កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយ​រកបាន​៣​គ្រាប់ Ronaldo ថា «​នេះ​ជា​ហេតុផល​ដែល Juventus ទិញ​ខ្ញុំ​»
13, Mar 2019 , 11:13 am        
រូបភាព
រូបភាពពីទំព័រផ្លូវការ UCL
រូបភាពពីទំព័រផ្លូវការ UCL
​ខ្សែប្រយុទ្ធ Cristiano Ronaldo ថា​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​៣​គ្រាប់ (Hat-Trick) ទៅលើ​ក្រុម Atletico Madrid ដើម្បី​បញ្ជូន Juventus ឈានទៅ​កាន់​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ UEFA Champions League គឺជា​មូល​ហេតុដែល​ក្លិប​យក្ស​អុីតាលី​ទិញ​ខ្លួន​ពី Real Madrid​។​


 
អត្ថបទទាក់ទង
 
Ronaldo បានឈ្នះ​ពាន​កំពូល​អឺរ៉ុប​នេះ​ចំនួន​៤​ដង​ក្នុងការ​បង្ហាញខ្លួន​៥​រដូវ​កាល​ចុងក្រោយ​ជាមួយ Real Madrid មុន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ Juventus ក្នុងតម្លៃ​កំណត់ត្រា​ក្លិប ១១២ លាន​អឺរ៉ូ (១២៦​លាន​ដុល្លារ​អាមេរិក​) នៅ​ដើមរដូវ​កាល ២០១៨-១៩ នេះ​។​
 
​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៣៣​ឆ្នាំ​រូបនេះ​រកបាន​តែ​១​គ្រាប់​ប៉ុណ្ណោះ​ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​កន្លងមក ប៉ុន្តែ​បែ​ជា​បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ពេល​ប៉ះ AT-Madrid នា​ជំនួប​ជើង​ទី​២ ក្នុង​ទឹកដី Allianz Stadium នៅ​រាត្រី​ថ្ងៃទី​១២ ខែមីនា​។​


 
​ក្រុម​របស់លោក Diego Simeone បាន​នាំមុខ​ក្រុម​របស់លោក Massimiliano Allegri ២-០ ទៅហើយ​កាល​ជើង​ទីមួយ​នៅ​កីឡដ្ឋាន Wanda Metropolitano Stadium ដោយ​រំពឹង​ខ្ពស់​ដើម្បី​ទៅកាន់​វគ្គ​បន្ត​។ យ៉ាងណាក្តី​រំពឹង​នេះ​ត្រូវបាន​រលាយ​ទៅវិញ ដ្បិត Ronaldo នៅតែ​បង្ហាញ​សម្ថ​ភាព​ដ៏​អស្ចារ្យ​របស់គេ​នៅលើ​ទីលាន​ជាមួយនឹង​ការ​ស៊ុត​បញ្ចូល​ទី​ដល់​ទៅ​៣​គ្រាប់​ម្នាក់ឯង​សម្រាប់ Juventus​។​
 
​ជា​រឿង​គួរ​ឲ្យ​អាម៉ាស​ដូចគ្នានេះ​សម្រាប់ AT-Madrid កាលពី​២​ឆ្នាំមុន​។ Real Madrid បាន​ទម្លាក់​ក្រុម​លោក Diego Simeone នៅ​វគ្គ​ពាក់កណ្តាល់​ផ្តាច់ព្រ័ត្រ Champions League ក៏​ដោយសារតែ Ronaldo រកបាន​៣​គ្រាប់​ដូចគ្នានេះ​ក្នុង​រដូវ​កាល ២០១៦-១៧​។​
 
​ក្រោយ​បន្ត​ធ្វើបាន hat-trick លើ​អតីត​គូប្រជែង​ចាស់ Ronaldo បាន​ប្រាប់​ទូរទស្សន៍ Sky Sport របស់​អុីតាលី​ថា​៖«​នេះ​ជា​មូលហេតុ​ដែល Juventus ទិញ​ខ្ញុំ​ទៅ​រួម​ក្រុម ដើម្បី​ជួយ​ពួកគេ​សម្រាប់​ជ័យជម្នះ​ដ៏​អស្ចារ្យ​ដូច​យប់​នេះ​អុីចឹង​។ Atletico ជា​ក្រុម​ដ៏​រឹងមាំ​ដែល​ត្រូវ​ប្រឈមមុខ ប៉ុន្តែ​យើង​មាន​ភាពខ្លាំង​ក្លា​ជាង​ហើយ​សម​នឹង​ទទួលលទ្ធផល​នេះ​»​។​
 
​នៅមុន​ជំនួប​ជើង​ទី​១ និង​មុន​ជើង​ទី​២​ដែល​របូត​២​គ្រាប់​រួចទៅហើយ​នោះ ប៉ុន្តែ​អ្នកចាត់ការ Juventus លោក Massimiliano Allegri នៅតែ​ដាក់​ការទុកចិត្ត​លើ​អតីត​ខ្សែប្រយុទ្ធ Manchester United រូបនេះ​ដដែល ដោយ​អះ​អា​ថា​រូបគេ​ជា​កីឡាករ​ដែលមាន​«​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​» នៅក្នុង​ក្របខណ្ឌ Champions League៕

Tag:
 បាល់ទាត់​
  UEFA Champions League
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com