ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ក្រុម​សង្គម​ស៊ីវិល​នឹង​ពិភាក្សា​ពី​វិធី​ការពារ​ការបញ្ចេញមតិ​តាម​បណ្តាញ​អ៊ីនធឺណិត​
15, Mar 2019 , 7:59 pm        
រូបភាព
រូបឯកសារ៖ និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បើក​មើល​អ៊ីនធឺណិត​នៅ​ហាង​កាហ្វេ​មួយ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៤។
រូបឯកសារ៖ និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បើក​មើល​អ៊ីនធឺណិត​នៅ​ហាង​កាហ្វេ​មួយ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៤។
ដោយ: VOA
​ភ្នំពេញ ៖ ក្រុម​សង្គម​ស៊ីវិល​ធ្វើការ​លើកស្ទួយ​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើកទូលាយ (Open Cyber Talk) ជា​លើក​ទី​៥ ដើម្បី​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​យល់ដឹង​អំពី​ការការពារ​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​អ៊ីនធឺណិត​។​

 
​ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើកទូលាយ គឺជា​វេទិកា​ដែល​រៀបចំឡើង​ប្រចាំឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០១៥​មក​។ ក្នុង​ឆ្នាំ​២០១៩​នេះ ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើកទូលាយ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃទី ១៧ ខែមីនា នឹង​ពិភាក្សា​លើ​ប្រធានបទ​ធំ​ស្តីពី «​ឱកាស និង​ហានិភ័យ​ចំពោះ​អ្នកប្រើប្រាស់​អ៊ីនធឺណិត​សម័យថ្មី​»​។​
 
​លោក ស ម៉ូ​រី អនុប្រធាន​បណ្តាញ​យុវជន​កម្ពុជា ប្រាប់ VOA នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​បាន និង​កំពុង​រង​នូវ​ហានិភ័យ ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​អ៊ីនធឺណិត​ដើម្បី​បញ្ចេញមតិ និង​រិះគន់​ពី​អំពើពុករលួយ អភិបាលកិច្ច បញ្ហាដីធ្លី និង​ការបាត់បង់​ធនធានធម្មជាតិ​ជាដើម​។​
 
​លោក​បន្តថា ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើកទូលាយ​ក្នុង​ឆ្នាំ​២០១៩​នេះ នឹង​ផ្តោត​សំខាន់​ទៅលើ​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ដែលជា​ផ្នែក​មួយ​នៃ​ការលើកកម្ពស់​សិទ្ធិសេរីភាព និង​ការចូលរួម​អភិវឌ្ឍន៍​សង្គម​នៅក្នុង​ប្រទេស​។​
 
​លោក​បញ្ជាក់ថា​៖ «​ហានិភ័យ​ក្នុងការ​លួច​ទិន្នន័យ លួច account (​គណនី​) ហានិភ័យ​ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់​អី​ជាដើម ព្រោះ​អ្នកខ្លះ​គាត់​ធ្វើការ​បញ្ចេញមតិ​ទៅ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ល្មើស​ញុះញង់ បទល្មើស​បរិហារកេរ្តិ៍​អី​ជាដើម ដែល​ធ្វើ​ឲ្យ​គាត់​ក្លាយទៅជា​ជនរងគ្រោះ​ដោយសារ​ការប្រើប្រាស់​អ៊ីនធឺណិត​។ អញ្ចឹង​ហើយ​គោលបំណង​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​នេះ យើង​ចង់​អប់រំ​អ្នកចូលរួម​ឲ្យ​គាត់​ដឹង​បន្ថែមទៀតថា តើ​គាត់​អាច​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្នឹង​ក្នុង​មធ្យោបាយ​ណាមួយ​មាន​ប្រសិទ្ធភាព ជៀស​ផុតពី​ហានិភ័យ​ពី​ការចោទប្រកាន់​ផ្លូវច្បាប់​អី​ជាដើម​»​។​
 
​ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើកទូលាយ​នោះ ក៏​នឹងមាន​ការពិភាក្សា​លើ​ប្រធានបទ​ក្រុម​តូចៗ​ចំនួន​៥ រួមមាន ការការពារ​ទិន្នន័យ សុវត្ថិភាព និង​ឯកជន​ភាព​នៅលើ​អ៊ីនធឺណិត ព័ត៌មាន​មិន​ពិត ការប្រើប្រាស់​អ៊ីនធឺណិត​ដើម្បី​លើកកម្ពស់​អភិបាលកិច្ច​ល្អ និង​យុត្តិធម៌​សង្គម ការរើសអើង​មកលើ​ស្ត្រី និង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​លើ​អន​ឡាញ និង​គ្លីនិក​សុវត្ថិភាព​ឌីជីថល ដែលជា​កន្លែង​សម្រាប់​ដោះស្រាយ​បញ្ហា​ជាប់គាំង​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​។​
 
​លោក ស ម៉ូ​រី បន្ថែមថា អ្នកចូលរួម​ក្នុង​ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើកទូលាយ​ដដែល​នោះ ក៏​នឹង​ទទួលបាន​ចំណេះដឹង​អំពី​ការប្រើប្រាស់​អ៊ីនធឺណិត និង​ការប្រឹក្សា​ផ្លូវច្បាប់ ដើម្បី​ការពារ​ខ្លួន ជៀសវាង​នូវ​ហានិភ័យ​ផ្សេងៗ​។​
 
​លោក​បញ្ជាក់ថា​៖ «​គាត់​នឹង​ដឹង​អំពី​វិធីសាស្ត្រ​ក្នុងការ​ការពារ​ទិន្នន័យ ដឹង​ពី​វិធីសាស្ត្រ​ក្នុងការ​ការពារ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់គាត់ អ៊ីមែល​របស់គាត់​ត្រូវធ្វើ​ម៉េច​ដើម្បី​មាន​សុវត្ថិភាព​។ មួយទៀត​យើង​ក៏មាន​កន្លែង​មួយ​ដែល​គេ​ហៅថា ឌីជីថល ស៊ី​ឃ្យូ​រី​ធី គ្លីនិក​។ អញ្ចឹង​នៅ​ថ្ងៃ​ហ្នឹង​បើសិន​មាន​អ្នកណា​មាន​បញ្ហា​ផ្នែក​បច្ចេកវិទ្យា គាត់​បាន​ភ្លេច Password (​លេខ​សម្ងាត់​) គាត់​ត្រូវបាន​គេ​លួច Account (​គណនី​) ហើយ​គាត់​ចង់​ឲ្យ​អ្នកជំនាញ​ជួយ​យក​គណនី​ហ្វេ​ស​ប៊ុ​ក​របស់គាត់​មកវិញ យក Gmail របស់គាត់​មកវិញ គាត់​អាច​ពឹងពាក់​អ្នកជំនាញ​ក្នុង​ការជួយ​បាន »​។​
 
​វេទិកា​នេះ​រៀបចំ​ដោយ​ស្ថាប័ន​ចំនួន​៧ រួមមាន បណ្តាញ​យុវជន​កម្ពុជា (CYN) អង្គការ​គណៈកម្មាធិកា​រ​សហប្រតិបត្តិ​ការដើ​ម្បី​កម្ពុជា (CCC) មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) អង្គ​ការសង់​ត្រា​ល់ (CENTRAL) សមាគម​ធាងត្នោត (STT) មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) និង​អង្គការ​ក្លាហាន ដែល​នឹងមាន​អ្នកចូលរួម​ប្រមាណ​ជា​៣០០​នាក់​។​
 
​ចាប់តាំងពី​ឆ្នាំ​២០១៥​មក អ៊ីនធឺណិត ជាពិសេស​បណ្តាញ​ទំនាក់ទំនង​សង្គម​ចាប់ផ្តើម​មាន​ប្រជាប្រិយ​ភាពខ្លាំង​នៅ​កម្ពុជា​។​
 
​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ដ៏​ពេញនិយម​នេះ​សម្រាប់​ចែករំលែក និង​ទទួលបាន​ព័ត៌មាន ហើយ​ខ្លះ​ក៏បាន​ប្រើ​សម្រាប់ធ្វើ​ជំនួញ និង​ខ្លះទៀត​ប្រើ​សម្រាប់​បញ្ចេញមតិ​ជាដើម​។​
 
​ទន្ទឹមនឹងនោះ គេ​ឃើញថា អ្នកប្រើប្រាស់​អ៊ីនធឺណិត​មួយចំនួន​ក៏បាន​ប្រើ​បណ្តាញ​ទំនើប​មួយ​នេះ​ទៅ​ប្រព្រឹត្ត​បទល្មើស និង​ខ្លះទៀត​ក៏ត្រូវ​បាន​រង​នូវ​ការចោទប្រកាន់​ផ្សេងៗ ដូច​យ៉ាង បទ​ជេរប្រមាថ ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​អ៊ីនធឺណិត​នេះ​។​
 
​វេទិកា​អ៊ីនធឺណិត​បើកទូលាយ ឆ្នាំ​២០១៩ (Open Cyber Talk) គឺជា​ការចូលរួម​ពី​យុវជន អ្នកប្រើប្រាស់​អ៊ី​ធឺ​ណិ​ត សកម្មជន​លើ​បណ្តាញ​សង្គម អ្នកអនុវត្ត​ច្បាប់ អ្នកជំនាញ​ផ្នែក​ច្បាប់ និង​សិទ្ធិមនុស្ស ដើម្បី​ជជែក​ពិភាក្សា​អំពី​ឱកាស និង​ហានិភ័យ​ចំពោះ​អ្នកប្រើប្រាស់​អ៊ីនធឺណិត​សម័យថ្មី​។​
 
​វេទិកា​នេះ​ក៏​ជួយ​ឲ្យ​ពួកគាត់​ចេះ​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ឲ្យ​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ជាង​មុន និង​ការប្រើប្រាស់​មាតិកា​លើ​ប្រព័ន្ធ​ឌីជីថល​សម្រាប់​លើកកម្ពស់​ផលប្រយោជន៍​សាធារណៈ ស្តីពី​សិទ្ធិមនុស្ស និង​យុត្តិធម៌​សង្គម​ក្នុងប្រទេស​កម្ពុជា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com