផ្សេងដែរ ដំណើរការបោះឆ្នោតនៅកូរ៉េខាងជើង ត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ចាប់តាំងពីការតម្រង់ជួរ ការបិទហិបឆ្នោតរហូតដល់ការត្រួតពិនិត្យការរាប់សន្លឹកឆ្នោតជាដើម។ អ្វីដែលទំនងខុសគ្នានោះ គឺនៅកូរ៉េខាងជើង សន្លឹកឆ្នោតមានបេក្ខជនតែម្នាក់សម្រាប់មណ្ឌលមួយប៉ុណ្ណោះ ហើយដែលត្រូវបានជ្រើសរើសដោយបក្សពលករកូរ៉េ ដែលជាបក្សកាន់អំណាច។ បេក្ខជនទាំងនោះ សុទ្ធតែទទួលបានការគាំទ្រ ហើយជាប់ឆ្នោតដោយសំឡេងលើសលប់។
តាមពិតទៅ អ្នកបោះឆ្នោតកូរ៉េខាងជើង ក៏មានសិទ្ធិបោះឆ្នោតប្រឆាំងបេក្ខជន ប៉ុន្តែការបោះឆ្នោតបែបនេះ ប្រៀបដូចទៅនឹងការប្រឆាំងបក្សកាន់អំណាច ឬការមេដឹកនាំកំពូល គីម ជុងអ៊ុន ដូច្នោះដែរ។ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA ផ្សាយថា អ្នកបោះឆ្នោតទាំងអស់ សុទ្ធតែបានបំពេញកាត្វកិច្ចរបស់ខ្លួននៅគ្រប់ការិយាល័យទូទាំងប្រទេស។ កាលពីឆ្នាំ២០១៤ អត្រាអ្នកបោះឆ្នោតមានដល់ទៅ៩៩,៩៧ភាគរយឯណោះ។
ទោះបែបបទនៃការបោះឆ្នោតត្រូវបានអនុវត្តក្ដី កង្វះការប្រកួតប្រជែងធ្វើឲ្យការបោះឆ្នោតនៅកូរ៉េខាងជើង ប្រៀបដូចជាការសំដែងមួយប៉ុណ្ណោះ។ ការបោះឆ្នោតនេះទៀតសោត ក៏ជាការប្រមូលអំណាចឲ្យប្រមុខដឹកនាំវ័យក្មេងត្រកូល គីម ផង និងជាយុទ្ធសាស្ត្រនយោបាយមួយដែលបង្ហាញថា របបដឹកនាំកូរ៉េខាងជើងមានការគាំទ្រពីសំណាក់ប្រជាជនរបស់ខ្លួន។
លោក គីម ដែលមេដឹកនាំកូរ៉េខាងជើងជំនាន់ទីបី ក៏ជាបេក្ខជនមួយដែរសម្រាប់ការបោះឆ្នោតលើកនេះ។ ទោះជាលទ្ធផលមិនទាន់ប្រកាស គេដឹងមុនជាស្រេចថា លោកនឹងទទួលបានការគាំទ្រ១០០ភាគរយតែម្ដង។ កាលពីការបោះឆ្នោតលើមុនដែលមានមណ្ឌលទាំងអស់៦៨៦ លោក គីម ទទួលបានគាំទ្រជាឯកច្ឆន្ទ ហើយមណ្ឌលរបស់លោក មានអ្នកទៅបោះឆ្នោត១០០ភាគរយទៀតផង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
អ្វីគួរកត់សម្គាល់នោះ បក្សកាន់អំណាចក៏បានចែករំលែកអសនសភាខ្លះទៅឲ្យបក្សដទៃដែរ។ បក្សនយោបាយតូចៗចំនួនពីរទៀតមាន បក្សសង្គមប្រជាធិបតេយ្យកូរ៉េ និងបក្ស Chongdu បានចូលរួមក្នុងការបោះឆ្នោតនេះដែរ ប៉ុន្តែបក្សទាំងពីរនេះបានចងសម្ព័ន្ធភាពជាមួយបក្សកាន់អំណាច ហើយគ្មានសកម្មភាពនយោបាយអ្វីក្នុងរដ្ឋកុម្មុយនីស្តនៅអាស៊ីបូព៌ាមួយនេះឡើយ៕
Tag:
កូរ៉េខាងជើង
គីម ជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com