កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Bayern Munich ៖ ក្រុម​ខ្ញុំ​សម​នឹងត្រូវ Liverpool ទម្លាក់​ពី​ក្របខណ្ឌ UEFA Champions League
14, Mar 2019 , 12:59 pm        
រូបភាព
​លោក Niko Kovac គ្រូបង្វឹក Bayern Munich បាន​និយាយថា​ក្រុម​របស់លោក​សម​នឹងត្រូវ Liverpool ទម្លាក់​ពី​ក្របខណ្ឌ UEFA Champions League នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នេះហើយ​។​

 
​វា​ជា​រឿង​ដែល​ត្រូវ​បំភ្លេចបាន​សម្រាប់​ក្រុម Bayern Munich បន្ទាប់ពី​ពួកគេ​រង​បរាជ័យ​ដោយ​លទ្ធផល ៣-១ ក្រោម​ស្នាដៃ​ក្រុម Liverpool ក្នុង​ដី​ខ្លួនឯង​នា​កីឡដ្ឋាន Allianz Arena នៅ​រាត្រី​ថ្ងៃទី​១៣ ខែមីនា​។​
 
​ចាប់តាំងពី​រដូវ​កាល ២០១០-១១ មក នេះ​ជា​លើក​ទី​១​ហើយ​ដែល​ក្រុម​ម្ចាស់​ជើងឯក Bundesliga ធ្លាក់​ចេញពី​ពានរង្វាន់​កំពូល​អឺរ៉ុប​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ​។​


 
​លោក Kovac បាន​ប្រាប់​ទូរទស្សន៍ Sky ក្រោយ​ចប់​ការប្រកួត​ថា​៖ «​យើង​មាន​គូប្រជែង​ខ្លាំង​ហើយ​យើង​ត្រូវ​អបអរ Liverpool និង​លោក Jurgen Klopp​។ ពួកគេ​លេង​បានល្អ​ជាង​យើង​សម្រាប់​ការប្រកួត​ទាំងពីរ​ជើង ហើយ​យើង​សម​នឹង​ទទួល​បរាជ័យ​។ គូប្រជែង​មួយ​នេះ​បាន​វាយ​សម្រុក​យើង​យ៉ាងខ្លាំង​ស្ទើរតែ​ដកឃ្លា​មិនបាន ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​»​។​


 
​គ្រូ​សញ្ជាតិ​ក្រូ​អាស៊ី វ័យ​៤៧​ឆ្នាំ​រូបនេះ បាន​សរសើរ​ក្រុម​របស់លោក Klopp ទៀតថា Liverpool ជា​ក្រុម​កំពូល​មួយ​នៅ​ទ្វីបអឺរ៉ុប ដែល​ពួកគេ​បានធ្វើ​ឲ្យ​ក្រុម Bayern Munich បានដឹង​ពី​កម្រិត និង​សមត្ថភាព​លេង​របស់ខ្លួន​។​ចំណុច​ពិសេស​ដែលជា​ការអះអាង​នូវ​អ្វីដែល​លោក Kovac ទទួលស្គាល់​បរាជ័យ​នេះ គឺ​នៅក្រោយពេល​ខ្សែបម្រើ Sadio Mane បាន​ប្រើ​សមត្ថភាព​ដ៏​អស្ចារ្យ​ដោយ​ញាក់​ផុត​អ្នកចាំទី Manuel Neuer រួច​ស៊ុត​បញ្ចូល​ទី​ឲ្យ Liverpool នាំមុខ​នៅ​នាទី​២៦​នោះ ក្នុងចំណោម​២​គ្រាប់​របស់គេ​។​


 
​ការសម្រេច​ទី​គ្រាប់​ទី​១​របស់ Mane នេះ​សូម្បីតែ Neuer ខ្លួនឯង​ផ្ទាល់​ក៏​ទទួលស្គាល់ និង​កោតសរសើរ​ពី​ភាព​រហ័ស​របស់​ខ្សែបម្រើ​សញ្ញា​តិ​សេ​ណេ​ហ្គា​ល់​រូបនេះ​ដែរ​៕

Tag:
 បាល់ទាត់​
  UEFA Champions League
  Niko Kovac
© រក្សាសិទ្ធិដោយ thmeythmey.com