អន្តរជាតិ
សេត​វិមាន​ថា លោក ត្រាំ ចង់​កាត់បន្ថយ​ការចំណាយ​របស់​រដ្ឋាភិបាល​៥%​ក្នុង​ឆ្នាំ​២០២០
11, Mar 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​ទីប្រឹក្សា​សេដ្ឋកិច្ចជាតិ​របស់​សេត​វិមាន​គឺ​លោក Larry Kudlow មានប្រសាសន៍ថា លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ នឹង​អំពាវនាវ​ឱ្យមាន​ការកាត់បន្ថយ​ការចំណាយ​ក្នុងស្រុក​របស់​រដ្ឋាភិបាល​ចំនួន​៥% ទៅលើ «​គ្រប់មុខ​ចំណាយ​ទាំងអស់​» នៅក្នុង​ឆ្នាំ​២០២០ នៅពេលដែល​លោក​ប្រធានាធិបតី​ដាក់សំណើ​ថវិកា​ថ្មី​របស់លោក​ជូន​សភា​នៅ​ថ្ងៃ​ចន្ទ​នេះ​។

 
​លោក Kudlow បាន​ថ្លែង​ក្នុង​កម្មវិធី​ព័ត៌មាន Fox News ថ្ងៃអាទិត្យ​ថា «​‍​ថវិកា​ឆ្នាំ​២០២០ នឹងមាន​លក្ខណៈ​យ៉ាប់យ៉ឺន ដោយសារ​យើង​នឹងដាក់​កំហិត​លើ​ខ្លួនឯង​នៅ​ឆ្នាំនេះ ហើយ​ខ្ញុំ​គិតថា យើង​គូរ​តែ​បានធ្វើ​បែបនេះ​យូរណាស់​មកហើយ​»​។​
 
​លោក Kudlow មានប្រសាសន៍ថា «​‍​ការអនុម័ត​ថវិកា​ថ្មីៗ​នេះ​ខ្លះ មិន​អំណោយផល​ល្អ​ដល់​ការចំណាយ​នោះទេ ដូច្នេះ ខ្ញុំ​គិតថា ការកាត់បន្ថយ​ចំណាយ​នេះ គឺ​ពិតជា​វិធីសាស្ត្រ​ដ៏​ត្រឹមត្រូវ​»​។​
 
​សំណើ​ថវិកា​លើក​ទី​៣​របស់លោក​ត្រាំ ក្នុងពេល​លោក​កាន់តំណែង​ជា​ប្រធានាធិបតី​នេះ ពោលគឺ​ឆ្នាំ​ថ្មី​ដែល​ចាប់ផ្ដើម​នៅ​ខែតុលា ត្រូវគេ​រំពឹងថា នឹង​នាំឱ្យមាន​ការប្រឆាំង​ពី​អ្នកអនុម័ត​ច្បាប់​មកពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​និង​ខាង​គណបក្ស​សាធារណរដ្ឋ​ខ្លះ​ផងដែរ​។​
 
​សំណើ​ថវិកា​ថ្មី​នេះ ដែល​នឹងធ្វើ​ឱ្យមាន​ការជជែក​សួរដេញដោល​គ្នា​រាប់​ខែ បានចាប់ផ្ដើម​តែ​ប៉ុន្មាន​អាទិត្យ​ប៉ុណ្ណោះ បន្ទាប់ពី​ការបិទ​រដ្ឋាភិបាល​អស់​រយៈពេល​៣៥​ថ្ងៃ​ដែល​បាន​បំបែក​ឯតទគ្គ​កម្ម​ពីមុន ដោយសារ​ការចំណាយរ​បស់​រដ្ឋាភិបាល​ក្នុង​ឆ្នាំ​បច្ចុប្បន្ននេះ បាន​បញ្ចប់ទៅ​។​
 
​ជម្លោះ​ថ្មីៗ​នេះ កើតឡើង​ដោយសារ​ការទាមទារ​រ​បស់​លោក​ត្រាំ ចង់បាន​ថវិកា​ជាង​៥​ពាន់​លាន​ដុល្លារ យកទៅ​សង់​ជញ្ជាំង​នៅតាម​ព្រំដែន​អាមេរិក​ជាប់​ប្រទេស​ម៉ិ​ក​ស៊ិ​ក ដើម្បី​ទប់ស្កាត់​ជនអន្តោប្រវេសន៍​ខុសច្បាប់​។​
 
​នៅពេលដែល​សភា ច្រានចោល​សំណើសុំ​ថវិកា​របស់លោក​ត្រាំ​នោះ លោក​ប្រធានាធិបតី បានប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន ដើម្បី​រំលង​ការសុំ​ការអនុញ្ញាត​ពីស​ភា ក្នុងការ​ប្រើប្រាស់​ថវិកា​ដែល​ត្រូវបាន​បែងចែក​សម្រាប់​គម្រោង​ផ្សេងៗ​ទៀត យកទៅ​សង់​ជញ្ជាំង​តាម​ព្រំដែន​នោះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com