អន្តរជាតិ
វៀតណាម​បិទ​ដែនអាកាស​មិន​ឲ្យ​យន្តហោះ​ប៊ូ​អុីង 737 MAX ហោះ​ឆ្លងកាត់​
13, Mar 2019 , 9:19 pm        
រូបភាព
ដោយ:
​អាជ្ញាធរ​អាកាសចរណ៍​វៀតណាម បានសម្រេច​ហាមប្រាម​យន្តហោះ​ប៊ូ​អ៊ីង 737 MAX ពី​ការហោះ​ឆ្លងកាត់​ដែនអាកាស​ខ្លួន ដោយ​លើកឡើង​ពី​កង្វល់​ជុំវិញ​បញ្ហា​សុវត្ថិភាព​នៃ​យន្តហោះ​ប្រភេទ​នេះ​។ ការដាក់ចេញ​ចំណាត់ការ​នេះ គឺធ្វើឡើង​ក្រោយពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ប្រភេទ​ប៊ូ​អុីង 737 MAX កើតឡើង​ចំនួន​២​ដង​ទៅហើយ ក្នុង​រយៈពេល​មិន​ដល់​៦​ខែ​ផង​នោះ​។ 

 
​ការហាម​ប្រាម​នេះ បាន​ចូល​ជាធរ​មាននៅ​ម៉ោង​១០​ព្រឹក ថ្ងៃ​ពុធ​ទី​១៣ ខែមីនា​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​វៀតណាម​។ ក្នុង​សេចក្តីថ្លែងការណ៍​ដដែល​នេះ លោក Dinh Viet Thang ប្រធាន​នៃ​ភ្នាក់ងារ​នេះ គូសបញ្ជាក់ថា​៖«​ក្រុមហ៊ុន​អាកាសចរណ៍ នឹងត្រូវ​រង​ផលប៉ះពាល់​ដោយសារ​ចំណាត់ការ​នេះ ដ្បិត​ពួកគេ​នឹងត្រូវ​ប្រើប្រាស់​យន្តហោះ​ប្រភេទ​ផ្សេង​។ ប៉ុន្តែ​ទាំងអស់នេះ​គឺ​ដើម្បី​មូលហេតុ​សុវត្ថិភាព​»​។ 
 
​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន Vietnam Express ក្រុមហ៊ុន​អាកាសចរណ៍ Eastar Jet របស់​កូរ៉េខាងត្បូង​, ក្រុមហ៊ុន Thai Lion Air របស់​ថៃ និង​ក្រុមហ៊ុន Malindo Air របស់​ម៉ាឡេស៊ី ធ្វើ​ប្រតិបត្តិការ​ជើងហោះហើរ​ដោយ​ប្រើប្រាស់​យន្តហោះ Boeing 737 MAX ទៅកាន់​ប្រទេស​វៀតណាម​។ យ៉ាងណាមិញ ភ្លាមៗ​ក្រោយ​មាន​ហេតុការណ៍​ធ្លាក់​យន្តហោះ​ប្រភេទ​នេះ​នៅ​អេ​ត្យូ​ពី ក្រុមហ៊ុន​អាកាសចរណ៍​ទាំងនេះ សម្រេច​ផ្អាក​ប្រតិបត្តិការ​ជា​បណ្តោះអាសន្ន​សិន ដើម្បី​រង់ចាំ​លទ្ធផល​នៃ​ការស៊ើបអង្កេត​រក​មូល​ហេតុ​នៃ​ការធ្លាក់​។ 
 
​ខណៈ​បច្ចុប្បន្ននេះ ពុំមាន​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ណាមួយ​បើក​ប្រតិបត្តិការ​យន្តហោះ ប៊ូ​អុីង 737 MAX 8 ទេ​។ ក្រុមហ៊ុន​អាកាសចរណ៍ Vietjet កាលពី​ថ្មីៗ​នេះ បាន​បញ្ជា​ទិញ​យន្តហោះ​ប្រភេទ​នេះ​ចំនួន ២០០​គ្រឿង​ពី​ក្រុមហ៊ុន​យក្ស​របស់​អាមេរិក​។ ហើយ​យន្តហោះ ប៊ូ​អុីង 737 MAX 8 ដំបូង នឹងត្រូវ​បញ្ជូន​ទៅដល់​ប្រទេស​វៀតណាម នា​ខែតុលា​ខាងមុខ​។ 
 
អត្ថបទទាក់ទង
 
 
​សូមបញ្ជាក់ថា ការធ្លាក់​យន្តហោះ​កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន​នៅ​អេ​ត្យូ​ពី គឺជា​ឧប្បទ្ទវហេតុ​លើក​ទី​ពីរ​ហើយ​ក្នុង​រយៈពេល​មិន​ដល់​៦​ខែ​ផង ដែល​ពាក់ព័ន្ធ​នឹង​យន្តហោះ​ប៊ូ​អុីង  737 MAX 8 ។ ឧប្បទ្ទវហេតុ​ទីមួយ បាន​កើតឡើង​កាលពី​ខែតុលា​ឆ្នាំ​២០១៨​កន្លងទៅ ដោយ​យន្តហោះ​ប្រភេទ​ដូចគ្នានេះ​ដែល​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន Lion Air របស់​ឥណ្ឌូណេស៊ី​បាន​ធ្លាក់ចុះ ត្រឹម​១៣​នាទី​ប៉ុណ្ណោះ​បន្ទាប់​ហោះ​ឡើង​ផុត​ដី​។ ក្នុង​ហេតុការណ៍​នេះ​បានសម្លាប់​មនុស្ស​ទាំងអស់ ១៨៩​នាក់​។ 
 

Tag:
 វៀតណាម​
  យន្តហោះ ប៊ូ​អុីង 737 MAX
© រក្សាសិទ្ធិដោយ thmeythmey.com