ជាតិ
សេដ្ឋកិច្ច
សម្ដេច ហ៊ុន សែន ជំរុញឲ្យសេដ្ឋីពាន់លាន និងសេដ្ឋីរយលានក្នុងស្រុក វិនិយោគលើវិស័យកសិកម្ម
× ភ្នំពេញ៖ មិនត្រូវសម្លឹងមើលតែអ្នកវិនិយោគពីក្រៅប្រទេសនោះទេ តែអ្នកវិនិយោគក្នុងស្រុកដែលមានធនធានច្រើន ក៏ត្រូវទាក់ទាញសម្រាប់ការបោះទុនក្នុងវិស័យកសិកម្ម។ នេះបើតាមការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថ្លែងទៅកាន់ថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទ ក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងកសិកម្ម នៅថ្ងៃទី១៤ខែកុម្ភៈ។
សម្ដេច ហ៊ុន សែន ជំរុញឲ្យស្ថាប័នពាក់ព័ន្ធត្រូវចាប់អារម្មណ៍ទាក់ទាញការវិនិយោគបន្ថែមទៀតសម្រាប់វិស័យកសិកម្ម។ សម្ដេចបញ្ជាក់ថា ការទាក់ទាញទាំងនោះមិនចាំបាច់តែសម្លឹងមើលអ្នកបរទេសនោះទេ តែអ្នកមានធនធានក្នុងស្រុក ក៏ជាគោលដៅសម្រាប់ការបោះទុនក្នុងវិស័យកសិកម្មផងដែរ។
«វិធីដែលល្អគឺខិតខំទាក់ទាញការវិនិយោគ ហើយមិនចាំបាច់តែអ្នកវិនិយោគមកពីក្រៅប្រទេសនោះទេ។ ស្រុកខ្មែរឥឡូវសេដ្ឋីពាន់លាន (ដុល្លារ) ក៏មានរួច សេដ្ឋីរយលានក៏មានច្រើន ដូចនេះឲ្យពួកគេរួមចំណែកផលិតចំណីសត្វ សម្រាប់បម្រើឲ្យការចិញ្ចឹមសត្វក្នុងប្រទេសរបស់យើង។ ហើយបើនិយាយពីអ្នកមានលុយចាប់ពីមួយលានដុល្លារឡើងលើ គឺមានច្រើនណាស់»។ សម្ដេចមានប្រសាសន៍ដូចនេះ។
ក្នុងពិធីបិទសន្និបាតកសិកម្មខាងលើនេះ សម្ដេចបានកត់សម្គាល់ពីថ្លៃដើមផលិតរបស់កម្ពុជានៅចាញ់ប្រទេសជិតខាង ដែលធ្វើឲ្យកម្ពុជាមិនអាចប្រកួតប្រជែងក្នុងការនាំចេញកសិផល ដូចជាអង្ករកម្ពុជាដេញថ្លៃមិនឈ្នះថៃ និងវៀតណាម នៅទីផ្សារហ្វីលីពីនជាដើម។ សម្ដេចអះអាងថា រដ្ឋាភិបាលនឹងព្យាយាមបញ្ចុះថ្លៃដើមផលិត និងជំរុញការកសាងហេដ្ឋរចនាសម្ព័ន្ធដូចជាឃ្លាំងស្តុក ឡសម្ងួតជាដើម៕
Tag:
ហ៊ុន សែន
សេដ្ឋីខ្មែរ
កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com