អន្តរជាតិ
អាមេរិក ស្នើប្រទេសមូស្លីមថ្កោលទោសចិនរឿងបំពានសិទ្ធិមនុស្សនៅស៊ីនជាំង
× សហរដ្ឋអាមេរិក នៅថ្ងៃទី១៣ ខែមីនា បានបង្ហាញការខកចិត្តចំពោះបណ្ដាប្រទេសមូស្លីមដែលមិនព្រមមាត់កជុំវិញការធ្វើទុក្ខបុកម្នេញជនភាគតិចមូស្លីមវីហ្គ័រ (Uighur) និងជនភាគតិចកាន់សាសនាឥស្លាមផ្សេងទៀតនៅស៊ីនជាំង។ អាមេរិក ស្នើឲ្យរដ្ឋមូស្លីមទាំងអស់ងើបតវ៉ាប្រឆាំងសកម្មភាពបំពានរបស់ក្រុងប៉េកាំង។ ជុំវិញបញ្ហានេះ ចិនបានបកស្រាយច្រើនលើកច្រើនសាររួចហើយដែរ ប៉ុន្តែរបាយការណ៍សិទ្ធិមនុស្សរបស់អាមេរិកនៅតែរកឃើញថា មានការរំលោភបំពានខ្លាំង។
ការធ្វើទុក្ខបុកម្នេញជនភាគតិចនៅស៊ីនជាំង បានក្លាយជាប្រធានបទសំខាន់សម្រាប់អាមេរិកវាយប្រហារចិនមិនសំចៃមាត់។ អាមេរិកថែមទាំងរិះគន់ដល់ប្រទេសកាន់សាសនាឥស្លាមដែលជាសមាជិកអង្គការកិច្ចសហប្រតិបត្តិការឥស្លាម (OIC) ដែលរក្សាជំហរស្ងាត់ស្ងៀមលើការបំពានសិទ្ធិមនុស្សនៅខេត្តស៊ីនជាំង ជាទីដែលជនភាគតិចមូស្លីមវីហ្គ័រត្រូវបានមើលឃើញថា រកការបំបិទសិទ្ធិរបស់ពួកគេកាន់តែខ្លាំងឡើង។
សហរដ្ឋអាមេរិកក៏បានរៀបចំកម្មវិធីជួបជុំមួយនៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវលើរបៀបវារៈស្ដីពីការឃុំខ្លួនមនុស្សច្រើនជាងមួយលាននាក់នៅខេត្តភាគលិចរបស់ចិនមួយនេះ។ មុនកិច្ចប្រជុំនេះ លោកស្រី Kelley Currie នាយកការិយាល័យយុត្តិធម៌សាកលនៃក្រសួងការបរទេសអាមេរិកនិយាយថា អាមេរិកពិតជាខកចិត្តយ៉ាងខ្លាំងចំពោះកង្វះការឆ្លើយរបស់សមាជិក OIC និងការមិនសូវរិះគន់ខ្លាំងចំពោះទង្វើរបស់ចិន។
បើតាមទីភ្នាក់ងារព័ត៌មាន AFP មន្ត្រីក្រសួងការបរទេសអាមេរិករូបនេះបង្ហាញក្ដីសង្ឃឹមរបស់អាមេរិកដែលចង់ឃើញ អង្គការឥស្លាមមួយនេះរួមគ្នាថ្កោលទោសស្ថានការណ៍នៅស៊ីនជាំង ដូចដែលធ្លាប់រិះគន់មីយ៉ាន់ម៉ា និងស៊ីរីដូច្នោះដែរ។ តាមពិតទៅ OIC ក៏ធ្លាប់ចេញសេចក្ដីថ្លែងការណ៍លើបញ្ហានៅស៊ីនជាំងដែរ ប៉ុន្តែមិនបាននិយាយរិះគន់ក្រុងប៉េកាំងខ្លាំងឡើយ ដែលការណ៍នេះត្រូវបានលោកស្រី Currie ចាត់ទុកជារឿងខកចិត្តមួយ។
ដោយឡែកក្នុងរបាយការណ៍សិទ្ធិមនុស្សពិភពលោកដែលចេញផ្សាយក្រសួងការបរទេសអាមេរិកនៅថ្ងៃទី១៣ ខែមីនា អាមេរិកក៏ពន្លះចិនខ្លាំងចំពោះការឃុំខ្លួនជនភាគតិចវីហ្គ័រ និងជនភាគតិចច្រើនទៀតនៅតាមមន្ទីរឃុំឃាំងនៅតំបន់ស្វយ័តរបស់ខ្លួន។ ក្នុងរបាយណ៍នេះ ប្រមុខការទូតអាមេរិក ម៉ៃ ប៉ុមប៉េអូ ចោទចិនថា បង្កើនយុទ្ធនាការរបស់ខ្លួននៅស៊ីនជាំងដល់កម្រិតកំណត់ត្រានៅឆ្នាំ២០១៨ កន្លងទៅ ដោយជនជាតិវីហ្គ័រ កាហ្សាក់ និងជនជាតិផ្សេងទៀតច្រើនជាងមួយលាននាក់ ត្រូវជាប់ឃុំ។
មិនមែនតែជនជាតិកាន់សាសនាឥស្លាម បើតាមរបាយការណ៍ដដែល ប្រជាជនចិនកាន់សាសនាគ្រិស្ត ប្រជាជននៅទីបេ និងអ្នកដែលមានគំនិតប្រឆាំងរដ្ឋាភិបាល ក៏រងការបំពានខ្លាំងពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំងដែរ។ ក្រុងវ៉ាស៊ីនតោនអះអាងថា មន្ទីរកែប្រែរបស់ចិនមានគោលដៅលុបបំបាត់ជំនឿសាសនា និងអត្តសញ្ញាណរបស់ជនជាតិភាគតិចទាំងនោះ៕
Tag:
អាមេរិក
ចិន
Uighur
OIC
© រក្សាសិទ្ធិដោយ thmeythmey.com