អន្តរជាតិ
ម៉ាឡេស៊ី ដោះលែង​ស្ត្រី​សង្ស័យ​ឥណ្ឌូណេស៊ី​ក្នុង​សំណុំរឿង​ឃាតកម្ម​បងប្រុស​មេដឹកនាំ​កូរ៉េខាងជើង​
11, Mar 2019 , 10:59 pm        
រូបភាព
ស្រ្តីឥណ្ឌូណេស៊ីដែលជាប់សង្ស័យ ត្រូវបានដោះលែងឲ្យមានសរីភាព។ (រូបភាព AFP)
ស្រ្តីឥណ្ឌូណេស៊ីដែលជាប់សង្ស័យ ត្រូវបានដោះលែងឲ្យមានសរីភាព។ (រូបភាព AFP)
​តុលាការ​ម៉ាឡេស៊ី នៅ​ថ្ងៃទី​១១ ខែមីនា បានសម្រេច​ដោះលែង​ស្ត្រី​ឥណ្ឌូណេស៊ី​ម្នាក់​ដែល​រង​ការចោទប្រកាន់​ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​បងប្រុស​មេដឹកនាំ​កូរ៉េខាងជើង​កាលពី​ពីរ​ឆ្នាំមុន​។ ការដោះលែង​ស្ត្រី​ឈ្មោះ Siti Aisyah នេះ ធ្វើឡើង​បន្ទាប់ពី​រាជអាជ្ញា​ម៉ាឡេស៊ី បាន​ទម្លាក់​បទ​លើ​ករណី​ឃាតកម្ម​រួចមក​។ នេះ ជាការ​សម្រេចចិត្ត​ដ៏​ភ្ញាក់ផ្អើល​ក្នុង​សំណុំរឿង​ឃាតកម្ម​ដ៏​កក្រើក​មួយ​នេះ និង​ធ្វើ​ឲ្យ​ទំនាក់ទំនង​ម៉ាឡេស៊ី និង​កូរ៉េខាងជើង​ដុនដាប​។

 
 
​ស្ត្រី​ឥណ្ឌូណេស៊ី Siti Aisyah បានបង្ហាញ​ទឹកមុខ​ស្រស់ស្រាយ​ពេល​ចាក​ចេញពី​តុលាការ ក្រោយ​ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​។ ស្ត្រី​វ័យ​២៦​ឆ្នាំ​រូបនេះ ជា​សង្ស័យ​ម្នាក់​ក្នុងចំណោម​ពីរ​នាក់ ដែល​រង​ការចោទប្រកាន់​ពីបទ​ឃាតកម្ម​លើ​លោក គីម ជុង​ណា​ម បងប្រុស​ម្ដាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន កាលពី​ឆ្នាំ​២០១៦ នៅ​ព្រលានយន្តហោះ​ទីក្រុង​គួ​ឡា​ឡាំ​ពួ​។ 
 
​ក្នុង​សវនាការ​ថ្ងៃទី​១១ ខែមីនា ចៅក្រម​ម៉ាឡេស៊ី Azmin Ariffin បាន​យល់ព្រម​តាម​សំណើ​របស់​រាជអាជ្ញា Muhammad Iskandar Ahmad ដែល​ចង់​ឲ្យ​មានការ​ដោះលែង​ស្ត្រី Aisyah ។ យ៉ាងណាមិញ លោក​រាជអាជ្ញា​រូបនេះ​មិនបាន​បញ្ជាក់​ហេតុផល​អ្វី​នៅ​ពីក្រោយ​សំណើ​របស់លោក​ឡើយ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ត្រូវបាន​ដោះលែង ស្ត្រី​ឥណ្ឌូណេស៊ី​រូបនេះ​និយាយថា រូបនាង​ពិតជា​រីករាយ ហើយ​មិន​រំពឹងថា ត្រូវបាន​ដោះលែង​ឡើយ​។​
 
​មកទល់ពេលនេះ នៅមាន​ជនសង្ស័យ​ម្នាក់ទៀត​ដែល​ស្ថិតក្រោម​ការឃុំខ្លួន​។ ស្ត្រី​វៀតណាម​ឈ្មោះ Doan Thi Huong បាន​យំ​ខ្សឹកខ្សួល​ក្នុង​បន្ទប់​សវនាការ ពេលឮ​តុលាការ​ប្រកាស​ដោះលែង​ស្ត្រី​ឥណ្ឌូណេស៊ី​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP មេធាវី​របស់​ជនសង្ស័យ​ជនជាតិ​វៀតណាម​រូបនេះ និយាយថា កូនក្ដី​របស់ខ្លួន​ឈឺចាប់​ជាខ្លាំង​ដែល​តុលាការ​ដោះលែង​ជនសង្ស័យ​តែ​ម្នាក់​។ ប៉ុន្តែ​តុលាការ​នឹង​ពន្យារពេល​សវនាការ​ដើ​ម្បី​អនុញ្ញាត​ឲ្យ​មេធាវី​របស់​ស្ត្រី​វៀតណាម ដាក់ពាក្យ​ស្នើ​ដូចគ្នា​។​
 
​តាមពិតទៅ ស្ត្រី​សង្ស័យ​ទាំងពីរ​នេះ សុទ្ធតែ​បាន​ទាត់ចោល​ការចោទប្រកាន់​រហូតមក​ក្នុង​សវនាការ​ដែលមាន​អាយុ​មួយឆ្នាំ​កន្លះ​នេះ ហើយ​ថា ខ្លួន​ជា​អ្នក​ទទួលរង​ថ្ម​បាក់​ប៉ុណ្ណោះ​។ លើសពី​ពួកគេ​អះអាងថា ត្រូវបាន​បោក​បញ្ឆោត​ដោយ​ក្រុម​ចារកិច្ច​កូរ៉េខាងជើង​ឲ្យ​ចូលរួម​ក្នុង​ផែនការ​សម្លាប់​លោក គីម ជុង​ណា​ម តាមរយៈ​ការប្រើប្រាស់​សារធាតុ​គីមី​ហាមឃាត់ VX  ហើយក៏​ជឿថា ពួកគេ​ចូលរួម​ក្នុង​កម្មវិធី​ទូរទស្សន៍​ប៉ុណ្ណោះ​។  
 
​ទោះ​ជាមាន​ភស្តុតាង​ជាច្រើន​បង្ហាញ​ពី​ការពាក់ព័ន្ធ​របស់​មន្ត្រី​សម្ងាត់​កូរ៉េខាងជើង​ក្ដី ក្រុង​ព្យុងយ៉ាង​បាន​ទាត់ចោល​ទាំងអស់​។ បញ្ហា​នេះ ធ្វើ​ឲ្យ​ចំណង​ការទូត​រវាង​ម៉ាឡេស៊ី និង​កូរ៉េខាងជើង​ប្រែ​ទៅជា​ល្អក់កករ​រហូតដល់​មានការ​កោះហៅ​អគ្គរដ្ឋទូត​ត្រឡប់​ចូល​ស្រុក​រៀងខ្លួន​ទៀតផង​។ កូរ៉េខាងជើង ក៏​រង​ការរិះគន់​ដូច​ព្យុះ​ចំពោះ​ករណីនេះ ខណៈ​ជនសង្ស័យ​បាន​រត់​ភៀសខ្លួន​អស់​ទៅហើយ​៕

Tag:
 ម៉ាឡេស៊ី​
  កូរ៉េខាងជើង​
  ឥណ្ឌូណេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com