ជាតិ
សង្គមជាតិ
លោក យន្ត មីន ប្រាប់​ឲ្យ​ពលរដ្ឋ​អនាធិបតេយ្យ​ដកខ្លួន​ចេញពី​ទីតាំង​ដី​កម្មសិទ្ធិ​របស់​រដ្ឋ​
13, Mar 2019 , 9:56 am        
រូបភាព
​ភ្នំពេញ​៖ អាជ្ញាធរខេត្ត​ព្រះសីហនុ ប្រាប់​ឲ្យ​ពលរដ្ឋ​ដកខ្លួន​ចេញពី​ទីតាំង​ដី​កម្មសិទ្ធិ​អ្នកដទៃ និង​ដី​រដ្ឋ ដែល​កំពុងមាន​ជម្លោះ នៅ​ភូមិ គគីរ ឃុំ បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ អាជ្ញាធរ ចាត់ទុក​ពលរដ្ឋ​ដែល​ទើប​បោះទីតាំង​រស់នៅ​ដី​មាន​ជម្លោះ​ទាំងនោះ ជា​ក្រុម​ឆ្លៀតឱកាស​កេង​ប្រយោជន៍​។​

 
​អាជ្ញាធរ បាន​អះអាងថា ប្រជាពលរដ្ឋ​មួយចំនួន បានមកពី​តំបន់ និង​ខេត្ត​ផ្សេងៗ តាម​ការអូសទាញ​រប​ស់មេ​ខ្លោង​នៅ​ពីក្រោយ​ខ្នង មក​ទន្ទ្រាន​យក​ដី​កម្មសិទ្ធិ​របស់​អ្នកដទៃ និង​ដី​រដ្ឋ​ដែល​កំពុង​មានទំនាស់​នៅក្នុង​ភូមិ​គគីរ ក្រោម​ហេតុផល​ថា ក្រីក្រ​គ្មាន​ដី​គ្មាន​ផ្ទះ​នៅ​។ អាជ្ញាធរ ចាត់ទុក​សកម្មភាព​ទាំងនេះ គឺជា​យុទ្ធសាស្ត្រ​របស់​ក្រុម​ប្រជាពលរដ្ឋ​អនាធិបតេយ្យ​ក្រោម​ល្បិច (​ឈ្នះ​បាន​ដី​ចាញ់​បាន​លុយ​) ប៉ុណ្ណោះ​។​
 
​លោក ឱ សារឿន អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ថ្លែងប្រាប់​សារព័ត៌​ថ្មីៗ​ថា ថ្នាក់ដឹកនាំ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ បាន​សិក្សា​ស្រាវជ្រាវ និង​អប់រំ​ប្រជាពលរដ្ឋ​ដែល​បានមក​ទន្ទ្រាន​កាន់កាប់​ដី​របស់​អ្នកដទៃ និង​ដី​រដ្ឋ ឲ្យ​បញ្ឈប់​សកម្មភាព​ចាប់ដី​ដោយ​ខុសច្បាប់ និង​ត្រូវគោរព​ច្បាប់​ជា​ធរមាន ដែល​ស្ថិតនៅ​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ លោក​បាន​និយាយថា​៖«​ពួកគាត់​កែន​គ្នា​មក​តាម​ការ​ញុះញង់ ក៏​ដូច​នាំគ្នា​មក​តាមបែប​អនាធិបតេយ្យ មក​ចាប់យក​ដី​ដែល​ទំនេរៗ​» ។ 
 
​អម​ជាមួយ​វិធានការ​ខាងលើ រដ្ឋបាលខេត្ត​ព្រះ​ស៊ី​ហ​នុ នៅតែ​រក្សារ​ជំហរ​គាំទ្រ​សាលដីការ​របស់​តុលាការ​កំពូល លើ​ករណី​ជម្លោះដីធ្លី​ដែល​ស្ថិតនៅ​ភូមិ គគីរ ឃុំ បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយ​រក្សា​ដី​ដែលមាន​ទំនាស់​ទៅ​ឲ្យ​ភាគី​ដែល​ឈ្នះក្តី​ដ៏​ដែល​។ ហើយ​ប្រជាពលរដ្ឋ​ត្រូវគោរព​ច្បាប់​ទៅតាម​ខ្លឹមសារ​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល និង​រក្សារ​សិទ្ធ​ស្របច្បាប់​របស់​ឯ​ជន ដោយ​មិនត្រូវ​រំលោភបំពាន​លើ​កម្មសិទ្ធិ​អ្នក​ដ៏​ទៃ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់​រដ្ឋ​បាល​ខេត្ត​ព្រះសីហនុ​។​
 
​នៅពេល​សួរថា តើ​អាជ្ញាធរ​មានការ​ដោះស្រាយ​បែបណា​ហើយ ចំពោះ​ប្រជាពលរដ្ឋ​ដែល​ប្ដឹងតវ៉ា​លើ​បញ្ហាដីធ្លី​នៅ​តំបន់​នេះ​កន្លងមក​? លោក ឱ សារឿន សុំ​មិន​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា ប៉ុន្តែ​លោក​គ្រាន់តែ​និយាយថា ប្រជាពលរដ្ឋ​មិនអាច​ទៅ​ទន្ទ្រាន​កាន់កាប់​ដី ដោយ​មិនមាន​ច្បាប់ទម្លាប់​បែបនេះ​ឡើយ​។ 
 
​ជុំវិញ​បញ្ហា​ខាងលើ​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​និយាយថា ពលរដ្ឋ​ដែល​បាន​បោះទីតាំង​ថ្មី រស់នៅ​ដី​មាន​ជម្លោះ​ទាំងនោះ ជា​ក្រុម​ឆ្លៀតឱកាស​កេង​ប្រយោជន៍​ពី​ដី​មាន​បញ្ហា​នេះ​។​លោក បានដាក់​បញ្ជា​ទៅ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ រួមជាមួយ​នឹង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ត្រូវ​ស្រាវជ្រាវ​តាមដាន​រកមុខ​សញ្ញា មេខ្យល់​ទាំងអស់នោះ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​ដោយ​គ្មាន​លើកលែង​។ ត្រង់ចំណុច​នេះ​លោក យន្ត មីន បាន​សង្កត់ធ្ងន់ថា ប្រជាពលរដ្ឋ​អនាធិបតេយ្យ​ទាំងអស់ ត្រូវ​នាំគ្នា​ដកខ្លួន​ចេញពី​ទីតាំង​ដី​កម្មសិទ្ធិ​របស់គេ និង​ដី​សាធារណៈ​របស់​រដ្ឋ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ប្រឈមមុខ​ជាមួយ​ច្បាប់​។​
 
អត្ថបទទាក់ទង
 
 
​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាលខេត្ត អភិបាលខេត្ត​ព្រះសីហនុ បាន​និយាយ​ដូច្នេះ​ថា​៖«​ប្រទេស​មានច្បាប់ ដូច្នេះ​យើង​ត្រូវតែ​អនុវត្ត​ទៅតាម​ច្បាប់​ដោយ​មិនអាច​បណ្ដែតបណ្ដោយ​ឲ្យ​ក្រុម​អនាធិបតេយ្យ​មក​ក្រឡុក​ធ្វើ​ព្យុះ ធ្វើ​ភ្លៀង បង្កបញ្ហា​ឥតឈប់ឈរ​ដូច្នេះ​ឡើយ​»​។​
 
​ទាក់ទង​នឹង​បញ្ហាដីធ្លី​នៅ​ភូមិ​គគីរ​នេះ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ បាន​បង្កើត​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ និង​ស្រាវជ្រាវ​ករណី​វិវាទ​ដីធ្លី ខេត្ត​ព្រះសីហនុ​។ ក្នុងនោះ​ក៏មាន​ពាក់ព័ន្ធ​ជាមួយនឹង​សាល​ដីស​ម្រេច​របស់​តុលាការ​កំពូល​ផងដែរ កាលពី​ថ្ងៃទី​៧ ខែ​មិនា ឆ្នាំ​២០១៩​។​
 
​កាលពី​ថ្ងៃទី​២៨ កុម្ភៈ ប្រមុខ​រដ្ឋាភិបាល ក៏​ចេញ​លិខិត ដក​អភិបាលរង​ខេត្ត​ពីររូប​គឺ​លោក ផៃ ប៊ុន​វណ្ណៈ និង លោក ស្រ៊ុន ស្រ៊ន់ ដែលជា​អ្នកទទួល​បញ្ជា​ចុះទៅ​អនុវត្ត​ដីកា​របស់​តុលាការ​កំពូល ដែល​សម្រេច​ឲ្យ​ឧកញ៉ា​ម្នាក់​ឈ្នះក្តី​លើ​ប្រជាពលរដ្ឋ នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាង ស្រុក ព្រៃនប់​ខេត្ត​ព្រះសីហនុ​។ ក្រៅពី​ដក​អភិបាលរង​ខេត្ត​ទាំងពីរ​រូបនេះ សម្ដេច ហ៊ុន សែន ក៏បាន​បញ្ជា​ឲ្យ​ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ មក​គ្រប់គ្រង​វិញ ហើយ​រៀបចំ​ជា​ដី​សង្គមកិច្ច ដើម្បី​បែងចែក​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​តវ៉ា​ទាំងនោះ​ទៀតផង​៕

Tag:
 ទំនាស់​ដីធ្លី​
  ខេត្ត​ព្រះសីហនុ​
  យន្ត មីន​
© រក្សាសិទ្ធិដោយ thmeythmey.com