អន្តរជាតិ
យន្តហោះ​មួយគ្រឿង​បើក​ត្រឡប់ក្រោយ​វិញ ដោយសារ​អ្នកដំណើរ​ម្នាក់​ភ្លេច​យក​កូន​
14, Mar 2019 , 10:19 pm        
រូបភាព
ដោយ: ធីតា
​យន្តហោះ​មួយគ្រឿង បាន​បក​ត្រឡប់​ចូល​អាកាសយានដ្ឋាន​នៅ​ក្រុង Jeddah ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត វិញ ក្រោយ​អ្នកដំណើរ​ស្រី​ម្នាក់ បានប្រកាសថា ខ្លួន​ភ្លេច​កូន​នៅ​កន្លែង​ចេញដំណើរ​។ នេះ​បើតាម​ការផ្សាយ​របស់ Gulf News​។

 
​យន្តហោះ បានចេញ​ដំណើរ​ពី​ក្រុង Jeddah ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ឆ្ពោះទៅកាន់​ក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​សៅរ៍ ទី​៩ ខែមីនា ប៉ុន្តែ​ចេញដំណើរ​មិនយូរប៉ុន្មាន​ផង​។ ស្ត្រី​ម្នាក់​បាន​ស្រែក​ឆោឡោ​រថា ខ្លួន​ភ្លេច​កូន​នៅ​កន្លែង​ចេញដំណើរ​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ King Abdul Aziz ក្រុង Jeddah​។​
 
 
Gulf News បាន​បញ្ជាក់ថា បុគ្គលិក​បម្រើការ​ក្នុង​យន្តហោះ បាន​ភ្ជាប់​ទំនាក់ទំនង​ទៅ​អ្នកបើកបរ ហើយ​បន្តទៅ​មន្ត្រី​នៅ​អាកាសយានដ្ឋាន​។ «​អ្នកដំណើរ​ម្នាក់ បាន​ភ្លេច​កូន​កន្លែង​ចេញដំណើរ ហើយ​គាត់​ទាមទារ​ចុះ​វិញ​»​។ នេះ​ជា​សំដី​របស់​អាកាសយានិក ដែល​ដកស្រង់​ដោយ​ក្រុម​អ្នកសារព័ត៌មាន​។​
 
​ក្រោយមក ភ្នាក់ងារ​នៅ​អាកាសយានដ្ឋាន បាន​បើកភ្លើង​ខៀវ​ដល់​ពី​ឡុ​ត ឲ្យ​បើក​ត្រឡប់ក្រោយ​វិញ​។ សារព័ត៌មាន​មិនបាន​ផ្សព្វផ្សាយ​ព័ត៌មាន​លំអិត​បន្ថែម​ទៀតឡើយ​ទាក់ទង​នឹង​រឿងរ៉ាវ​ដែល​មិន​នឹកស្មាន​ដល់​បែបនេះ​។​
 
​កាសែត The Guardian បាន​លើកឡើងថា វា​ជា​ករណី​ដ៏​កម្រ​បំផុត​ដែល​យន្តហោះ​ត្រូវ​ត្រឡប់ក្រោយ​វិញ​ដោយសារ​បញ្ហា​ផ្សេង​ក្រៅពី​បញ្ហា​បច្ចេកទេស ឬ​ករណី​សុខភាព​របស់​អ្នកធ្វើដំណើរ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ករណី​ដ៏​ហួសចិត្ត​មួយចំនួន​បាន​កើតឡើង​ផងដែរ​។​
 
​ជាក់ស្តែង កាលពី​ឆ្នាំ​២០១៣ យន្តហោះ​ក្រុមហ៊ុន American Airlines មួយ បានសម្រេច​ចុះចត​ខុស​គោលដៅ ដោយសារតែ​អ្នកដំណើរ​ម្នាក់​មិន​ព្រម​ឈប់​ច្រៀង​បទ «I Will Always Love Your» របស់ Whitney Houston៕

Tag:
 យន្តហោះ
© រក្សាសិទ្ធិដោយ thmeythmey.com