ជាតិ
សង្គមជាតិ
សម្តេចព្រមានអ្នកជួញគ្រឿងញៀនថា «អ្នកឯងពាក់លោកខែ ក៏ខ្ញុំចាប់ដែរ» សម្តេចនាយករដ្ឋមន្រ្តី ថ្លែងសារ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក។ រូបពីអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី
×
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកយកករណីនៅក្លិប Rock របស់ឧកញ៉ា គិត ធាង ទៅនិយាយម្តងទៀត នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៨របស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ។
ទោះជាក្លិប Rock ត្រូវបានបិទចោល ហើយឈានទៅដល់ចាប់ឧកញ៉ា គិត ធាង ដែលជាម្ចាស់ក្លិបក៏ដោយ ក៏សម្តេចនាយករដ្ឋមន្ត្រី នៅបន្តដាក់បញ្ជាទៅកម្លាំងសមត្ថកិច្ច ឲ្យស្វែងរកមេខ្លោងនិងអ្នកពាក់ព័ន្ធផ្សេងទៀតដែរ។ សម្តេចនាយក សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«ករណីនៅ Rock ត្រូវជីក ទោះបីជាជីកជម្រៅប៉ុន្មានម៉ឺនម៉ែត្រ ចុះទៅក្រោមដី ដើម្បីរកមេខ្លោង ក៏នៅតែត្រូវជីករកឲ្យឃើញដែរ»។
ប្រមុខរដ្ឋាភិបាល ចាត់ទុកវិធានការដ៏ក្តៅលើក្លិប Rock ថាជាការព្រមានមួយ ទៅដល់អ្នកមានលុយ-មានអំណាចដទៃទៀត ដែលនៅតែលួចរកស៊ីគ្រឿងញៀន។ ប្រមុខរដ្ឋាភិបាល ចង់ព្រមានពួកគេថា មិនមែនតែអ្នកសេពឬកម្មករតូចតាចទេ ដែលត្រូវប្រឈមនឹងច្បាប់ សូម្បីតែមេខ្លោង ក៏ត្រូវប្រឈមដូចគ្នា។
ប្រមុខរដ្ឋាភិបាល និយាយខ្លាំងៗយ៉ាងដូច្នេះថា៖«កុំថាពាក់ផ្កាយខ្ញុំដកមិនបាន ទោះអ្នកឯងពាក់លោកខែ ក៏ខ្ញុំ ដកនិងចាប់បានដែរ ហើយកុំឲ្យអ្នកណាមកកាង ទោះបីជើងកាងមកម៉ាកងពលក៏ដោយ ខ្ញុំវាយកម្ទេចចោលទាំងអស់»។
សម្តេចនាយករដ្ឋមន្ត្រី ឆ្លៀតប្រាប់ទៅតុលាការ ឲ្យកាត់ក្តីឲ្យបានត្រឹមត្រូវលើបទល្មើសគ្រឿងញៀន បើពុំដូច្នេះទេ តុលាការ ក៏មិនអាចរួចខ្លួនដែរ៕
សំឡេងនាយករដ្ឋមន្រ្តី
Tag:
ហ៊ុន សែន
តុលាការ
គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com