ជាតិ
រដ្ឋាភិបាល ថា វឌ្ឍនភាពក្រុងព្រះសីហនុ គឺជាថាមពលដ៏លេចធ្លោរបស់អាស៊ាន
× ភ្នំពេញ៖ វឌ្ឍនភាពក្រុងព្រះសីហនុ គឺជាថាមពលដ៏លេចធ្លោ និងរស់រវើករបស់អាស៊ាន។ នេះជាការលើកឡើងរបស់រដ្ឋាភិបាលកម្ពុជា។
ខណៈសាធារណៈជនមួយចំនួន កំពុងព្រួយបារម្ភពីបញ្ហាអភិវឌ្ឍន៍ខេត្តព្រះសីហនុ ពីសំណាក់អ្នកវិនិយោគចិននោះ ស្រាប់តែអ្នកនាំពាក្យរដ្ឋាភិបាល ចេញមុខបកស្រាយ និងការពារដំណើរការអភិវឌ្ឍខេត្តមួយនេះ។ រដ្ឋាភិបាល ចាត់ទុកបាតុភូតនៃការអភិវឌ្ឍដៃគូកម្ពុជា-ចិន នេះ គឺបង្ហាញនូវជំនឿរបស់អ្នកវិនិយោគ ជាដៃគូទាំងជាតិ និងអន្តរជាតិ ដែលគេវាយតម្លៃខ្ពស់លើសមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការបន្តពង្រឹងប្រសិទ្ធភាព ស្ថិរភាព បរិយាកនយោបាយល្អ និងថាមពល ដែលអនុគ្រោះដល់បរិយាកាសបណ្ដាក់ទុន និងពាណិជ្ជកម្មសេរី។ សម្រាប់រដ្ឋាភិបាល វឌ្ឍនភាពក្រុងព្រះសីហនុ គឺជាថាមពលដ៏លេចធ្លោ និងរស់រវើករបស់អាស៊ានទៀតផង។
សេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាល បានសរសេរដូច្នេះថា៖«ក្រុងព្រះសីហនុ គឺជាទីក្រុងអច្ឆរិយមួយ នៅតំបន់ឆ្នេរសមុទ្រ ដែលមានការអភិវឌ្ឍ ក្នុងសន្ទុះមួយគួរស្ងប់ស្ងែង។ វឌ្ឍនភាពក្រុងព្រះសីហនុ មិនត្រឹមតែជាមោទកភាពនៃវិបុលភាពរបស់កម្ពុជា ដែលជាដៃគូជាមួយចិននោះទេ ក៏ប៉ុន្តែថែមទាំងជាថាមពលដ៏លេចធ្លោ និងរស់រវើករបស់អាស៊ានផងដែរ។ ដូចនេះក្រុង និងខេត្តព្រះសីហនុ រួមជាមួយនឹងបណ្ដាខេត្តនានា នៅតាមឆ្នេរសមុទ្រ គឺជាទិសដៅពិតប្រាកដនៃមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ រួមជាមួយការរស់នៅដ៏សុខក្សេមក្សាន្ត និងឱកាសរីកចម្រើន ដែលជាជម្រើសដ៏ឧត្តុងឧត្តមរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល»។
ក្រៅពីលើកឡើងបែបនេះហើយ រដ្ឋាភិបាល ហ៊ានអះអាងថា ការអភិវឌ្ឍខេត្តព្រះសីហនុនេះ មិនត្រឹមតែផ្ដល់ជាទិសដៅទេសចរណ៍ និងឧស្សាហកម្ម ឬកម្សាន្តប៉ុណ្ណោះទេ ឱកាសទីផ្សារថ្មីបន្ថែមទៀត ចំពោះកសិករ ពលករ ពាណិជ្ជកម្ម និងសេវាកម្មជាច្រើន ទាំងបរិមាណ និងគុណភាពនាពេលអនាគត។«ទីក្រុងជាប់សមុទ្រនេះ ក្នុងរយៈពាលដ៏ខ្លីខាងមុខ នឹងក្លាយទៅជាទីក្រុងទំនើបក្នុងវិស័យពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងឧស្សាហកម្មដូចបណ្ដាទីក្រុងអន្តរជាតិដទៃទៀតនៅតាមឆ្នេរសមុទ្រ ដែលរួមចំណែកសកម្មភាពប្រកបដោយឥទ្ធិពល និងផូផង់នៅក្នុងតំបន់ ក៏ដូចជាអន្តរជាតិ ក្នុងបរិបទពាណិជ្ជកម្មសេរី និងតម្លៃមនុស្សជាតិ»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាល។
ទាក់ទងនឹងបញ្ហាវិនិយោគចិននេះ សហស្ថាបនិកនៃវិទ្យាស្ថានកម្ពុជា សម្រាប់ការសិក្សាយុទ្ធសាស្ត្រ លោក ឈាង វណ្ណារិទ្ធិ ធ្លាប់និយាយប្រាប់សារព័ត៌មានថ្មីៗថា ការវិនិយោគចិននេះ មិនទាន់ផ្ដល់ប្រយោជន៍ដល់ប្រជាជនកម្ពុជាច្រើននោះទេ ដោយសារពួកគេនាំចូលកម្មករជំនាញមកពីប្រទេសចិន ហើយខ្វះតម្លាភាព និងការចែករំលែកចំណេះជំនាញដល់កម្មករ ក៏នៅមានកម្រិតទាប។ ជាពិសេសបញ្ហាវិនិយោគចិន ដែលផ្ដោតលើកាស៊ីណូ ហើយនាំផលអវិជ្ជមានដល់កម្ពុជា។
ដើម្បីទប់ស្កាត់ផលអវិជ្ជមាននៃការវិនិយោគចិននេះ រដ្ឋាភិបាល ត្រូវរៀបចំវិធានការ និងយុទ្ធសាស្ត្រទប់ស្កាត់ការវិនិយោគបរទេសឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យជះឥទ្ធិពលអាក្រក់ក្នុងប្រទេសនាពេលខាងមុខ។សម្រាប់លោក ឈាង វណ្ណារិទ្ធិ កម្ពុជាក៏ត្រូវរៀនសូត្រពីប្រទេសញូវហ្សឺលែន ម៉ាឡេស៊ីជាដើម ដើម្បីទប់ស្កាត់ភាពអវិជ្ជមាននៃការវិនិយោគរបស់ចិននេះ ដែលធ្វើយ៉ាងណាកុំឲ្យប៉ះពាល់សេដ្ឋកិច្ច និងជីវភាពប្រជាជនកម្ពុជា។
បច្ចុប្បន្ននេះ មានប្រទេសមួយចំនួនដូចជា ញូវហ្សឺលែន ម៉ាឡេស៊ីជាដើម បានទប់ស្កាត់ការវិនិយោគចិន ក្នុងប្រទេសរបស់ពួកគេ ដោយសារតែពួកគេយល់ឃើញថា ការវិនិយោគចិនមួយចំនួន បាននាំឲ្យមានការផ្ទុះឡើងតម្លៃអចលនទ្រព្យ ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្វះលទ្ធភាព ក្នុងវិស័យនេះ។ ជាពិសេសបញ្ហាបង្កអនាធិបតេយ្យផ្សេងៗទៀត ដែលកើតចេញពីការវិនិយោគ និងលំហូរជនជាតិចិនក្នុងប្រទេស តាមរយៈការវិនិយោគនេះ៕
Tag:
ផៃ ស៊ីផាន
ខេត្តព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com