ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិន​ត្រឹមតែ​ឆ្ងាញ់​ទេ “​ត្របែក​” ប្រសើរ​ណាស់​ចំពោះ​សុខភាព ទប់ស្កាត់​ជំងឺ​ជាច្រើន​
13, Mar 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ត្របែក ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែលមាន​រសជាតិ​ជូ​អែម​អាច​ទទួលទាន​បាន​ទាំង​ខ្ចី និង​ទុំ ហើយ​សម្បូរ​ណាស់​ក្នុងប្រទេស​កម្ពុជា​។ ទោះបី​ភាគច្រើន​នៃ​ពួកយើង​ស្គាល់ និង​ឧស្សាហ៍​ទទួលទាន​ផ្លែឈើ​នេះ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា ត្របែក​អាច​ផ្ដល់​អត្ថប្រយោជន៍​ប្រសើរ​យ៉ាងណាខ្លះ​ចំពោះ​សុខភាព​។


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ឥទ្ធិពល​វិជ្ជមាន​គួរឱ្យភ្ញាក់ផ្អើល​នៃ​ការ​ទទួលទាន​ត្របែក ៖
 
១. ជួយ​ឱ្យ​ស្រក​ទម្ងន់​
 
​ត្របែក​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​, ជាតិ​សរសៃ និង​វីតាមីន ប៉ុន្តែ​កាឡូរី​ទាប ហើយ​គ្មាន​កូ​ឡេ​ស្តេ​រ៉ូ​ល​ដែល​ធ្វើឱ្យ​វា​ក្លាយជា​ជម្រើស​នៃ​ផ្លែឈើ​ដ៏​ប្រសើរ​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​។ វា​ក៏មាន​ផ្ទុក​ជាតិ​ស្ករ​តិច​បំផុត បើ​ប្រៀប​ជាមួយ​ផ្លែ​ទំពាំងបាយជូរ​, ក្រូច និង​ប៉ោម​។​
 
២. បង្កើន​សុខភាព​ភ្នែក​

​ត្របែក ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន A ដែល​ជួយ​រក្សា​សុខភាព​ភ្នែក​ជៀស​ផុតពី​ជំងឺ​ផ្សេងៗ និង​ធ្វើឱ្យ​មើលឃើញ​បាន​កាន់តែច្បាស់​។​
 
៣. ព្យាបាល​អាកា​រៈ​ទល់លាមក​

​ត្របែក មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ dietary ជួយ​សម្រួល​ប្រព័ន្ធ​រំលាយ​អាហារ ក៏​ដូច​​ជា​ចលនា​ពោះវៀន​បំបាត់​អាកា​រៈ​ទល់លាមក​បាន​យ៉ាង​ឆាបរហ័ស​។
 
៤. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​
 
​នោះ​ក៏​ព្រោះតែ ត្របែក ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C, សារធាតុ lycopene, សារធាតុ polyphenols និង​សារធាតុ quercitin ដែលមាន​ឥទ្ធិពល​ខ្លាំងក្លា​ប្រយុទ្ធប្រឆាំង​រ៉ាឌីកាល់​សេរី​ដែល​បង្ក​ជំងឺមហារីក​។​

៥. បញ្ចុះ​សម្ពាធ​ឈាម​
 
​បរិមាណ​នៃ​ជាតិ​សរសៃ​ខ្ពស់​ក្នុង​ផ្លែ​ត្របែក ក៏​ជួយ​បញ្ចុះ​សម្ពាធ​ឈាម និង​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ដែល​ធ្វើឱ្យ​អ្នក​អាច​ជៀស​ផុតពី​ជំងឺ​សរសៃឈាម​បេះដូង រួមទាំង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​
 
៦. ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម​
 
​ជាតិ​សរសៃ dietary នៃ​ផ្លែ​ត្របែក​ជួយ​គ្រប់គ្រង​ការ​ស្រូបយក​ជាតិ​ស្ករ​ដោយ​រាងកាយ​។ ដូច្នេះ​វា​កាត់បន្ថយ​ឱកាស​នៃ​ការធ្លាក់ចុះ ឬ​កើនឡើង​ខុស​ប្រក្រតី​នៃ​ជាតិ​ស្ករ និង​អាំង​ស៊ុយ​លីន​ក្នុង​រាងកាយ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com