ជាតិ
ពីនេះ ពីនោះ
រូបត្លុក
តៀម​កាហ្វេ​ថ្មីៗ​៖ ភ្នែក​គ្រោង​ធ្វើ​កូដកម្ម​ប្រឆាំង Smart phone
12, Mar 2019 , 3:49 pm        
រូបភាព
ដោយ: ថ្មីៗ
​ព្រឹក​នេះ កិច្ចសន្ទនា​រវាង អា​សុធីរ និង​អា​សំណាង ហាក់ដូចជា​ប្លែក​ពី​សព្វដង​។ អា​សំណាង​យកដៃ​ឆ្វេង​កាន់​កែវ​កាហ្វេ​ទឹកកក​ផឹក​បណ្តើរ និង​ភ្នែក​របស់​វា​សំឡឹង​កញ្ចក់​ទូរ​សព្ទ​ឆ្លាត Iphone នៅក្នុង​ប្រអប់​ដៃស្តាំ ដោយមាន​មេដៃ​របស់​វា ឆូត​លើ​កញ្ចក់​ទូរ​សព្ទ​ទៅលើ​រហូត​។​

 
​អា​សំណាង​៖ អញ​ឆ្ងល់​មនុស្ស​យើង​សាហាវ​មែន​! បង្កើត smart phone បង្កើត facebook ព័ត៌មាន​អន​ឡាញ Youtube អី​អស់ហ្នឹង ស្អី​ក៏​យើង​ដឹង​ដែរ​…
 
​អា​សំណាង​ពោល​មិនទាន់​ចប់​ប្រយោគ​ត្រឹមត្រូវ​ផង អា​សុធីរ លូក​មាត់​កាត់​។​
 
​អា​សុធីរ​៖ គិតតែ​ស្រើបស្រាល​ហ្នឹងហើយ​។ អ្ហែង​ប្រហែល​មិនដឹងថា ភ្នែក​នៅក្នុង​ពិភពលោក​កំពុង​ត្អូញត្អែរ និង​ទាមទារ​ធ្វើ​កូដកម្ម​ឈប់​បើកភ្នែក​ហើយ​។​
 
​អា​សំណាង​៖ វា​ស្អី​ទៀតហើយ​អ្ហា​!
 
​អា​សុធីរ​៖  ស្តាប់​អញ​! ថ្ងៃមួយ​ត្រចៀក ច្រមុះ មាត់ និង​ភ្នែក រអ៊ូ​ថ្លែងទុក្ខ​របស់​ពួកវា​។​
 
   ​ត្រចៀក ត្អូញត្អែរថា មនុស្ស​បង្កើន​ការលំបាក​ដល់​វា​ច្រើនណាស់​។ មនុស្ស​កាន់តែច្រើន សំឡេង​ឡាន​ម៉ូតូ​ក៏​ច្រើន​។ ពេលខ្លះ មនុស្ស​ញាត់​ប្រដាប់​ស្តាប់ភ្លេង​ចូល​ណែន​ត្រចៀក​បើក​សំឡេង​ខ្លាំងៗ​។ ចូល​ឡាន​ក៏​ដាក់​ឧបករណ៍​ចូល​ត្រចៀក​ដើម្បី​និយាយ​ទូរ​សព្ទ​។ ហាត់​កីឡា ក៏​ស្តាប់ភ្លេង​។ បើ​ពួក​អា​ប្រុសៗ​វិញ យប់​ចូល​ក្លិប ចូល​ខារ៉ាអូខេ​ស្អី​គេ​នោះ​ដល់​អធ្រាត្រ អញ​សឹងតែ​គ្មាន​ពេល​សម្រាក​ទេ​។​
 
​   មាត់​ក៏​ចូលមក​កាត់ ហើយ​តប​ទៅ​ត្រចៀក​៖ «​គ្រាន់តែ​សំឡេង បង​ឯង​ថា​លំបាក​ហើយ​។ ខ្ញុំ​ជាមួយ​អណ្តាត​ឯណេះ​វិញ​ទើប​យ៉ាប់​។ មនុស្ស​ស៊ីផឹក​ប្លែកៗ និង​ច្រើនៗ​ណាស់​ឥឡូវ​។ ខ្លាញ់ ឈាម ស្រា ប៊ី​យ៊ែ​រ ពិសេស​អាហារ​ហិ​រៗ​។ បើ​ស៊ី​ម្ជូរ​វិញ គឺ​អំបិលម្ទេស​ចុច​ជាមួយ​ម្ជូរ​។ ខ្ញុំ​ដូច​បៀម​ភ្លើង​អ៊ីចឹង​រាល់ថ្ងៃ​។ មើលទៅ​មានតែ​បង​ច្រមុះ​ទេ​ដែល​ស្គាល់​ក្តី​សុខ​ច្រើន​។ មនុស្ស​គេ​បាញ់​ទឹកអប់ ឡាន​គេ​ក្រអូប ហើយ​គេ​ដាំ​ផ្កា​ច្រើន​»​។​
 
   ​ច្រមុះ​ខឹង​តូង ហើយក៏​ស្រែក​ដាក់​ទៅ​អា​មាត់​ថា​៖ «​អ្ហែង​និយាយ​ហ្នុ​ង គឺ​ច្រមុះ​អ្នកមាន​ទ្រព្យ តែមួយ​ក្តាប់​តូច​ទេ​។ ដី​ហុយ ក្លិន​សំរាម លូទឹកស្អុយ​នៅតាម​ផ្លូវ​ជាប្រចាំ​។ មនុស្ស​ភាគច្រើន​ជិះ​ម៉ូតូ ជិះ​អា​ផា​ស្អាប់​ស្អី​គេ​នុះ អញ​ហិតក្លិន​ដី ក្លិន​ផ្សែង ឡើង​រលាក​រន្ធ​ស្ទើរ​រាល់ថ្ងៃ​ហើយ​។ ចុះ​បង​ភ្នែក​វិញ​? ច្រមុះ សួរ​ទៅ​ភ្នែក​ដែលមាន​ពណ៌​ក្រហម ហើយ​មាន​សើម​ដោយ​ទឹកភ្នែក​ផង​។​
«​យើង​ចង់​ធ្វើ​កូដកម្ម ឈប់​បើក​រហូត​»​។ ភ្នែក​ឆ្លើយ​ទាំង​ស្រងូតស្រងាត់​។ ច្រមុះ ត្រចៀក និង​មាត់ សួរ​ទៅ​ភ្នែក​ព្រមៗ​គ្នា​ថា​៖ «​ទុក្ខ​បង​ឯង​ធ្ងន់​ប៉ុណ្ណា​ទៅ​»?
 
   ​ភ្នែក​រៀបរាប់​៖ «​អា​ត្រចៀក​ឯង​ធុញ​ថ្លង់ តែ​ពេលខ្លះ​ក៏បាន​កម្សាន្ត​អារម្មណ៍​នឹង​បទ​ពីរោះ​។ អា​មាត់​ឯង ក៏​ស៊ី​ហិ​រ​រាល់ថ្ងៃ ហើយក៏​បាន​ទំពារ​អាហារ​ឆ្ញា​ញ់ៗ​ដែរ​។ ច្រមុះ​ឯង​ក៏មាន​ពេល​នៅក្នុង​ម៉ាស៊ីនត្រជាក់ មាន​ពេល​ស្រង់ក្លិន​ក្រ​អួ​ប ក្លិន​ឈ្ងុយ​ម្ហូប​ដែរ​។ តែ​ខ្ញុំ​វិញ​? ព្រលឹម​មិនទាន់ ឃើញ​ស្គ្រី​ន​ទូរ​សព្ទ​ហើយ ចូល​បន្ទប់ទឹក​មើល​ទូរ​សព្ទ ដល់​ក្នុង​ឡាន​មនុស្ស​ប្រើ​ដៃ​ម្ខាង​កាន់ចង្កូត ដៃ​ម្ខាង​ឆូត​កញ្ចក់​ទូរ​សព្ទ​។ អ្នកជិះ​ម៉ូតូ​ក៏​ដូចគ្នា​។ ដល់​កន្លែងធ្វើការ មនុស្ស​មើល​កំ​ព្យូ​ទ័​រ​ផង មើល​ទូរ​សព្ទ​ផង​។ ពេលទំនេរ​ពី​ការងារ គឺ​ទូរ​សព្ទ​។ ពេល​ទៅ​ដើរលេង​នៅ​សមុទ្រ នៅ​ភ្នំ នៅ​ជនបទ​ណាក៏ដោយ គឺ​ខ្ញុំ​សំឡឹង​តែ​កញ្ចក់​ទូរ​សព្ទ​។ មនុស្ស​នៅទីណា នៅលើ​គ្រែ ក៏​មិន​ដេក គឺ​សំឡឹង​តែ​ទូរ​សព្ទ​។ បើ​ភ្នែក​ក្មេងៗ​វិញ គឺ​ហ្គេម និង​យូ​ធូប​។ ពួក​ខ្ញុំ​ស្គាល់​តែ​កញ្ចក់​ទូរ​សព្ទ​។ ខ្ញុំ​ចង់​បបួល​បងប្អូន​ភ្នែក​គ្រប់​ជាតិ​សាសន៍​ធ្វើ​កូដកម្ម ឈប់​បើកភ្នែក​…
 
​អា​សំណាង​៖ បើ​ភ្នែក​វា​ត្អូញត្អែរ​ប៉ុណ្ណឹង​ហើយ អ្ហែង​គិត​ចង់​ប្រគល់​ទូរ​សព្ទ​ឆ្លា​តទៅ​ឲ្យ​ខាង​ណា​វិញ​? មាន​អ្នកណា​ហ៊ាន​ទទួល​?
 
​អា​សុធីរ​៖ អញ​មិនដឹង​ទេ​។ តែបើ​ក្រុមមនុស្ស​យើង​បន្ថយ​យក​ភ្នែក​ទៅ​មើល​ទូរ​សព្ទ អញ​យល់ថា ភ្នែក​អាច​បន្ថយ​កំហឹង​ដែរ​។ អ្ហែង​យក​ភ្នែក​ទៅ​មើល ទេសភាព មើលសៀវភៅ ឬ​មើល​ភ្នែក​គ្នា​វា​ខ្លះទៅ ភ្នែក​អាច​សប្បាយចិត្ត​ឡើងវិញ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com