សង្គមអន្តរជាតិ​
អន្តរជាតិ
ប៉ូលិស​ឥណ្ឌា​ចាប់ខ្លួន​យុវជន​១០​នាក់ ដែល​លួច​លេង​ហ្គេម PUBG
14, Mar 2019 , 9:53 pm        
រូបភាព
ដោយ:
មួយ​សប្តាហ៍​ក្រោយពី​ប្រកាស​ហាមប្រាម​ការលេង​ហ្គេម​ទូរ​សព្ទ​ដៃ​ដ៏​ពេញនិយម​ឈ្មោះថា PUBG ប៉ូលិស​ក្រុង Rajkot របស់​ឥណ្ឌា​បានសម្រេច​ឃាត់ខ្លួន​មនុស្ស​១០​នាក់ ក្រោយពី​ពួកគេ​ត្រូវបាន​អាជ្ញាធរ​រកឃើញថា លួច​លេង​ហ្គេម PUBG ។ ក្នុងចំណោម​អ្នក​ទាំង​១០​នាក់​នោះ ៦​នាក់​គឺជា​និស្សិត​សកលវិទ្យា​ល័យ​។ ការចាប់ខ្លួន​នេះ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​ពុធ​ទី​១៣​ខែមីនា ក្នុង​ទីក្រុង Rajkot ភាគ​ខាងលិច​រដ្ឋ Gujarat​។​



​ស្នងការ​ប៉ូលិស​ប្រចាំ​ក្រុង Rajkot នៃ​រដ្ឋ Gujarat លោក Manoj Agrawal ដែល​ចេញ​បញ្ជា​ហាម​ហ្គេម​នេះ​ក្នុង​ទីក្រុង​កាលពី​ថ្ងៃទី​៦ ខែមីនា​កន្លងទៅ បាន​និយាយ​នៅ​ថ្ងៃទី​១៤​ខែមីនា​ថា  ករណីបែបនេះ​បានកើត​ឡើង​ចំនួន​១២​ដង​ហើយ គិត​ចាប់ពី​សេចក្តីប្រកាស​បានដាក់​ចេញ​មក​។ ប៉ុន្តែ​ក្រោយ​ចាប់ខ្លួន​រួច តាម​និតិ​វិធី​ច្បាប់ ជនល្មើស​ទាំងនោះ ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​វិញ និង​រង់ចាំ​ឡើង​តុលាការ​នាពេលខាងមុខ​។ 

​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន The Indian Express សមត្ថកិច្ច​ម្នាក់ទៀត​ឈ្មោះថា Rohit Raval អះអាងថា ហ្គេម​ប្រភេទ​នេះ គឺមាន​លក្ខណៈ​ញៀន​ខ្លាំង ហើយ​អ្នក​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​គឺ​សុទ្ធ​វក់​លេង​ហ្គេម​ខ្លាំង​នេះ ពោលគឺ​ដល់​ថ្នាក់​មិនដឹងថា ក្រុម​សមត្ថកិច្ច​ដើរទៅ​ក្បែរ​ពួកគេ​ថែម​ទៀតផង​។

​សូមបញ្ជាក់ថា Gujarat គឺជា​រដ្ឋ​តែមួយកត់​ក្នុងប្រទេស​ឥណ្ឌា​ដែល​ហាមប្រាម​ការលេង​ហ្គេម PUBG ដោយ​បារម្ភ​ពី​ឥទ្ធិពល​របស់​វា​ប៉ះពាល់​ដល់​អ្នកញៀន​លេង​។ យ៉ាងណាមិញ គេ​មាន​លើកឡើង​ពី​កង្វល់​ដូចគ្នានេះ នៅក្នុង​ផ្នែក​ផ្សេងៗ​ទៀត​ក្នុងប្រទេស​ឥណ្ឌា ទី​ដែល​ប្រជាជន​ប្រមាណ​៥០០​លាន​នាក់ មាន​ទូរ​សព្ទ​ទំនើប​ប្រើប្រាស់​។ គ្រូបង្រៀន និង​ឳ​ពុក​ម្តាយ និយាយថា ហ្គេម​នេះ បង្ក​ជា​អំពើហិង្សា និង​ប​ង្វ​ក់​សិស្ស​ពី​ការសិក្សា​រៀនសូត្រ​របស់​ពួកគេ​ថែម​ទៀតផង​៕






Tag:
 Pubg
  ហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com