ជាតិ
សេដ្ឋកិច្ច
សម្ដេច ហ៊ុន សែន ៖ គ្រាន់តែ​ទីផ្សារកសិកម្មនៅ​ហ្វីលីពីន ក៏​កម្ពុជា ដេញថ្លៃ​មិន​ឈ្នះ​វៀតណាម និង​ថៃ​ដែរ​
14, Mar 2019 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ បញ្ហា​ប្រកួតប្រជែង​សេដ្ឋកិច្ច ជាពិសេស​ផលិតផល​កសិកម្ម នៅតែ​ជា​រឿង​ចម្បង ដែល​គ្រប់​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​។ នេះ​ជាការ​លើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​។​


 
​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ព្រឹក​ថ្ងៃទី​១៤ មីនា​នេះ សម្ដេច ហ៊ុន សែន បាន​និយាយថា ទីផ្សារ​កសិកម្ម​របស់​កម្ពុជា មិនទាន់មាន​ភាពល្អប្រសើ​នៅឡើយ​ទេ ខណៈដែល​ប្រទេសជិតខាង​ក៏​សម្រុក​នាំចេញ​ផលិតផល​កសិកម្ម​ដែរ​។ មូល​ហេតុដែល​កម្ពុជា ពិបាក​ប្រកួតប្រជែង​ផលិតផល​កសិកម្ម​ជាមួយ​ប្រទេសជិតខាង​នោះ ដោយសារតែ​ផលិតផល​កម្ពុជា មានតម្លៃ​ខ្ពស់​ជាងគេ​។ 
 
​ត្រង់ចំណុច​នេះ​សម្ដេច ហ៊ុន សែន បាន​លើកយក​បញ្ហា​ជាក់ស្ដែង​មក​និយាយថា គ្រាន់តែ​ហ្វីលីពីន​បើក​ទីផ្សារ​កសិកម្ម​ឲ្យ​ប្រទេស​ក្នុង​តំបន់​ដេញថ្លៃ​នាំចូល​នោះ ក៏​កម្ពុជា ដេញថ្លៃ​មិន​ឈ្នះ​វៀតណាម និង​ថៃ​ដែរ ព្រោះ​តម្លៃ​ផលិតផល​កសិកម្ម​ប្រទេស​ទាំងពីរ​នេះ ថោក​ជាង​ផលិតផល​កម្ពុជា​។ ដោយសារ​មើលឃើញ​បញ្ហា​នេះ លោកនាយក​រដ្ឋមន្ត្រី បញ្ជា​ឲ្យ​ក្រសួងកសិកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​នេះ ដោយ​ធ្វើយ៉ាងណា​កាត់បន្ថយ​ថ្លៃដើម និង​ការចំណាយ​ខ្ពស់​របស់​កសិករ ដើម្បី​ជំរុញ​ឲ្យ​ពួកគេ​មានលទ្ធភាព​ខ្ពស់​ក្នុង​ការផលិត ហើយ​នាំ​ចេញទៅ​ប្រកួតប្រជែង​។​
 
​បច្ចុប្បន្ន​កសិករ​កម្ពុ​ជា កំពុង​ធ្វើ​កសិកម្ម ហើយ​មានលទ្ធភាព​ប្រើប្រាស់​គ្រឿងយន្ត ជំនួស​កម្លាំង​មនុស្ស មាន​ចំនួន​៩៦​ភាគរយ​។ ហើយ​ការប្រើប្រាស់​គ្រឿងយន្ត​នេះ ភាគច្រើន​ត្រូវការ​ចំណាយ​ច្រើន សម្រាប់​ការផលិត ដែលជា​មួល​ហេតុ​នាំ​ឲ្យ​ផលិត​ផលកម្ម​កម្ពុជា មានតម្លៃ​ខ្ពស់ជាង​ប្រទេសជិតខាង​។ នេះ​បើតាម​ប្រមុខ​រដ្ឋាភិបាល​៕ 
 

Tag:
 ​ហ៊ុន សែន​
  កសិកម្ម​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com