ជាតិ
សេដ្ឋកិច្ច
លោក ឈាង វណ្ណា​រិ​ទ្ធ ៖ កូរ៉េខាងត្បូង គឺជា​តួអង្គ​សំខាន់ ក្នុង​ការជួយ​ផ្នែក​សេដ្ឋកិច្ច​ឌីជីថល​ដល់​កម្ពុជា​
15, Mar 2019 , 7:59 am        
រូបភាព
លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី
លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី
​ភ្នំពេញ​៖ ដើម្បី​ឲ្យ​ផ្នែក​សេដ្ឋកិច្ច​ឌីជីថល​ដំណើរការ​ទៅមុខ​បាន​នោះ រដ្ឋាភិបាល​កម្ពុជា គួរតែ​ស្នើ​ឲ្យ​កូរ៉េខាងត្បូង ជួយ​ជ្រោមជ្រែង​លើ​ចំណុច ដែល​កម្ពុជា​ចង់បាន​។ នោះ​ក៏​ព្រោះតែ​កូរ៉េខាងត្បូង មានបទពិសោធន៍​ច្រើន ក្នុង​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​នេះ​។ នេះ​ជាការ​លើកឡើង​របស់លោក ឈាង វណ្ណា​រិ​ទ្ធ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​។​

 
​ខណៈ​ប្រមុខ​ដឹកនាំ​កម្ពុជា ជួប​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​នោះ វា​គឺជា​ឱកាសល្អ​សម្រាប់​កម្ពុជា ក្នុងការ​ទាញយក​ផលប្រយោជន៍​ពី​ជំនួប​នេះ​។ លោក ឈាង វណ្ណា​រិ​ទ្ធ បាន​និយាយថា កម្ពុជា​គួរតែ​ស្នើ​ឲ្យ​កូរ៉េខាងត្បូង ឲ្យ​ជួយ​រៀបចំ​និង​ជ្រោមជ្រែង​លើ​ផ្នែក​សេដ្ឋកិច្ច​ឌីជីថល ដែល​កម្ពុជា​កំពុង​រៀបចំ​គម្រោង​នេះ​។ សម្រាប់​ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​រូបនេះ កូរ៉េខាងត្បូង​គឺជា​តួអង្គ​សំខាន់​មួយ ដែល​ជួយ​ដោះស្រាយ​បញ្ហា​កម្ពុជា ក្នុងការ​រៀបចំ​សេដ្ឋកិច្ច​ឌីជីថល ព្រោះតែ​កូរ៉េខាងត្បូង មានបទពិសោធន៍​ច្រើន និង​ការវិវត្ត​ខ្ពស់​លើ​បច្ចេកវិទ្យា​នេះ​។​

​ថ្លែង​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក ឈាង វណ្ណា​រិ​ទ្ធ បាន​និយាយ​ដូច្នេះ​ថា​៖« Digital Economy ដែល​យើង​កំពុង​ពិភាក្សា​នៅ​ប្រទេស​កម្ពុជា​នេះ ខ្ញុំ​គិតថា តួអង្គ​កូរ៉េខាងត្បូង​គឺ​សំខាន់ ដើម្បី​ជួយ​ជំរុញ​ការអនុវត្ត Digital Economy នៅ​ស្រុក​ខ្មែរ​យើង​។ កូរ៉េខាងត្បូង​មាន​បច្ចេកទេស​ឈានមុខ​ច្រើន​គ្រប់​វិស័យ ហើយ​បើ​និយាយ​ឲ្យ​ចំ​ទៅ​បើ​មិនបាន​ក្រុមហ៊ុន Samsung ធំ​ទេ ក៏​(​ត្រូវ​ទាញ​) ពួក​បណ្ដាញ​ផ្គត់ផ្គង់ (Supply Network) ទៅ​ក្រុមហ៊ុន Samsung នោះ​ក៏បាន​…​។ ដូច្នេះ​ខ្ញុំ​គិតថា កូរ៉េខាងត្បូង​អាចជួយ​អភិវឌ្ឍ​នូវ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​នៅ​កម្ពុជា​យើង​បាន​»​។​




 
​តែ​យ៉ាងណា​ការទាញយក​ផលប្រយោជន៍​ពី​កូរ៉េខាងត្បូង ក្នុង​ជួយ​ជ្រោមជ្រែង​ផ្នែក​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​នេះ វា​អាស្រ័យ​លើ​គោលនយោបាយ​ច្បាស់លាស់​របស់​រដ្ឋាភិបាល ក្នុង​ការរៀបចំ​បរិយាកាស​វិនិយោគ ដើម្បី​ទាក់ទាញ​អ្នករកស៊ី​ពី​កូរ៉េខាងត្បូង​ឲ្យ​កាន់តែច្រើន​មកកាន់​កម្ពុជា​។ ជាពិសេស​គឺ​ការលុបបំបាត់​អំពើពុករលួយ និង​ភាពមិនប្រក្រតី ក្នុងការ​វិស័យ​ធុរកិច្ច​។ នេះ​ជាការ​លើកឡើង​របស់​ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​។​
 
​បច្ចុប្បន្ននេះ កម្ពុជា​កំពុងស្ថិត​ក្នុងដំណាក់កាល​ចាប់ផ្ដើម​លូតលាស់​សេដ្ឋកិច្ច​ឌីជីថល ដោយ​ត្រូវការ​រយៈពេល​៥​ឆ្នាំ ដើម្បី​បង្កើត​មូលដ្ឋាន​គ្រប់​ជ្រុងជ្រោយ និង​រយៈពេល ៥​ទៅ​១០​ឆ្នាំ ឬ​ច្រើនជាង​នេះ ដើម្បី​បង្កើត​សេដ្ឋកិច្ច​ឌីជីថល​ពេញលេញ​។ ការរៀបចំ​ផ្នែក​សេដ្ឋកិច្ច​ឌីជីថល​នេះ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង​ទាន់ពេលវេលា ដោយ​បង្កើត​បរិយាកាស​គាំទ្រ និង​ប្រព័ន្ធ​អេកូឡូស៊ី ដើម្បី​បណ្ដុះ​បច្ចេកវិទ្យា​ឌីជីថល និង​បន្ត​ទ្រទ្រង់​ការផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ចជាតិ​។ រដ្ឋាភិបាល​នឹង​រៀបចំ​ក្របខណ្ឌ​យុទ្ធសាស្ត្រ​រយៈពេល​វែង​មួយ ដើម្បី​ជា​មគ្គុ​ទ្ទេសន៍ និង​ជា​ក្របខណ្ឌ​រួមមួយ​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​។ នេះ​បើតាម​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​
 
​ហេតុផល​ដែល​កម្ពុជា រៀបចំ​សេដ្ឋកិច្ច​ឌីជីថល​នេះ គឺ​ទី​១ ដោយសារ​វត្តមាន​ចំនួន​យុវជន​ដ៏​ច្រើន​ដែលមាន​ការអប់រំ​ខ្ពស់ និង​ងាយ​ទទួលយក​បច្ចេកវិទ្យា​ឌីជីថល​យ៉ាង​ឆាប់រហ័ស ។​ទី​២ កំណើន​ប្រើប្រាស់​ទូរ​សព្ទ​ដៃ​យ៉ាង​ឆាប់រហ័ស និង​ឧបករណ៍​ឆ្លាត ។ ទី​៣ ការរីកចម្រើន​ឆាប់រហ័ស​ផ្នែក​បច្ចេកវិទ្យា តាមរយៈ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស និង​ទី​៤ ឥទ្ធិពល​ដ៏​លឿន​នៃ​ឌីជីថល​ភាវូបនីយកម្ម​ដែល​កំពុង​កើតមាន​ក្នុង​គ្រប់​វិស័យ​សំខានៗ​នៃ​សេដ្ឋកិច្ចជាតិ​។ ជាក់ស្ដែង​នៅ​កម្ពុជា សេដ្ឋកិច្ច​ឌីជីថល​កំពុង​លេច​រូបរាង​ជា​បណ្ដើរៗ ស្រប​ពេលដែល​មានការ​បង្កើត​សកម្មភាព​អាជីវកម្ម​ថ្មីៗ ដូចជា ការទូទាត់​ឌីជីថល ការកើនឡើង​សកម្មភាព​កម្សាន្ត​អន​ឡាញ និង​កំពុងតែ​សម្រប​ខ្លួន​ទៅនឹង​ការប្រើប្រាស់​បច្ចេកវិទ្យា​ទាំងនោះ​៕
 

Tag:
 ឈាង វណ្ណា​រិ​ទ្ធ​
  ហ៊ុន សែន​
 ​កូរ៉េខាងត្បូង​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com