កីឡាជាតិ
ជាតិ
សំបូរ ន​ន់​, ណុំ សុ​បិ​ន្ត លាឈប់​ពី​កីឡា​កាយ​វប្បកម្ម
12, Mar 2019 , 9:59 pm        
រូបភាព
កីឡាករ​ សំបូរ នន់ (ខាងឆ្វេង) និងកីឡាករ ណុំ សុបិន្ត ពេលចូលរួមប្រកួតកាលពីពេលកន្លងទៅ
កីឡាករ​ សំបូរ នន់ (ខាងឆ្វេង) និងកីឡាករ ណុំ សុបិន្ត ពេលចូលរួមប្រកួតកាលពីពេលកន្លងទៅ
ដោយ:
​កីឡាករ​កាយ​វប្បកម្ម សំបូរ ន​ន់ និង ណុំ សុ​បិ​ន្ត បានប្រកាស​លាលែង​ពី​អាជីព​ជា​កីឡាករ​កាយ​វប្បកម្ម ក្រោយ​មានរឿង​ដ៏​ចម្រូងចម្រាស​ពាក់ព័ន្ធ​នឹង​ថវិកា​លើកទឹកចិត្ត​របស់​កីឡាករ សំបូរ សុភ​ណ្ឌ ម្ចាស់​មេដាយមាស​ពិភពលោក​នៅ​ប្រទេស​ថៃ​។ សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​និង​លំ​ហាត់ប្រាណ​កម្ពុជា ដែល​ប្រកាន់​ជំហរ​មិន​ទទួលយក​ការបកស្រាយ​របស់​ក្រសួង ក៏បាន​ប្រកាស​ផ្អាក​សកម្មភាព​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ​មួយរយៈ​ផងដែរ​។

 
​បញ្ហា​រឿង​ថវិកា​លើកទឹកចិត្ត​របស់​កីឡាករ​កាយ​វប្បកម្ម សំបូរ សុភ​ណ្ឌ ដែល​ត្រូវបាន​គេ​បង្ហោះ​ព្រោងព្រាត​នៅលើ​បណ្តាញ​សង្គម​បានក្លាយ​ជា​រឿង​ដ៏​ក្តៅគគុក​សម្រាប់​វិស័យ​កីឡា​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​។ ទោះបី​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ព្យាយាម​សម្របសម្រួល​និង​បកស្រាយ​យ៉ាងណាក៏ដោយ តែ​សាមីខ្លួន​កីឡាករ និង​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និង​លំ​ហាត់ប្រាណ នៅតែ​ប្រកាន់​ជំហរ​មិន​ទទួលយក​ការបកស្រាយ​។ គោលបំណង​របស់​ពួកគេ គឺ​ធ្វើយ៉ាងណា​ទទួលបាន​ដំណោះស្រាយ​សមស្រប​តាម​កា​រ​ទាមទារ​។ 
 
​ការ​គ្មាន​ដំណោះស្រាយ​សមស្រប​ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា បានធ្វើ​ឲ្យ​កីឡាករ​មួយចំនួន​ប្រកាស​ពី​ជំហរ​ឈប់​ចូលរួម​ប្រកួត​តំណាង​ឲ្យ​ជាតិ និង​លាឈប់​ពី​អាជីព​ជា​កីឡាករ​កាយ​វប្បកម្ម​។ កីឡាករ សំបូរ ន​ន់ បងប្រុស​បង្កើត​របស់​កីឡាករ សំបូរ សុភ​ណ្ឌ បានប្រកាស​លាឈប់​ប្រកួត​តំណាង​ឲ្យ​ជាតិ ក្រោម​ហេតុផល​ក្រសួង​អប់រំ​មិន​ឲ្យ​តម្លៃ​លើ​កីឡា​។ 
 
​កីឡាករ​រូបនេះ បាន​រៀបរាប់​នៅលើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំបាទ សំបូរ ន​ន់ ជា​អ្នកកីឡា​កាយ​វប្បក​តំណាង​ជាតិ​តាំងពី​ឆ្នាំ​២០១២ រហូតមកដល់​បច្ចុប្បន្ន​នេះ ខ្ញុំ​សូម​ប្រកាស​ជា​សាធារណៈ​ថា ខ្ញុំ​ឈប់​ប្រកួត​ជា​កីឡាករ​តំណាង​ជាតិ​ទៀតហើយ ពីព្រោះ​ក្រសួង​អបរំ​យុវជន​និង​កីឡា មិនបាន​ឲ្យ​តម្លៃ​ដល់​កីឡា​មួយ​នេះ​សូម្បីតែ​បន្តិច អគុណ​បងប្អូន​ដែល​បាន​គ្រាំទ្រ​ខ្ញុំបាទ​រហូតមក​»​។​
 
​ម្ចាស់​មេដាយ​សំរឹទ្ធ​ពិភពលោក​កីឡាករ ណុំ សុ​បិ​ន្ត ដែល​បានប្រកាស​បញ្ចប់​អាជីព​ដោយ​គ្មាន​បញ្ជាក់​ហេតុផល​បាន​រៀបរាប់ថា​៖ «​ខ្ញុំបាទ ណុំ សុ​បិ​ន្ត ជា​កីឡាករ​តំណាង​ជាតិ​និង​ជា​គ្រូបង្វឹក​ផ្នែក​កីឡា​កាយ​វប្បកម្ម សូម​ប្រកាស​ជា​សាធារណៈ​ថា ខ្ញុំ​សុំ​បញ្ចប់​នូវ​អាជីព​មួយ​នេះ ហើយ​នឹងមិន​ចូលរួម​ប្រកួត​តំណាង​ជាតិ​ទៀត​នោះទេ​»​។ 
 
​ក្រៅពី​កីឡាករ​ទាំងពីរ​រូបនេះ ក៏មាន​កីឡាករ សំបូរ សុភ​ណ្ឌ ម្ចាស់​មេដាយមាស​ពិភពលោក​នៅ​ថៃ និង​បងប្រុស​របស់គេ គឺ​កីឡាករ សំបូរ ណាន ម្ចាស់​មេដាយមាស​ពិភពលោក​ក្នុង​ឆ្នាំ​២០១៧ ក៏​ប្រកាស​ឈប់​ចូលរួម​ប្រកួត​តំណាង​ឲ្យ​ជាតិ​ផងដែរ​។ ជាមួយគ្នានេះ សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​និង​លំ​ហាត់ប្រាណ​កម្ពុជា​បាន​បញ្ជាកថា សហព័ន្ធ នឹង​ផ្អាក​ចូលរួម​ប្រកួត​ទាំង​កម្រិត​អាស៊ាន អាស៊ី និង​ពិភពលោក​មួយរយៈ បើ​គ្មាន​ដំណោះស្រាយ​សមស្រប​ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា ពាក់ព័ន្ធ​បញ្ហា​ខាងលើ​។ 
 
​បញ្ហា​ដ៏​ចម្រូងចម្រាស​ខាងលើ បាន​កើតឡើង​បន្ទាប់ពី​កីឡាករ សំបូរ សុភ​ណ្ឌ បានផ្តល់​បទ​សម្ភាស​ដ​ល់​អ្នកសារព័ត៌មាន​ដោយ​ចោទប្រកាន់ថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​កិបកេង​ថវិកា​លើកទឹកចិត្ត​របស់គេ​ចំនួន​១០០​លាន​រៀល​។ ការចោទប្រកាន់​នេះ ក្រោយ​កីឡាករ សំបូរ សុភ​ណ្ឌ ទទួលបាន​ថវិកា​លើកទឹកចិត្ត​តែ​២០​លាន​រៀល ពី​ការ​ឈ្នះ​មេដាយមាស​ពិភពលោក​កាលពី​ចុងឆ្នាំ​២០១៨ ខណៈ​រូបគេ​រំពឹង​ទទួលបាន​១២០​លាន​រៀល​ដូច​ប្រភេទ​កីឡា​ដទៃ ដែល​ក្រសួង​ធ្លាប់​ផ្តល់​ឲ្យ​។ 
 
​ភ្លាមៗ​នោះ លោក អ៊ុក សិទ្ធ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បានចេញ​មុខមក​ច្រានចោល​ចំពោះ​ការចោទប្រកាន់​នេះ ដោយ​អះអាងថា ក្រសួង​មិនបាន​កិបកេង​ថវិកា​ដូច​ការលើកឡើង​របស់​កីឡាករ សំបូរ សុភ​ណ្ឌ នោះទេ​។ លោក​បានចាត់ទុក​ការចោទប្រកាន់​នេះ​ថា វា​ជាការ​ភាន់ច្រឡំ​របស់​កីឡាករ​។  
 
​លោក អ៊ុក សិទ្ធិ​ជាតិ បាន​បកស្រាយ​បន្ថែមថា​៖«​យើង​ឃើញ​តាម​ព័ត៌មាន​មួយចំនួន​ថា យើង​បាន​ស្នើសុំ​១២០​លាន​រៀល ហើយ​យើង​ឲ្យ​កីឡាករ សំបូរ សុភ​ណ្ឌ តែ​២០​លាន​រៀល ដោយ​ក្រសួង​ទុក​១០០​លាន​រៀល តែ​តាមពិត​មិន​ដូច្នេះ​ទេ​។ សូមបញ្ជាក់ថា ការផ្តល់​ថវិកា​លើកទឹកចិត្ត​នេះ គឺ​ស្ថិត​លើ​គោលការណ៍​ច្បាប់ទម្លាប់ មិនមែន​ស្ថិត​លើ​យើង​ថា ប៉ុណ្ណា​ឲ្យ​ប៉ុណ្ណឹង​នោះទេ​»​។ 
 
​បើតាម​ប្រកាស​អន្តរក្រសួង​ស្តីពី​«​គោលការណ៍​សម្រាប់​ប្រមូលផ្តុំ​ហ្វឹកហាត់​ក្រុម​ជម្រើសជាតិ និង​ការប្រកួត​លក្ខណៈ​អន្តរជាតិ​ផ្លូវការ​ប្រចាំឆ្នាំ​» ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​៧ កក្កដា ឆ្នាំ​២០១៥ ម្ចាស់​មេដាយមាស​ប្រចាំការ​ប្រកួត​ជើងឯក​ពិភពលោក​(World Championship)​ទទួលបាន​ថវិកា​លើកទឹកចិត្ត​២០​លាន​រៀល​, ប្រាក់​១៦​លាន​រៀល និង​សំរឹទ្ធ​១៣​លាន​រៀល​។​
 
​ប៉ុន្តែ​មេដាយ​នេះ​អាចមាន​តម្លៃ​ស្មើ​មេដាយ​កីឡា​អូឡាំពិក​ប្រសិនបើ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ដាក់សំណើរ​ពិសេស​ទៅកាន់​រាជរដ្ឋាភិបាល  ដើម្បី​ចេញ​អនុក្រឹត្យ​ស្តីពី​«​ការផ្តល់ប្រាក់​រង្វាន់​ចំពោះ​ជ័យលាភី និង​ប្រាក់ឧបត្ថម្ភ​ចំពោះ​គ្រូបង្វឹក​ក្នុងការ​ប្រកួត​កីឡា​ជា​លក្ខណៈ​អន្តរជាតិ​»​។ ក្រោយ​ទទួលបាន​អនុក្រឹត្យ​នេះ នោះ​មេដាយមាស​នឹងមាន​តម្លៃ​១២០​លាន​រៀល ប្រាក់​៨០​លាន​រៀល និង​សំរឹទ្ធ​៦៤​លាន​រៀល​។ 
 
​ករណី​កីឡាករ សំបូរ សុភ​ណ្ឌ ការមិនទទួលបាន​ថវិកា​លើកទឹកចិត្ត​១២០​លាន​រៀល​ពី​រាជរដ្ឋាភិបាល​ដោយសារ​ក្រសួង​អប់រំ យុវជន​និង​កីឡា​រួម​នឹង​ស្ថាប័ន​ពាក់ព័ន្ធ​មិនបាន​ដាក់សំណើរ​ពិសេស​ទៅកាន់​រាជរដ្ឋាភិបាល ទើប​រូបគេ​ទទួល​បានតែ​២០​លាន​រៀល​៕    
 

Tag:
 ​កាយ​វប្បកម្ម​
  សំបូរ ន​ន់​
  សំបូរ សុភ​ណ្ឌ​
  ណុំ សុ​បិ​ន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com