អន្តរជាតិ
៩ នាក់​ស្លាប់ ក្នុង​ហេតុការណ៍​បាញ់ប្រហារ​ក្នុង​វិហារ​ឥស្លាម​នៅ​នូ​វែ​ល​សេ​ឡង់​
15, Mar 2019 , 11:02 am        
រូបភាព
កងកម្លាំងប៉ូលិសកំពុងស្ថិតនៅក្បែរកន្លែងកើតហេតុ (រូបភាព៖ AP)
កងកម្លាំងប៉ូលិសកំពុងស្ថិតនៅក្បែរកន្លែងកើតហេតុ (រូបភាព៖ AP)
ដោយ:
​មនុស្ស​៩​នាក់ ត្រូវបាន​ប៉ូលិស​បញ្ជាក់ថា បាន​បាត់​បង់ជីវិត ក្នុង​ហេតុការណ៍​បាញ់ប្រហារ​មួយ​នៅក្នុង​វិហារ​ឥស្លាម​ចំនួន​២​កន្លែង នៅក្នុង​ទីក្រុង Christchurch របស់​នូ​វែ​ល​សេ​ឡង់​នៅ​ថ្ងៃ​សុក្រ​ទី ១៥ ខែមីនា​នេះ​។ មនុស្ស​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន ប៉ុន្តែ​សមត្ថកិច្ច​ជឿជាក់ថា នៅមាន​ជនដៃដល់​ផ្សេងទៀត ដែល​ពាក់ព័ន្ធ​ក្នុងករណី​បាញ់សម្លាប់​រង្គាល​នេះ​។

 
 
​ស្នងការ​ប៉ូលិស​នូ​វែ​ល​សេ​ឡង់ លោក  Mike Bush និយាយថា សមត្ថកិច្ច​បានចេញ​ប្រតិបត្តិ​ការឆ្លើយតប​ភ្លាមៗ​ទៅនឹង​ឧប្បទ្ទវហេតុ​បាញ់រះ​នេះ​ដោយ​ម៉ឹងម៉ាត់​បំផុត ក្នុង​គោលដៅ​សម្រួល​ស្ថានការណ៍ និង​បង្ក្រាប​ឧក្រិដ្ឋជន​។ 
 
​យោងតាម​សារព័ត៌មាន​ក្នុងស្រុក​នូ​វែ​ល​សេ​ឡង់​មួយ​ឈ្មោះថា Stuff លោកស្នងការ Mike Bush គូសបញ្ជាក់ថា មនុស្ស​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន ហើយ​សមត្ថកិច្ច​ចាប់ផ្តើម​បើក​ការស៊ើបអង្កេត​រកមុខ​ជនដៃដល់​ដទៃ​បន្តទៀត​។ 
 
​ភ្លាមៗ​ក្រោយ​ផ្ទុះឡើង​នូវ​ហេតុការណ៍​បាញ់ប្រហារ​ដ៏​សាហាវ​មិន​ធ្លាប់មាន​នេះ នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់ លោកស្រី Jacinda Ardern បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សាច់ញាតិ​អ្នកស្លាប់ និង​បានចាត់ទុក​ហេតុការណ៍​នេះ​ថា​ជា «​ថ្ងៃ​ដ៏​អាក្រក់​បំផុត​ខ្មៅ​ងងឹត​» របស់​រដ្ឋ​នូ​វែ​ល​សេ​ឡង់​ផងដែរ​៕

Tag:
 នូ​វែ​ល​សេ​ឡង់
© រក្សាសិទ្ធិដោយ thmeythmey.com