ជាតិ
សង្គមជាតិ
ឧកញ៉ា គិត ធាង ម្ចាស់ក្លិប Rock ត្រូវបាននាំខ្លួនទៅសាកសួរពាក់ព័ន្ធសំណុំរឿងគ្រឿងញៀន
11, Mar 2019 , 7:00 pm        
រូបភាព
ឧកញ៉ា គិត ធាង ត្រូវបាននាំទៅសាកសួរនៅស្នងការនគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងសំណុំ​រឿង​គ្រឿងញៀន នៅក្លិបកម្សាន្ត​ Rock របស់លោក។ កម្លាំងសមត្ថកិច្ច បានចុះ​ទៅដល់គេហដ្ឋានរបស់លោកតែម្តង នៅល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។ នេះបើតាម​ការអះអាង​របស់​លោក ឆាយ គឹមខឿន អគ្គ​ស្នងការរង និងជាអ្នកនាំពាក្យ​អគ្គ​ស្នងការ​នគរ​បាល​ជាតិ។



តាមសំដីដែលដក​ស្រង់ដោយគេហទំព័រអគ្គ​ស្នងការដ្ឋាននគរបាលជាតិ​ លោក ឆាយ គឹមខឿន បានបញ្ជាក់ថា កម្លាំង​នគរបាល​ចម្រុះ​អនុវត្តតាមដីកា​របស់​សាលាដំបូងរាជធានីភ្នំពេញ ដោយ​នាំខ្លួន​​ឧកញ៉ា គិត ធាង ទៅ​​សួរនាំ​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​នៅក្នុង​មជ្ឈមណ្ឌល​កំសាន្ត​រ៉ក​ជាង​៥០​គីឡូក្រាម និង​ឃាត់ខ្លួន​ជនសង្ស័យ​ជាង​៣០០​នាក់ ។​


ភូមិគ្រឹះរបស់ឧកញ៉ា គិត ធាង ដែលស្ថិតនៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ


កម្លាំងសមត្ថកិច្ច ដែលត្រៀមនាំខ្លួនឧកញ៉ា គិត ធាង


អ្នកកាសែត នាំគ្នាទៅមុខភូមិគ្រឹះរបស់ឧកញ៉ា គិត ធាង នៅព្រលប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២១៩ ពេលឮដំណឹងថា កម្លាំងសមត្ថកិច្ច ចុះទៅឡោមព័ទ្ធ​ ដើម្បីនាំឧកញ៉ា គិត ធាង ទៅសាកសួរ

ការនាំខ្លួនឧកញ៉ា គិត ធាង ក៏ត្រូវបាន​ធ្វើឡើងបន្ទាប់ពីមានបញ្ជាពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ផង​ដែរ​។ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត​នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«ស្វែងរកឲ្យឃើញមេខ្លោង ដែលនាំគ្រឿងញៀន ចូលកន្លែងនេះ មិនមែន [ចាប់] តែកម្មករទេ»។

អត្ថបទទាក់ទង


កាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ច បានសម្រុកចុះទៅចាប់មនុស្សជាង៣០០នាក់ ដែលសេពគ្រឿងញៀន ក្នុងក្លិប Rock  ហើយសមត្ថកិច្ច បានរឹបអូសគ្រឿងញៀនដល់ទៅជាង៥០គីឡូក្រាមឯណោះ។ បន្ទាប់មក អាជ្ញាធរ ក៏សម្រេចបិទក្លិបនេះចោល៕ 

© រក្សាសិទ្ធិដោយ thmeythmey.com