ជាតិ
ក្រសួង​ការងារ​ប្ដឹង​ព្រហ្មទណ្ឌ​លើ​ម្ចាស់​សិប្បកម្ម​ឡឥដ្ឋ ករណី​កុមារី​ជួប​គ្រោះថ្នាក់​ដាច់​ដៃ​
12, Mar 2019 , 10:31 am        
រូបភាព
រូបពីគណនីហ្វេសប៊ុក​ Theuon ​Vuthy
រូបពីគណនីហ្វេសប៊ុក​ Theuon ​Vuthy
ដោយ:
​ភ្នំពេញ​៖ ក្រសួង​ការងារ​កំពុង​កសាង​សំណុំរឿង​បណ្ដឹង​ព្រហ្មទណ្ឌ​លើ​ម្ចាស់​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​ខេត្តកណ្ដាល ចំពោះ​ករណី​កុមារី​ម្នាក់​ជួប​គ្រោះថ្នាក់​ដាច់​ដៃ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​នៅ​ថ្ងៃទី​១១​ខែមីនា​នេះ​។​


 
​កាលពី​ថ្ងៃទី​៩​ខែមីនា កុមារី​អាយុ​១០​ឆ្នាំ​ម្នាក់ ដែលជា​កូន​របស់​កម្មករ​ឡឥដ្ឋ បាន​ជួប​គ្រោះថ្នាក់​នៅ​សិប្បកម្ម​ផលិត​ឥដ្ឋ​របស់​ម្ចាស់​ឈ្នោះ លាង ស្រ៊ុន ក្នុង​ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែល​​កុមារី​រូបនោះ​បាន​ដាច់​ដៃ​ចូលក្នុង​ម៉ាស៊ីន​ផលិត​ឥដ្ឋ​។ 
 
​ក្រោយ​ការចុះ​អង្កេត ក្រសួង​ការងារ និង​បណ្ដុះ​បណ្តាលវិជ្ជាជីវៈ បានសម្រេច​ពិន័យ​សិប្បកម្ម​ផលិត​ឥដ្ឋ​មួយ​នេះ​ស្របតាម​មាត្រា ៣៦៨​នៃ​ច្បាប់​ការងារ និង​កសាង​សំណុំរឿង​ព្រហ្មទណ្ឌ​លើ​ម្ចាស់​សិប្ប​កម្មនេះ អំពី​ករណី​ប្រើប្រាស់​ពលកម្ម​កុមារ និង​ខ្វះ​វិធានការ​ការពារ​សុវត្ថិភាព​កុមារ មិន​ឲ្យ​ចូល​កៀក​ទៅ​កន្លែង​ខ្សែសង្វាក់​ផលិតកម្ម​។​
 
​ក្រសួង​បញ្ជាក់ថា កុមារី​រងគ្រោះ​ទទួលបាន​ការគាំទ្រ​ពី​របប​សន្តិសុខ​សង្គម ដូចជា ការព្យាបាល​របួស សេវា​ស្ដារនីតិសម្បទា​ឡើងវិញ ប្រាក់ឧបត្ថម្ភ​សម្រាប់​ការបាត់បង់​សមត្ថភាព​អចិ​ន្រៃ្ត​យ៍​មួយជីវិត និង​ប្រាក់ឧបត្ថម្ភ​អំឡុងពេល​ព្យាបាល​របួស​។​
 
​ក្រសួង​ក្រើនរំលឹក​ដល់​ម្ចាស់​សិប្បកម្ម​ផលិត​ឥដ្ឋ សហគ្រាស គ្រឹះស្ថាន​ទាំងអស់ យ៉ាង​ដូច្នេះ​ថា​៖«​ការប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ គឺ​ត្រឹម​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ប្រកា​សលេខ​៣០៩ ក​.​ប​/​ប្រ​.​ក ចុះ​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០០៧ ស្ដីពី​លក្ខខណ្ឌ​ការងារ និង​ជីវភាព​រស់នៅក្នុង​សហគ្រាស​ឡឥដ្ឋ​។ ការប្រើប្រាស់​កុមារ​អាយុ​ក្រោម​១២​ឆ្នាំ គឺជា​បទល្មើស​ព្រហ្មទណ្ឌ​។ ទន្ទឹមនឹងនេះ ការប្រើប្រាស់​ពលកម្ម​កុមារ​អាយុ​ក្រោម​១៨​ឆ្នាំ​នៅតាម​មណ្ឌល​ហប់ ទី​ខ្ពស់ និង​កន្លែង​ដែលមាន​ប្រើប្រាស់​សា​ធាតុគីមី​ត្រូវ​ហាមឃាត់​។ ក្រសួង​នឹង​ចាត់វិធានការ​តឹងរ៉ឹង​ទាំង​ផ្នែក​រដ្ឋប្បវេណី និង​ព្រហ្មទណ្ឌ​ចំពោះ​សិប្បកម្ម​ឡឥដ្ឋ សហគ្រាស គ្រឹះស្ថាន​ដែល​ល្មើស​នឹង​ករណី​ខាងលើ​»៕
 

Tag:
 សិប្បកម្ម​ឥដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com