ONE Championship
កីឡាជាតិ
ជាតិ
វី ស្រី​ខួច ចង់​បង្ហាញថា​ស្ត្រី​អាច​ប្រកួត​ក្នុង​កម្រិត​ខ្ពស់​នៅ​សង្វៀន ONE និង​ប៉ង​យក​មេដាយមាស​នៅ​ស៊ី​ហ្គេម​
13, Mar 2019 , 7:19 pm        
រូបភាព
​អត្ថបទ​៖ Matias Andres
 
​កីឡាការិនី​ប្រដាល់​របស់ ONE Championship វី ស្រី​ខួច បាន​ខកខាន​ឡើង​សង្វៀន​រយៈពេល​១​ឆ្នាំ​មកហើយ ប៉ុន្តែ​អ្នកលេង​គុន​ចម្រុះ​ដ៏​មាន​ទេពកោសល្យ​វ័យ​២៨​ឆ្នាំ​រូបនេះ​កំពុង​សម្លឹង​ទៅកាន់​ឱកាស​បង្ហាញ​សមត្ថភាព​ជាថ្មី​ក្នុង​ឆ្នាំ​២០១៩​នេះ​។​

 
​ជា​ជើងឯក​គុន​ខ្មែរ​ក្នុង​ទម្ងន់ Flyweight និង​ជា​អ្នកលេង​ក្បាច់គុន​ម្នាក់​ជាច្រើន​ឆ្នាំ​មកហើយ ស្រី​ខួច ជា​ដៃគូ​ហ្វឹកហាត់​ជាប្រចាំ​របស់​តារា ONE Championship ដែល​កំពុង​រះ នៅ ស្រី​ពៅ​។ ស្រី​ខួច ក៏បាន​អមដំណើរ ស្រី​ពៅ ទៅកាន់​ការប្រកួត ONE: CLASH OF LEGENDS ទល់នឹង Rika “Tinydoll” Ishige ក្នុង​ក្រុង​បាងកក​កាលពី​ពាក់កណ្ដាល​ខែកុម្ភៈ​កន្លងទៅ​ផងដែរ​។​
 
​ជោគជ័យ​របស់ ស្រី​ពៅ បាន​បំផុសទឹកចិត្ត ស្រី​ខួច ហើយ ស្រី​ខួច សង្ឃឹមថានឹង​បាន​ឱកាស​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​ដើម្បី​ប្រកួត​ក្នុង​ទ្រុង​គុន​ចម្រុះ​ក៏ដូចជា​ក្នុង​សង្វៀន​ប្រដាល់​ធំៗ​ផ្សេងទៀត​។​


 
​ស្រី​ខួច រៀបរាប់ថា​៖ «​ខ្ញុំ​ខាន​វាយ​អស់​មួយឆ្នាំ​ពេញ តែ​ខែ​នេះ​គេ​ប្រមូលផ្តុំ​ជម្រើសជាតិ​ទៅ​ប្រកួត​នៅ SEA Games 2019 ក្នុងប្រទេស​ហ្វ៊ី​លី​ពី​ន​។ ខ្ញុំ​ចង់​ហាត់​ឲ្យ​ខ្លាំង​ជាង​មុន​សម្រាប់ SEA Games​។ ខ្ញុំ​ចង់​ធ្វើ​ឲ្យ​បានល្អ​ជាង​ពីមុនៗ ព្រោះ​ប្រកួត​កន្លងមក​អត់​ដែល​បានសម្រេច អ៊ីចឹងទៅ​ម្តង​ហ្នឹង​ខ្ញុំ​នឹង​វាយ​ធ្វើ​ម៉េច​ឲ្យ​បាន​»​។​
 
​ជាមួយនឹង​ការកំណត់​គោលដៅ​ដណ្ដើម​ឲ្យ​បាន​មេដាយ​នៅ SEA Games ឆ្នាំនេះ​ដែល​នឹង​ចាប់ផ្ដើម​ក្នុង​ខែវិច្ឆិកា​ខាងមុខ ស្រី​ខួច ក៏មាន​ការជំរុញ​ទឹកចិត្ត​ខ្ពស់​ដើម្បី​បង្កើន​កម្រិត​សមត្ថភាព​របស់ខ្លួន​ឲ្យ​ឈានចូល​កម្រិត​ខ្ពស់​ផងដែរ​។​
 
​ស្រី​ខួច បញ្ជាក់ថា​៖ «​ខ្ញុំ​ចង់បង្ហាញ​គ្រប់គ្នា​ថា​យើង​ស្ត្រី​អាច​ទៅ​វាយ ហើយ​អាច​ទទួលបាន​មេដាយ​មក​ប្រទេសជាតិ​វិញទៀត​។ មេដាយ​អី​ក៏ដោយ​ឲ្យ​តែ​បាន​»​។​
 
​ជ័យជម្នះ​របស់ ស្រី​ពៅ នៅ​បាងកក​គឺជា​ការជំរុញ​ទឹកចិត្ត​ដ៏​ធំ​មួយ​សម្រាប់​អត្ត​ព​លិ​ក​ក្បាច់គុន​កម្ពុជា ជាពិសេស​ស្ត្រី​ក្នុងប្រទេស​នេះ ហើយ ស្រី​ខួច សង្ឃឹមថានឹង​ក្លាយជា​កីឡាការិនី​ជួរមុខ​ម្នាក់​ដែល​ធ្វើដំណើរ​ឆ្ពោះទៅកាន់​កម្រិត​កំពូល​។​
 
​ស្រី​ខួច ធ្លាប់​ចាត់ទុក​ការចាប់​កាច់​ជា​ចំណុចខ្សោយ​ធំ​បំផុត​របស់ខ្លួន ប៉ុន្តែ​បន្ទាប់ពី​ចូល​ហាត់​នៅ​ក្លិប Cambodian Top Team នាង​មាន​អារម្មណ៍​ថា​មាន​ទំនុកចិត្ត​ខ្ពស់ជាង​មុន​ក្នុង​ជំនាញ​គុន​ចម្រុះ​របស់ខ្លួន​។​
 
​ស្រី​ខួច ប្រាប់ថា​៖ «​ពេល​ខ្ញុំ​ប្រកួត​នៅ ONE Championship ខ្ញុំ​គិត​ច្រើនពេក ខ្លាច​គេ​ចូលចាប់ ដោយសារ​ខ្ញុំ​អត់​សូវ​ចេះ​ចាប់​ក្បាច់​ហ្នឹង​។ កាល​មុន ខ្ញុំ​មានការ​ហ្វឹកហាត់​បាន​តិចតួច​ពេក ហើយ​ខ្ញុំ​ត្រូវ​បែងចែក​ពេល​រវាង​ការហ្វឹកហាត់​ប្រដាល់សកល​នៅ​អូឡាំពិក​និង​MMA​នៅ​ក្លិប​សិល្បៈ​របស់លោក​គ្រូ​ចាន់​រតនា​។ តែ​ឥឡូវ​ខ្ញុំ​បាន​ហាត់​ជំនាញ​នេះ​នៅ​ក្លិប​លោកគ្រូ​ចាន់​រាជ្យ ខ្ញុំ​ចេះ​ច្រើន ដូច្នេះ​ខ្ញុំ​មិន​ខ្លាច​ទៀត​ទេ​»​។​
 
​ការ​ត្រលប់​ទៅ​ប្រកួត​ក្នុង​ទ្រុង ONE Championship និង​ការដណ្ដើម​មេដាយ​ស៊ី​ហ្គេម​ឆ្នាំ​២០១៩​មើលទៅ​ហាក់ជា​ការរំពឹងទុក​ច្រើន​សម្រាប់​ស្រី​ខួច ប៉ុន្តែ​នាង​កំណត់​គោលដៅ​ខ្ពស់​សម្រាប់​ខ្លួនឯង​ព្រោះ​នាង​ដឹងថា​នាង​អាចធ្វើ​បាន​។​
 
​នៅ​ពីក្រោយ​ស្រី​ខួច​គឺ​គ្រួសារ មិត្ត​ភ័ក្ដិ និង​សិស្ស​រួម​ក្លិប​ដ៏​រឹងមាំ​ដែល​ជួយ​ជំរុញ​លើកទឹកចិត្ត​នាង ហើយ​ឆ្នាំ​២០១៩​នេះ​ក៏​ត្រូវបាន​រំពឹងទុក​ថា​ជា​ឆ្នាំ​ដ៏​កក្រើក​មួយ​សម្រាប់​កម្ពុជា​។​
 
​ស្រី​ខួច បញ្ជាក់​ចុងក្រោយ​ថា​៖ «​គ្រូ​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា​ឆ្នាំនេះ​ជា​ឆ្នាំ​ដ៏​ធំ​មួយ ដូច្នេះ​ចូរ​ត្រៀមខ្លួន​ឲ្យ​រួចរាល់​!»៕
 

Tag:
 ONE Champioship
  វី ស្រី​ខួច​
© រក្សាសិទ្ធិដោយ thmeythmey.com