ជាតិ
សង្គមជាតិ
ការងារ​ជំរឿន​នៅ​បណ្តា​ខេត្ត​បញ្ចប់​បណ្តើរៗ តែ​នៅ​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ អាច​យឺតយ៉ាវ
13, Mar 2019 , 2:38 pm        
រូបភាព
រូបភាពពី​រដ្ឋ​បាល​រាជធានីភ្នំពេញ​
រូបភាពពី​រដ្ឋ​បាល​រាជធានីភ្នំពេញ​
ដោយ:
​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​១៣​មីនា​នេះ ជា​ថ្ងៃ​បញ្ចប់​កិច្ចការងារ​ធ្វើ​ជំរឿន​នៅតាម​រាជធានី​-​ខេត្ត​ទូទាំងប្រទេស​កម្ពុជា​។ នៅតាម​បណ្តា​ខេត្ត​មួយចំនួន មន្ត្រី​ជំរឿន​បានបញ្ចប់​ការងារ​នេះ​បណ្តើរៗ​ហើយ ប៉ុន្តែ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ការធ្វើជំរឿន​ទំនង​យឺតយ៉ាវ​បន្តិច ដោយសារ​កំណើនប្រជាជន​ច្រើន​។ លោក ណុប កន​ណា​វុ​ឌ្ឍ អ្នកនាំពាក្យ​ក្រសួងផែនការ​បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​។

 
​មន្ត្រី​ជំរឿន កំពុងតែ​ញាប់ដៃ​ញាប់ជើង បញ្ចប់​ការងារ​របស់ខ្លួន​ឲ្យ​ទាន់ពេលវេលា​ដែល​កំណត់​ត្រឹម​ថ្ងៃទី​១៣ ខែមីនា​នេះ​។ លោក ណុប កន​ណា​វុ​ឌ្ឍ អ្នកនាំពាក្យ​ក្រសួងផែនការ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា មកដល់​ថ្ងៃនេះ​ខាង​មន្ត្រី​ជំរឿន​កំពុងតែបន្ត​កិច្ចការងារ​ជំរឿន​យ៉ាង​មមាញឹក​។ បើតាម​អ្នកនាំពាក្យ​ដដែល នៅតាម​បណ្តា​ខេត្ត​មួយចំនួន មន្ត្រី​ជំរឿន​បានបញ្ចប់​ការងារ​នេះ​បណ្តើរៗ​ហើយ លើកលែងតែ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ដែល​ទំនងជា​ចប់​យឺត​ជាងគេ ដោយសារ​កំណើនប្រជាជន​ច្រើន​។  លោក ណុប កន​ណា​វុ​ឌ្ឍ បញ្ជាក់​ដូច្នេះ​៖«​ការធ្វើជំរឿន​នៅ​រាជធានី​ភ្នំពេញ ង​ខេត្ត​ព្រះសីហនុ យើង​បាន​បញ្ជូន​មន្ត្រី​ជំរឿន​បន្ថែមទៀត ដើម្បី​ឲ្យ​កិច្ចការ​ការងារ​មួយ​នេះ​ប្រព្រឹត្តទៅ​យ៉ាង​រលូន​»​។  
 
​បើតាម​លោក លោក ណុប កន​ណា​វុ​ឌ្ឍ រយៈពេល​ធ្វើ​ជំរឿន​រយៈពេល​១០​ថ្ងៃ​មកនេះ  មន្ត្រី​ជំរឿន​បាន​ប្រទះ​នឹង​បញ្ហា​មួយចំនួន​ដូចជា​គ្រោះថ្នាក់​ចរាចរណ៍​, សត្វ​ឆ្កែ​ខាំ ពេល​ចុះទៅ​ប្រមូល​ព័ត៌មាន​ផ្ទាល់​ដល់ផ្ទះ​ប្រជាពលរដ្ឋ​នៅ និង​ការរារាំង​មន្ត្រី​ជំរឿន​មិន​ឲ្យ​ធ្វើ​កិច្ចការ​នេះ​ជាដើម​។ ទោះជា​យ៉ាងនេះ​ក្តី​អ្នកនាំពាក្យ​ក្រសួងផែនការ អះអាងថា ការធ្វើ​ជំ​ន​រឿន​ប្រជាជន​លើក​ទី​៣​នេះ នឹង​បញ្ចប់​ទៅដោយ​រលូន​ល្អ​។​
 
​សូមបញ្ជាក់ថា ការធ្វើជំរឿន​លើក​ទី​៣​នេះ បានចាប់ផ្តើម​ពីថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​១៣ ខែមីនា ដោយ​គ្រោង​ចំណាយ​ថវិការដ្ឋ​ជាង​៨​លាន​ដុល្លារ​។ ការងារ​ជំរឿន​ប្រជាជន​កម្ពុជា បានធ្វើ​រួច​២​ដង​ហើយ​គឺ​នៅ​ឆ្នាំ​១៩៩៨ និង​ឆ្នាំ​២០០៨​។ ជំរឿន​នៅ​ឆ្នាំ​១៩៩៨ មាន​ប្រជាជន​ចំនួន​១១,៤៣៧,៦៥៦​នាក់ ហើយ​ឡើងដល់ ១៣,៣៩៥,៦៨២​នាក់ នៅ​ឆ្នាំ​២០០៨​។ នៅ​ឆ្នាំ​២០១៥ អង្គការសហប្រជាជាតិ បាន​ប៉ាន់ប្រមាណ​ថា ចំនួន​ប្រជាជន​កម្ពុជា​កើន​ដល់​១៥,៥៨​លាន​នាក់​៕  

Tag:
 ជំរឿន
© រក្សាសិទ្ធិដោយ thmeythmey.com