ជាតិ
វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
កម្ពុជា​នឹង​រៀបចំ​ពិព័រណ៍​បច្ចេកវិទ្យា​ធំ​បំផុត​លើក​ទី​១
13, Mar 2019 , 7:59 pm        
រូបភាព
រូបឯកសារ៖ ការ​ដាក់​តាំង​បង្ហាញ​ផលិតផល​បច្ចេកវិទ្យា ​នៅ​ក្នុង​កម្មវិធី​មហោស្រព​បច្ចេកវិទ្យា​ (Inno-Tech Festival Cambodia) ប្រចាំ​ឆ្នាំ​នៅ​ក្នុង​រាជធានីភ្នំពេញ​ កាល​ពីថ្ងៃ​ទី​១៨​ ខែ​មីនា​ ឆ្នាំ២០១៦។​ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ ការ​ដាក់​តាំង​បង្ហាញ​ផលិតផល​បច្ចេកវិទ្យា ​នៅ​ក្នុង​កម្មវិធី​មហោស្រព​បច្ចេកវិទ្យា​ (Inno-Tech Festival Cambodia) ប្រចាំ​ឆ្នាំ​នៅ​ក្នុង​រាជធានីភ្នំពេញ​ កាល​ពីថ្ងៃ​ទី​១៨​ ខែ​មីនា​ ឆ្នាំ២០១៦។​ (ហ៊ាន សុជាតា/VOA)
ដោយ: VOA
​ភ្នំពេញ ៖ ពិព័រណ៍​បច្ចេកវិទ្យា «​ឌីជីថល​កម្ពុជា ២០១៩» ថ្នាក់ជាតិ​ធំ​បំផុត​ប្រចាំឆ្នាំ ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​(NIPTICT) នឹងធ្វើ​ឡើងជា​លើកដំបូង ដើម្បី​បង្កើន​ការស្វែងយល់​របស់​សាធារណជន និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ទៀត ពី​វឌ្ឍនភាព​របស់​វិស័យ​បច្ចេកវិទ្យា​ដែល​បាន​កំពុង​រីកលូតលាស់​នៅក្នុង​ប្រទេស និង​នៅតាម​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក​។​

 
​ពិព័រណ៍​បច្ចេកវិទ្យា​នេះ គ្រោង​នឹង​រៀបចំឡើង​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៩​ខាងមុខ នៅ​សាល​ពិព័រណ៍​ពាណិជ្ជកម្ម​កោះ​ពេជ្រ​។​
 
​គេហទំព័រ​«​ឌីជីថល​កម្ពុជា ២០១៩» បានបញ្ជាក់​ឲ្យ​ដឹងថា ពិព័រណ៍​នេះ​មានបំណង​ជំរុញ​បរិយាកាស​សហគ្រិនភាព​ប្រកបដោយ​និរន្តរភាព​នៅ​កម្ពុជា​ដើម្បី​ជួយ​ជំរុញ​ឲ្យ​មាន​នវានុវត្តន៍​ភាព និង​បំបាត់​ឧបសគ្គ​ក្នុង​វិស័យ​បច្ចេកវិទ្យា រួមទាំង​បំផុស​ឲ្យ​មានការ​ប្រាថ្នា​ចង់បាន​គ្រប់​កម្រិត​នៅក្នុង​វិស័យ​ដែល​បាន​ក្លាយជា​បដិវត្តន៍​ឧស្សាហកម្ម​ទី​បួន​។​
 
​លោក សេង សុភាព នាយក​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន (National Institute of Posts, Telecommunications and ICT ឬ​NIPTICT) ប្រាប់ VOA ថា រដ្ឋាភិបាល​ក្នុងឆ្នាំនេះ គ្រោង​នឹង​ប​ម្លែ​ង​កម្ពុជា​ឲ្យ​ក្លាយទៅជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ឌីជីថល​មួយ សម្រាប់​ឧស្សាហកម្ម​៤.០ ដែលជា​និន្នាការ​ស្វ័យប្រវត្តិកម្ម​និង​ការផ្លាស់ប្ដូរ​ទិន្នន័យ​នៅក្នុង​បច្ចេកវិទ្យា​ផលិតកម្ម​។​
 
​លោក​បាន​និយាយថា​៖
 
«​វា​ចាំបាច់ វា​ដល់ពេល​មួយ​ដែល​យើង​ត្រូវតែ​បង្ហាញថា​ឧស្សាហកម្ម ICT​យើង​មាន​ទំហំ​ធំ​គួរសម ហើយ​យើង​មាន​យុវជន​យើង​ក៏មាន startup មួយចំនួន​ដែលមាន​ក្រាស់ក្រែល​ដែល​ហើយ​»​។​
 
​ពិព័រណ៍​បច្ចេកវិទ្យា «​ឌីជីថល​កម្ពុជា ២០១៩» ដែលមាន​រយៈពេល​បី​ថ្ងៃនេះ​នឹងមាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាង​១០០​ក្រុមហ៊ុន​មក​ចូលរួម​តាំង​បង្ហាញ រួមទាំង​មន្ត្រី​តំណាង​និង​វាគ្មិន​ជាង​១០០​នាក់ ដែល​មកពី​ក្នុង​តំបន់​អាស៊ាន​និង​ក្រសួង​ពាក់ព័ន្ធ ទាំង​ស្ថាប័ន​សាធារណៈ និង​ស្ថាប័នឯកជន មក​ចែករំលែក​បទពិសោធន៍ និង​ធ្វើការ​ពិភាក្សា​លើ​និន្នាការ​អភិវឌ្ឍ ក៏ដូចជា​ការ​ប្រឈម​របស់​វិស័យ​បច្ចេកវិទ្យា​បច្ចុប្បន្ន ជាពិសេស​ក្នុង​វិស័យ​ឧស្សាហកម្ម​៤.០​។ នេះ​បើ​យោងតាម​លោក សេង សុភាព នាយក​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន (NIPTICT)​។​
 
​លោក សុខ សុភមង្គល សហ​ស្ថាបនិក​និង​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Codingate​ដែលជា​ក្រុមហ៊ុន​បង្កើត​គេហទំព័រ និង​កម្មវិធី​តាម​ទូរស័ព្ទ​សម្រាប់​ក្រុមហ៊ុន​អាជីវកម្ម  មាន​សុទិដ្ឋិនិយម​សម្រាប់​ពិព័រណ៍​បច្ចេកវិទ្យា​ខ្នាត​ធំ​ក្នុង​ឆ្នាំ​២០១៩​មួយ​នេះ​។​
 
​ជា​វាគ្មិន​ម្នាក់​សម្រាប់​កិច្ចពិភាក្សា​អំពី​ការ​ប្រឈម​និង​ការរីកចម្រើន​របស់​អា​ជីវ​កម្ម​ក្នុង​វិស័យ​បច្ចេកវិទ្យា​នេះ លោក សុខ សុភមង្គល ថ្លែងថា ពិព័រណ៍​នេះ​គឺ​ពិតជា​មានការ​រៀបចំ​ធំ​ខុសពី​ពិព័រណ៍​បច្ចេកវិទ្យា​ផ្សេងទៀត​។​
 
​លោក​លើកឡើងថា ប្រធានបទ​ដែល​នឹង​លើក​យកមក​ពិភាក្សា មាន​លក្ខណៈ​ស៊ីជម្រៅ​និង​សេចក្ដី​វិភាគ ដែល​អាច​ផ្ដល់​ជា​ទុន​ដល់​សហគ្រិន និង​យុវ​និស្សិត​ដែលមាន​គំនិត​ផ្ដួចផ្ដើម​បើក​អាជីវកម្ម​ខាង​បច្ចេកវិទ្យា​ក្នុងប្រទេស​។​
 
​លោក​បាន​ប្រាប់ VOA នៅ​ថ្ងៃ​អង្គារ​នេះ​ថា​៖
 
«​អ៊ីចឹង​នេះ​ជា​ចំណុច​មួយ​ដែល​បង្ហាញ​ពី​ការរីកចម្រើន​នៅក្នុង​បច្ចេកវិទ្យា​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​មួយទៀត​គឺ​ផ្ដល់នៅ​ការជំរុញ​និង​ការចូលរួម​ពី​ផ្នែក​មិន​ត្រឹមតែ​ផ្នែក​ធុរកិច្ច ឬ​ផ្នែក​អាជីវកម្ម ម្ចាស់​គ្រប់គ្រង​អាជីវកម្ម​ឬអី ទាក់ទង​ជាមួយ​អ្នកធ្វើការ ឬ​សិស្ស​និស្សិត​ផ្សេងៗ គាត់​អាចមក​ចូលរួម​ចាប់យក​ចំណេះដឹង​ទៅលើ​ហ្នឹង​ដូចគ្នា​ដែរ​»​។​
 
​ទោះបីជា​ប្រទេស​កម្ពុជា​ជា​ប្រទេសមួយ​ក្មេងខ្ចី​ខាង​វិស័យ​បច្ចេកវិទ្យា​និង​ទូរគមនាគមន៍ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ វិស័យនេះ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ទាំងពី​រដ្ឋាភិបាល សហគ្រិន​ថ្មី និង​យុវ​និស្សិត​។​
 
​បន្ថែម​លើ​ពិព័រណ៍​បច្ចេកវិទ្យា​«​ឌីជីថល​កម្ពុជា ២០១៩» នេះ កម្ពុជា​ក៏​តែងតែ​រៀបចំ​ពិព័រណ៍​បច្ចេកវិទ្យា​មួយចំនួនទៀត​ដូចជា Barcamp ភ្នំពេញ និង​មហោស្រព​ជាតិ​ស្តីពី​វិទ្យាសាស្ត្រ​និង​វិស្វកម្ម​ជាដើម​។​
 
​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ ក៏​កំពុង​ឃើញ​ការបង្កើត​សហគ្រាស​ថ្មី​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ឬ​ហៅ​កាត់​ថា Startup​។ ការបង្កើត​ក្រុមហ៊ុន​ថ្មី​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ចាប់ផ្ដើម​ទទួលបាន​ប្រជាប្រិយភាព ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com