កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Premier League មានក្រុម៤ឈានដល់វគ្គ៨ក្រុម៣លើក ខណៈលីគផ្សេងមិនធ្លាប់សោះ
× នេះជាលើកដំបូងហើយក្នុងរយៈពេល ១០រដូវកាលចុងក្រោយដែលមានក្រុម ៤ មកពីលីគបាល់ទាត់ក្នុងប្រទេសតែមួយអាចឈានចូលដល់វគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League។ ៤ក្រុមដែលឆ្លងផុតដល់វគ្គនេះរួមមាន Tottenham Hotspur, Manchester City, Liverpool និង Manchester United ពីលីគកំពូលអង់គ្លេស Premier League សម្រាប់រដូវកាលនេះ។
ការទទួលបានជ័យជម្នះរបស់ Liverpool លើក្រុម Bayern Munich ក្នុងលទ្ធផលទាំងពីរជើង ៣-១ នៅវគ្គ ១៦ក្រុមចុងក្រោយ បានធ្វើឲ្យក្រុមពីអង់គ្លេសចំនួន៤ អាចបង្ហាញខ្លួននៅវគ្គ១/៤ផ្តាត់ព្រ័ត្រក្នុងក្របខណ្ឌអឺរ៉ុបនេះ។ នេះក៏មានន័យថាក្នុងចំណោមក្រុមទាំង៤ ហោចណាសក៏មាន២ក្រុមពីអង់គ្លេស នឹងត្រូវឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ។
បើរំលឹកចាប់តាំងពីការប្តូរឈ្មោះពាន European Cup ទៅជា UEFA Champions League ក្នុងឆ្នាំ១៩៩២មករហូតបច្ចុប្បន្ន ក្រុមពីអង់គ្លេសធ្លាប់មានក្រុម៤ឡើងដល់វគ្គ៨ក្រុមចុងក្រោយដល់ទៅ៣ដងឯណោះ ខណៈលីគធំៗពីក្របខណ្ឌផ្សេងទៀតដែលមានកូតា៤ក្រុមដូចជា La Liga របស់អេស្ប៉ា Serie A អ៊ីតាលី និង Bundesliga របស់អាល្លឺម៉ង់ មិនធ្លាប់មានប្រវត្តិដូចអង់គ្លេសឡើយ។
ក្នុងចំណោម ៣លើកដែលមានវត្តមានក្រុមពី Premier League ៤ក្រុមឆ្លងចូលដល់វគ្គ៨ក្រុមចុងក្រោយ គឺក្នុងរដូវកាល ២០០៧-០៨ (Man Utd, Liverpool, Arsenal និង Chelsea), ២០០៨-០៩ (Man Utd, Liverpool, Arsenal, Chelsea) និង២០១៨-១៩ (Spus, Man United, Man City, Liverpool)។
យ៉ាងណាក៏ដោយក្រុមពី La Liga បើទោះមិនធ្លាប់មានប្រវត្តិដូចអង់គ្លេសក្តី ប៉ុន្តែពួកគេមាន៣ក្រុមឆ្លងដល់វគ្គ៨ក្រុមនេះដល់ទៅ១០ដង៕
Tag:
បាល់ទាត់
UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com