កីឡាជាតិ
ជាតិ
លោក មាស ចាន់ណា រំពឹង​ទទួលបាន​៣​ពិន្ទុ​នៅ​ល្ងាច​នេះ ក្រោយ​រងរបួស​ផ្លូវចិត្ត​នៅ​វៀតណាម​
12, Mar 2019 , 12:32 pm        
រូបភាព
ដោយ:
​លោក មាស ចាន់ណា គ្រូបង្វឹក​ក្រុមបាល់ទាត់​ណាហ្គា​វើ​ល​រំពឹង​កូនក្រុម​ធ្វើបាន​ល្អ​និង​ទទួលបាន​៣​ពិន្ទុ ពី​ជំនួប​តទល់​ជាមួយ​ក្រុម Yangon United របស់​មី​យ៉ាន់​ម៉ា ក្នុង​ព្រឹត្តិការណ៍ AFC Cup នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩ នា​ពហុ​កីឡដ្ឋាន​ជាតិ​។ ជាមួយ​ការអះអាង​គ្មាន​កីឡាករ​មាន​បញ្ហា​របួស លោក ចាន់ណា ថា នឹងមាន​ការផ្លាស់​ទម្រ​ង់​លេង​មួយចំនួន​ក្នុងជំនួប​ល្ងាច​នេះ​។

 
​ក្រោយ​រង​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ​ក្រោម​ថ្វី​ជើង​ម្ចាស់ផ្ទះ Hanoi FC នា​ជំនួប​បើកឆាក​កាលពីពេល​ថ្មីៗ លោក មាស ចាន់ណា គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល​ជឿជាក់ថា កូនក្រុម​លោក​នឹងធ្វើ​បានល្អ​ក្នុងជំនួប​តទល់​ជាមួយ Yongon United នៅ​ល្ងាច​នេះ​។ លើសពីនេះ​លោក​រំពឹងថា ក្រុម​ណាហ្គា​វើ​ល​នឹង​ទទួលបាន​៣​ពិន្ទុ សម្រាប់​ជំនួប​ក្នុង​ដី​មួយ​នេះ​។ កត្តា​ដែល​ធ្វើ​ឲ្យ លោក មាន​ជំនឿ​ចិត្ត​បែបនេះ ដោយសារ​វា​ជាការ​ប្រកួត​ក្នុង​ដី ដែលមាន​លក្ខណៈ​អំណោយផល​ទាំង​បរិស្ថាន អាកាសធាតុ និង​ទីលាន ពិសេស​ទទួល​បានការ​លើកទឹកចិត្ត​ពី​អ្នកគាំទ្រ​។ 
 
«​ពេលនេះ​យើង​ពុំមាន​កីឡាករ​របួស​នោះទេ តែ​មុន​ជួប​ប្រកួត​ជាមួយ​ក្រុម Yangon United ពេល​យើង​ត្រឡប់​មកពី​វៀតណាម មាន​កីឡាករ​របួស​ដែរ តែ​របួស​ផ្លូវចិត្ត​។ ប៉ុន្តែ​ពេលនេះ​អ្វីៗ​បាន​ត្រឡប់​មករក​ភាព​ដើម​វិញ​ហើយ ក្រោយ​យើង​ហ្វឹកហាត់​និង​ជជែក​គ្នា​ពី​បញ្ហា​នេះ​។ យើង​ជឿជាក់ថា វា​នឹង​ប្រសើរ​ជាង​ការប្រកួត​នៅ​ហាណូយ​»​។ ការលើកឡើង​បែបនេះ​របស់លោក មាស ចាន់ណា ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ 
 
​សម្រាប់​ការប្រកួត​ដែល​ធ្វើឡើង​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​១២ ខែមីនា នា​ពហុ​កីឡដ្ឋាន​ជាតិ លោក មាស ចាន់ណា អះអាងថា លោក​នឹង​ផ្លាស់ប្តូរ​ទម្រង់ និង​ប្រព័ន្ធ​លេង​មួយចំនួន​ពិសេស​ក្នុង​តំបន់​ការពារ និង​ប្រយុទ្ធ​។ តាមរយៈ​ការផ្លាស់ប្តូរ​នេះ លោក​រំពឹងថា ក្រុម​ណាហ្គា​វើ​ល​នឹងធ្វើ​បានល្អ​ជាង​ការប្រកួត​បើកឆាក​ជាមួយ​ក្រុម Hanoi FC ដែល​ពួកគេ​បាន​ចាញ់​រហូត ១០-០​។ 
 
«​បន្ទាប់ពី​បរាជ័យ​នៅ​ទីក្រុង​ហាណូយ យើង​នឹង​កែប្រែ​ទម្រង់​ការពារ ព្រោះ​ទម្រង់​ការពារ​ពេល​លេង​នៅ​ហាណូយ​កីឡាករ​យើង​ទាំងបី​ធ្វើ​ខុស​ទាំងបី​។ ប៉ុន្តែ​បន្ទាប់ពី​ជជែក​វែកញែក​រួចមក ពួកគាត់​ទទួលស្គាល់ថា ពួកគាត់​ពិតជា​ធ្វើ​ខុស​មែន ព្រោះ​មានការ​ភាន់ច្រឡំ​ចំពោះ​ទម្រង់​ការពារ តែ​ក្រោយ​កែប្រែ​យើង​សង្កេតឃើញថា ពួកគាត់​មាន​ភាពល្អប្រសើរ​ជាង​មុន​»​។ នេះ​ជាការ​លើកឡើង​របស់​គ្រូបង្វឹក​កាន់​សញ្ញាបត្រ​បង្វឹក​កម្រិត A License ខាងលើ​។​
 
​ទន្ទឹមនឹង​ក្តី​រំពឹង លោក មាស ចាន់ណា បានបង្ហាញ​ក្តីបារម្ភ​យ៉ាង​ដូច្នេះ​ថា​៖«​អ្វី​ដែលជា​ក្តីបារម្ភ​របស់ខ្ញុំ គឺ​បារម្ភ​ពី​ការ​គ្មាន​សំណាង​ពេល​យើង​មានឱកាស​។ តែ​ខ្ញុំ​ជឿជាក់ថា កូនក្រុម​ខ្ញុំ​នឹងធ្វើ​បានល្អ​ឆ្ងាយ​ជាង​ការប្រកួត​នៅ​ហាណូយ ក្រោយ​យើង​ផ្លាស់ប្តូរ​ទម្រង់​លេង​។ សម្រាប់​ទម្រង់​លេង​នៅ​ហាណូយ យើង​ផ្លាស់ប្តូរ​ទម្រង់​ថ្មី​តែម្តង​»​។ 
 
​ពូ​ល F នេះដែរ ក្រុម​ម្ចាស់ផ្ទះ Tampines Rovers FC ត្រូវ​ស្វាគមន៍​ភ្ញៀវ Hanoi FC នៅ​ម៉ោង​៦:៣០​នាទី​(​ម៉ោង​នៅ​កម្ពុជា​)​នា​កីឡដ្ឋាន Jalan Besar Stadium​។ សម្រាប់​ជំនួប​បើកឆាក​ពូ​ល F កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ក្រុម​ណាហ្គា​វើ​ល​បាន​ចាញ់​ក្រុម​ម្ចាស់ផ្ទះ Hanoi FC ១០-០ ខណៈ Yangon United ចាញ់​ភ្ញៀវ Tampines Rovers FC របស់​សិង្ហ​បុរី ៣-១៕ 
 

Tag:
 បាល់ទាត់​
  មាស ចាន់ណា​
  AFC Cup
© រក្សាសិទ្ធិដោយ thmeythmey.com