អន្តរជាតិ
Seungri សមាជិកក្រុម Big Bang លាឈប់ពីសិល្បៈ ក្រោយធ្លាយរឿងអាស្រូវកក្រើកប្រទេស
× សមាជិកម្នាក់នៃក្រុមចម្រៀង K-pop របស់កូរ៉េខាងត្បូង Big Bang ដែលមានឈ្មោះនៅលើឆាកថា Seungri បានប្រកាសចាកចេញពីវិស័យសិល្បៈជាផ្លូវការ នៅថ្ងៃចន្ទទី ១១ ខែមីនា។ ការសម្រេចចិត្តនេះ គឺធ្វើឡើងក្រោយពីលោកទទួលរងបទចោទប្រកាន់ពាក់ព័ន្ធនឹងការអនុញ្ញាតឲ្យមានសេវាកម្មផ្លូវភេទទៅកាន់ជនបរទេស ក្នុងក្លិបកម្សាន្តឯកជនរបស់លោក។
សរសេរសារនៅលើគណនី Instagram តារាចម្រៀងវ័យ ២៨ឆ្នាំរូបនេះ និយាយថា លោកគិតថានេះគឺជាពេលវេលាសាកសមសម្រាប់ឲ្យលោកចូលនិវត្តន៍ពីឧស្សាហកម្មតន្ត្រី។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក Seungri អះអាងថា លោកនឹងសហការជាមួយការស៊ើបអង្កេតរបស់សមត្ថកិច្ចនៅក្នុងបទចោទប្រកាន់នេះ។
តារាចម្រៀង K-pop ដែលមានឈ្មោះពិត Lee Seung-hyun សុំទោសអ្នកគាំទ្រលោក ដោយនិយាយថា លោកត្រូវបានគេដាក់ឈ្មោះថាជា «ជនក្បត់ជាតិ»។ ទន្ទឹមនឹងគ្នានេះ ភ្នាក់ងារលោក ក្រុមហ៊ុន YG Entertainment Inc ប្រាប់ Reuters ថា ខ្លួនពុំទាន់សម្រេចចិត្តលើបំណងចាកចេញពីសិល្បៈរបស់ Seungri នៅឡើយទេ។
គិតត្រឹមថ្ងៃចន្ទទី ១១ ខែមីនា ភាគហ៊ុនតបស់ក្រុមហ៊ុន YG Entertainment បានធ្លាក់ចុះរហូតដល់ ជិត១៦ភាគរយ ដែលជាចំនួនច្រើនបំផុតចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០១៨មក។ កាលពីខែមុន ទាំង Seungri និងក្រុមហ៊ុន YG Entertainment សុទ្ធតែបដិសេធនឹងរឿងអាស្រូវពេស្យា ដោយអះអាងថា វាជារឿងប្រឌិត។
សូមបញ្ជាក់ថា Seungri បានលេចមុខក្នុងវិស័យសិល្បៈជាលើកដំបូងកាលពីឆ្នាំ២០០៦ ដោយអមជាមួយសមាជិកក្រុមចម្រៀង៤នាក់ទៀតរួមមាន G-Dragon, T.O.P, Taeyang និង Daesung ។ ក្រុមហ៊ុនចម្រៀង K-pop ដែលមានឈ្មោះថា Big Bang បានអូសទាញអ្នកគាំទ្រជាច្រើន នៅជុំវិញតំបន់អាស៊ី ដូចជា ហុងកុង, ម៉ាកាវ, សិង្ហបុរី និងតៃវ៉ាន់ជាដើម។
រឿងអាស្រូវថ្មីនេះ ផ្ទុះឡើងខណៈពេលដែលតារាចម្រៀងរូបនេះត្រៀមចូលអនុវត្តកាតព្វកិច្ចយោធា ដែលបុរសកូរ៉េខាងត្បូងទាំងអស់តម្រូវឲ្យបំពេញ។ សមាជិក៤នាក់ផ្សេងទៀតនៃក្រុមចម្រៀង Big Bang កំពុងចូលអនុវត្តកាតព្វកិច្ចយោធា។ កាលពីថ្ងៃសុក្រសប្តាហ៍មុន ភ្នាក់ងារលោក ឲ្យដឹងថា Seungri នឹងចូលធ្វើទាហានក្នុងខែមីនានេះ ដើម្បីបំពេញកាតព្វកិច្ចយោធារបស់លោក៕
Tag:
កូរ៉េខាងត្បូង
Seungri
រឿងអាស្រូវ
© រក្សាសិទ្ធិដោយ thmeythmey.com