អន្តរជាតិ
អាមេរិក បន្ត​ប្រើ​យន្តហោះ​របស់​ប៊ូ​អ៊ីង តែ​ប្រាប់​ក្រុមហ៊ុន​ឲ្យ​បង្កើន​គុណភាព​
13, Mar 2019 , 9:27 am        
រូបភាព
រូបភាព Flight Global
រូបភាព Flight Global
​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធរ​បស់​អាមេរិក នៅ​ថ្ងៃទី​១១ ខែមីនា បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ផលិត​យន្តហោះ​ប៊ូ​អ៊ីង បង្កើន​គុណភាព​យន្តហោះ​របស់ខ្លួន​ដែល​ពាក់ព័ន្ធ​ក្នុង​គ្រោះថ្នាក់​ធ្លាក់​ផ្ទួនៗ​។ អាមេរិក ក៏​គ្មាន​ផែនការ​ផ្អាក​ការប្រើប្រាស់​យន្តហោះ​ធុន Boeing 737 MAX 8 ឡើយ ទោះជា​ប្រទេស​ជាច្រើន​បានសម្រេច​ចិត្ត​ផ្អាក​ប្រើប្រាស់​យន្តហោះ​ធុន​នេះ​ក្នុង​ការបម្រើ​សេវាកម្មរ​បស់​ខ្លួន​។ ប៉ុន្តែ​អាមេរិក​នឹង​ចាត់វិធានការ​បន្ទាន់ បើ​រកឃើញ​បញ្ហា​។​

 
​ហេតុការណ៍​ធ្លាក់​យន្តហោះ​ធុន Boeing 737 MAX 8 របស់​ក្រុម​​ហ៊ុន​ប៊ូ​អ៊ីង ចំនួន​ពីរ​ករណី​ក្នុង​រយៈ​​ពេល​ត្រឹម​៥​ខែ ធ្វើ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​នានា​បារម្ភ​យ៉ាងខ្លាំង​។ ក្រោយ​ហេតុការណ៍​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​ឥណ្ឌូណេស៊ី Lion Air កាលពី​ខែតុលា ឆ្នាំ​២០១៨ និង​ថ្មីៗ​នេះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេ​ត្យូ​ពី ក្រុមហ៊ុន​អាកាសចរណ៍​ចិន ម៉ុង​ហ្គោ​លី និង​ម៉ិ​ក​ស៊ិ​ក បានសម្រេច​ចិត្ត​ផ្អាក​ប្រើប្រាស់​យន្តហោះ​របស់​ក្រុមហ៊ុន​អាមេរិក​នេះ​សិន​។​
 
​បន្ទាប់ពី​មាន​ហេតុការណ៍​គ្រោះថ្នាក​បន្តកន្ទុយ​គ្នា​បែបនេះ រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ (FAA) បានធ្វើការ​ជាមួយ​អាជ្ញាធរ និង​ស្ថាប័ន​កំណត់​សុវត្ថិភាព​ដឹកជញ្ជូន​ដើម្បី​ស្រាវជ្រាវ​យន្តហោះ​របស់​ក្រុមហ៊ុន​ប៊ូ​អ៊ីង​។ ក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​១១ ខែមីនា FAA នឹងមាន​ចំណាត់ការ​បន្ទាន់ និង​សមស្រប បើ​រកឃើញ​បញ្ហា​ដែល​ប៉ះពាល់​សុវត្ថិភាព​។ FAA ក៏​បញ្ជា​ឲ្យ​ប៊ូ​អ៊ីង​បង្កើន​គុណភាព​លើ​កម្មវិធី និង​ប្រព័ន្ធ​ដំណើការ​ម៉ាស៊ីន​យន្តហោះ ហើយ​ក្រុមហ៊ុន​មាន​ពេល​ដល់​ខែមេសា​ដើម្បី​កែប្រែ​។​
 
​យន្តហោះ Boeing 737 MAX 8 ជា​ស៊េរី​យន្តហោះ​លក់ដាច់​ជាងគេ​របស់​ក្រុមហ៊ុន​ប៊ូ​អ៊ីង ដោយ​មកទល់​ប​ច្ច​ប្បន្ន​នេះ មាន​ការបញ្ជាទិញ​ចំនួន​ប្រាំ​ពាន់​គ្រឿង​ពី​អតិថិជន​ជុំវិញ​ពិភពលោក​។ អាកាសចរណ៍​អេ​ត្យូ​ពី ដែលជា​ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរការបាន​បញ្ជា​ទិញ​យន្តហោះ​ស៊េរី MAX ចំនួន​៣០​គ្រឿង​ឯណោះ​។ ចិន​ដែលជា​ទីផ្សារ​អាកាសចរ​ណ៍​ដ៏​ធំ​របស់​ពិភពលោក បាន​កុម្ម៉ង់​យន្តហោះ​ស៊េរី​នេះ​ចំនួន​១៨០​គ្រឿង​ផងដែរ​។​
 
​ខណៈ​ក្រុមហ៊ុន​ជាច្រើន​សម្រេចចិត្ត​ផ្អាក​ការប្រើ​យន្តហោះ​ស៊េរី Boeing 737 MAX 8 ក្រុមហ៊ុន​អាកាសចរណ៍​ផ្សេងទៀត​របស់​រុស្ស៊ី តួ​ក​គី និង​អូ​ម៉​ង់ គឺ​នៅតែ​បន្ត​ប្រើប្រាស់​ដដែល​។ សម្រាប់​អាកាសចរណ៍​អាមេរិក​វិញ ក៏​នៅតែ​ជឿជាក់​លើ​ក្រុមហ៊ុន​ប៊ូ​អ៊ីង​របស់​អាមេរិក​នេះ​ដូចគ្នា​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ 
 
​សូមបញ្ជាក់ថា ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​វ៉ុល ET302 អ្នកជិះ​ទាំង​១៥៧​បាន​ស្លាប់ និង​មាន​៣៥​សញ្ជាតិ​ផ្សេងៗ​គ្នា​។ កេ​ន​យ៉ា រងគ្រោះ​ច្រើនជាងគេ​គឺ​៣២​នាក់ បន្ទាប់មក កាណាដា ១៨​នាក់ អេ​ត្យូ​ពី​១៧​នាក់ (​រាប់ទាំង​បុគ្គលិក​យន្តហោះ​ទាំង​៨​នាក់​)  ចិន​៨​នាក់ អ៊ីតាលី​៨​នាក់ អាមេរិក​៨​នាក់ បារាំង​៧​នាក់ អង់គ្លេស​៧​នាក់ អេ​ហ្ស៊ី​ប​៦​នាក់ អាល្លឺម៉ង់​៥​នាក់ ឥណ្ឌា​៤​នាក់ ស្លូ​វ៉ា​គី​៤​នាក់ អូទ្រីស​៣​នាក់ រុស្ស៊ី​៣​នាក់ ស៊ុយអែត​៣​នាក់ អេ​ស្ប៉ា​ញ​២​នាក់ អ៊ីស្រាអែល​២​នាក់ ម៉ា​រ៉ុ​ក​២​នាក់ និង​ប៉ូឡូញ​២​នាក់​។​
 
​ចំណែកឯ​បែលហ្ស៊ិក ជី​ប៊ូ​ទី ឥណ្ឌូណេស៊ី អៀរ​ឡង់ មូ​សំ​ប៊ិក ន័​រវេ​ស រ​វ៉ាន់ដា អា​រ៉ា​ប៊ី​សា​អូឌីត ស៊ូដង់ សូ​ម៉ាលី ស៊ែ​ប៊ី តូ​ហ្គោ អ៊ូ​ហ្គ​ង់​ដា យេ​ម៉ែន ណេ​ប៉ាល់ និង​នី​ហ្សេ​រី​យ៉ា សុទ្ធ​តែមាន​ជនរងគ្រោះ​ម្នាក់ៗ​រៀងៗ​ខ្លួន​៕  
 

Tag:
 អាមេរិក​
  Boeing
© រក្សាសិទ្ធិដោយ thmeythmey.com