អន្តរជាតិ
មកដល់ពេលនេះ ប្រទេស​៨​សម្រេច​ផ្អាក​ប្រតិបត្តិការ​យន្តហោះ Boeing 737 MAX
12, Mar 2019 , 12:06 pm        
រូបភាព
ដោយ:
​គិត​មក​ត្រឹម​ថ្ងៃ​អង្គារ​ទី​១២ ខែមីនា ប្រទេស​ចំនួន​៨​ហើយ បានសម្រេច​ផ្អាក​ប្រើប្រាស់​យន្តហោះ​ប្រភេទ Boeing 737 MAX របស់​ក្រុមហ៊ុន​យក្ស​អាមេរិក​។ ការផ្អាក​ប្រតិបត្តិការ​ជា​បណ្តោះអាសន្ន​នេះ គឺធ្វើឡើង​ដើម្បី​ឆ្លើយតប​នឹង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នៅ​អេ​ត្យូ​ពី​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ ដែល​សម្លាប់​មនុស្ស​ទាំង​១៥៧​នាក់​លើ​យន្តហោះ​នេះ​។

 
​យន្តហោះ​របស់​ក្រុមហ៊ុន Ethiopian Airlines ដែល​បាន​ធ្លាក់​នោះ គឺជា​យន្តហោះ​ប្រភេទ​ដូចគ្នា​ទៅនឹង​យន្តហោះ​របស់​ក្រុមហ៊ុន Lion Air របស់​ឥណ្ឌូណេស៊ី ដែល​បាន​ធ្លាក់​ក្នុង​ខែតុលា​ឆ្នាំ​២០១៨​។ ក្នុង​ហេតុការណ៍​នេះ អ្នកដំណើរ​និង​អ្នកបម្រើ​លើ​យន្តហោះ​ចំនួន ១៨៩​នាក់​បាន​បាត់​បង់ជីវិត​។ អ្នកខ្លះ​យល់ឃើញថា ហេតុការណ៍​គ្រោះថ្នាក់​នេះ​មាន​ភាពស្រដៀងគ្នា​ខ្លាំង​។ 
 
​បច្ចុប្បន្ននេះ យន្តហោះ​ប្រភេទ Boeing 737 MAX ប្រមាណ ៣៥០​គ្រឿង កំពុង​ប្រតិបត្តិការ​នៅ​ជុំវិញ​ពិភពលោក​។ ខាងក្រោម​នេះ​គឺជា​ឈ្មោះ​ប្រទេស​ដែល​បញ្ជា​ឲ្យ​ផ្អាក​ប្រតិបត្តិការ​យន្តហោះ​ប្រភេទ Boeing 737 MAX 8 ដែលផលិត​ដោយ​ក្រុមហ៊ុន​យក្ស​អាមេរិក​ឈ្មោះថា Boeing Commercial Airplanes ។​
 
​សិង្ហ​បុរី​
 
​នៅ​ថ្ងៃ​អង្គារ​ទី​១១ ខែមីនា អាជ្ញាធរ​អាកាសចរណ៍​សិង្ហ​បុរី និយាយថា ខ្លួន​នឹង​ផ្អាក​ប្រតិបត្តិការ​យន្តហោះ​ប្រភេទ Boeing 737 MAX ទាំងអស់​ជា​បណ្តោះអាសន្ន​។ ការផ្អាក​នេះ​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ម៉ោង​២​រសៀល​នេះ​តទៅ​។ 

​ចិន​
 
​នៅ​ថ្ងៃទី​១១ ខែមីនា អាជ្ញាធរ​ក្រុង​ប៉េកាំង​បានចេញ​បញ្ជា​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ទាំងអស់ ផ្អាក​ប្រតិបត្តិការ​យន្តហោះ Boeing 737 MAX ដោយ​លើកឡើង​ពី​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នៅ​អេ​ត្យូ​ពី និង​ហេតុការណ៍​ធ្លាក់​យន្តហោះ​ប្រភេទ​ដូចគ្នា​នៅ​ឥណ្ឌូណេស៊ី​កាលពី​ខែតុលា ឆ្នាំមុន​។​
 
 
​ឥណ្ឌូណេស៊ី 
 
​អាជ្ញាធរ​ឥណ្ឌូណេស៊ី បាន​ឲ្យ​ដឹងថា ខ្លួន​បានសម្រេច​ផ្អាក​យន្តហោះ​ប្រភេទ Boeing 737 MAX 8 ចំនួន​១១​គ្រឿង​របស់ខ្លួន​។ ការត្រួតពិនិត្យ​លើ​យន្តហោះ​នេះ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​អង្គារ​។ យន្តហោះ​នឹងត្រូវ​ផ្អាក​ប្រតិបត្តិការ​ជា​បណ្តោះអាសន្ន​សិន ពោលគឺ​រហូតដល់​អាជ្ញាធរ​ធានាថា ​យន្តហោះ​ទាំងអស់នេះ​មាន​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​។ 
 
​កូរ៉េខាងត្បូង  
 
​ក្រសួង​ដឹកជញ្ជូន​កូរ៉េខាងត្បូង ប្រកាសថា យន្តហោះ Boeing 737 MAX 8 ចំនួន ២​គ្រឿង​ ដែល​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ Eastar Jet នឹងត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​សិន ដើម្បី​បើក​ការត្រួតពិនិត្យ​រកមើល​បញ្ហា​។ 
 
​ម៉ុង​ហ្គោ​លី 
 
​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ម៉ុង​ហ្គោ​លី និយាយ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​កថា ខ្លួន​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​រដ្ឋ MIAT Mongolian Airlines ផ្អាក​ប្រតិបត្តិការ​យន្តហោះ Boeing 737 MAX 8 ជា​បណ្តោះអាសន្ន​។ 
 
​អេ​ត្យូ​ពី 
 
​ក្រុមហ៊ុន Ethiopian Airlines និយាយថា ខ្លួន​បានសម្រេច​ផ្អាក​ប្រតិបត្តិការ​យន្តហោះ Boeing 737 MAX 8 ក្រោយ​មាន​ហេតុការណ៍​ធ្លាក់​យន្តហោះ​សម្លាប់​មនុស្ស​១៥៧​នាក់​។ ក្រុម​អាកាសចរណ៍​រដ្ឋ​ធំ​បំផុត​ប្រចាំ​តំបន់​អាហ្វ្រិក​នេះ គូសបញ្ជាក់ថា ទោះបី​ខ្លួន​ពុំទាន់​ដឹង​ច្បាស់​ពី​ហេតុផល​នៃ​គ្រោះថ្នាក់​នេះ​ក្តី ក្រុមហ៊ុន​ត្រូវតែ​សម្រេច​ផ្អាក​ប្រតិបត្តិការ​យន្តហោះ​ប្រភេទ​នេះ​ជា​បណ្តោះ​សិន ដើម្បី​ធានា​សុវត្ថិភាព​របស់​អ្នកដំណើរ​។ 
 
​ប្រេ​ស៊ី​ល 
 
​ក្រុមហ៊ុន​អាកាសចរណ៍  Gol របស់​ប្រេ​ស៊ី​ល បានប្រកាស​ក្នុង​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃ​ចន្ទ​ថា ខ្លួន​បានសម្រេច​ផ្អាក​ប្រតិបត្តិការ​យន្តហោះ Boeing 737 MAX 8 ចំនួន ៧​គ្រឿង​របស់ខ្លួន ដើម្បី​សុវត្ថិភាព និង​ចាប់ផ្តើម​បើក​ការត្រួតពិនិត្យ​។ 

​ម៉ិចស៊ិក​
 
​ក្រុមហ៊ុន​អាកា​ចរណ៍ Aeromexico របស់​ម៉ិចស៊ិក បាន​ឲ្យ​ដឹងថា ខ្លួន​បាន​ផ្អាក​ប្រតិបត្តិការ​យន្តហោះ Boeing 737 MAX 8 ទាំង​៦​គ្រឿង​របស់ខ្លួន ពោលគឺ​រហូតដល់​ខ្លួន​ទទួលដំណឹង​ច្បាស់​ពី​ការស៊ើបអង្កេត​ហេតុការណ៍​ធ្លាក់​យន្តហោះ​ កាលពី​ថ្ងៃទី​១០ ខែមីនា​នៅ​អេ​ត្យូ​ពី​៕
 

Tag:
 Boeing 737 MAX
  អាកាសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com