​​​ន​យោ​បាយ​ជាតិ​
លោក មូ​ន ចេ​អ៊ី​ន នឹង​បង្កើន​ការ​ជ្រោមជ្រែង​កម្ពុជា ក្រោម​«​គោលនយោបាយ​ភាគខាងត្បូង​ថ្មី​»
15, Mar 2019 , 12:34 pm        
រូបភាព
សម្តេច ហ៊ុន សែន ស្វាគមន៍លោក មូន ចេអ៊ីន នៅវិមានសន្តិភាពព្រឹកថ្ងៃសុក្រទី ១៥ ខែមីនា (AFP)
សម្តេច ហ៊ុន សែន ស្វាគមន៍លោក មូន ចេអ៊ីន នៅវិមានសន្តិភាពព្រឹកថ្ងៃសុក្រទី ១៥ ខែមីនា (AFP)
ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និង​នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេច ហ៊ុនសែន បាន​ឯកភាពគ្នា​ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច​ទ្វេភាគី​ដើម្បី​វិបុលភាព​និង​ការរីកចម្រើន​រួមគ្នា​។ មេដឹកនាំ​កូរ៉េខាងត្បូង​ក៏​សន្យា​បង្កើន​ការជួយជ្រោមជ្រែង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​បន្ថែមទៀត​ដែរ​ក្រោម​គោលនយោបាយ «​ភាគខាងត្បូង​ថ្មី​» ឬ New Southern Policy​។ 
 

​ក្នុងជំនួប​ទ្វេភាគី​រវាង​មេដឹកនាំ​កូរ៉េខាងត្បូង និង​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី ១៥ ខែមីនា សម្តេច ហ៊ុន សែន និង​លោក មូ​ន ចេ​អ៊ី​ន បាន​ឯកភាពគ្នា​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី និង ធ្វើយ៉ាងណា​លើកស្ទួយ​ទំនាក់ទំនង​រវាង​កូរ៉េខាងត្បូង​ជាមួយ​សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន​ផងដែរ​។​
 
​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap សេចក្តីប្រកាស​ព័ត៌មាន​របស់ វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង Cheong Wa Dae បញ្ជាក់ថា លោក មូ​ន ចេ​អ៊ី​ន បានបង្ហាញ​ការប្តេជ្ញាចិត្ត​ចូលរួម​អភិវឌ្ឍ​បន្ត​ការអភិវឌ្ឍ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ជាមួយ​កម្ពុជា​ចាប់​ចាប់ពី​ឆ្នាំ ១៩៩៧​ឲ្យ​កាន់តែ​រឹងមាំ​ក្រោម​គោលនយោបាយ​«​ភាគខាងត្បូង​ថ្មី​»​របស់លោក​ដែរ​។​
 
«​លោក មូ​ន សន្យា​បង្កើន​ការគាំទ្រ​ដល់​កម្ពុជា ក្រោម​គោលនយោបាយ​ភាគខាងត្បូង​ថ្មី ហើយ​លោក​កត់សម្គាល់ថា កម្ពុជា​បច្ចុប្បន្ន​ជា​ប្រទេស​ដែល​ទទួល​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​របស់​កូរ៉េខាងត្បូង​ធំ​បំផុត​លេខ​រៀង​ទី​ពីរលើ​ពិភពលោក​»​។  សេចក្តីប្រកាស​ព័ត៌មាន​នោះ​បញ្ជាក់​ដូច្នេះ​។​
 
​ឆ្លើយតប​នឹង​ការលើកឡើង​របស់លោក មូ​ន នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេច ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​មិត្តភក្តិ​កូរ៉េខាងត្បូង​ក្នុង​ការបន្ត​ជួយ​កម្ពុជា ហើយ​សម្តេច​ក៏​ស្នើ​ឲ្យ​កូរ៉េខាងត្បូងបន្ត​គាំទ្រ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុ​ជាប​ន្ត​ទៅមុខទៀត​ដែរ​។​
 
 ក្រៅពីនេះ​មេដឹកនាំ​កម្ពុជា​ក៏បាន​បង្ហាញ​ជំហរ​ជាថ្មី​ក្នុងការ​គាំទ្រ​ដល់​គោលនយោបាយ​ការបរទេស​ថ្មី​របស់លោក មូ​ន ក៏ដូចជា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កូរ៉េខាងត្បូង​ក្នុងការ​ជំរុញ​ឲ្យ​មានការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ផងដែរ​។ សម្តេច​សង្ឃឹមថា ទំនាក់ទំនង​ទ្វេភាគី ក៏ដូចជា​ទំនាក់ទំនង​រវាង​អាស៊ាន និង​កូរ៉េខាងត្បូង​នឹង​រីកលូតលាស់​កាន់តែ​ឆាប់រហ័ស​ថែមទៀត​។ នេះ​បើតាម​ការបញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​វិមាន​ប្រធានាធិបតី​ដដែល​។​
 
​ដោយឡែក ក្នុង​ទំនាក់ទំនង​ទ្វេភាគី មេដឹកនាំ​ដឹកនាំ​ទាំងពីរ​បាន​សន្យា​ពង្រឹង​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​ពង្រីក​កិច្ចការ​សហប្រតិបត្តិកា​រលើ​វិស័យ​សំខាន់​ជាច្រើន​មានដូចជា​កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ការផលិត និង​វិស័យ​ហិរញ្ញវត្ថុ​ជាដើម​។ សម្តេច ហ៊ុន សែន និង​លោក មូ​ន ចេ​អ៊ី​ន​ក៏​ជំរុញ​ឲ្យ​មានការ​ព​ន្លឿ​ន​ការបង្កើត​កិច្ចព្រមព្រៀង​លើ​បញ្ហា​ពន្ធ​ដើម្បី​លើកស្ទួយ​ការវិនិយោគ​ផងដែរ​។  
 
​សូមបញ្ជាក់ថា កម្ពុជា និង​កូរ៉េខាងត្បូង​បង្កើត​ទំនាក់ទំនង​ការទូត​នៅ​ឆ្នាំ ១៩៧០  ហើយ​ទំនាក់ទំនង​នោះ​ត្រូវបាន​កាត់ផ្តាច់​ចាប់ពី​ឆ្នាំ ១៩៧៥​ពេល​កម្ពុជា​ធ្លាក់​ក្រោម​របប ប៉ុល ពត​។ នៅ​ឆ្នាំ រដ្ឋាភិបាល​កម្ពុជា​ស្ថិតក្រោម​ការដឹកនាំ​សម្តេច ហ៊ុន សែន បានសម្រេច​ស្តារ​ចំណង​ការទូត​ផ្លូវការ​ជាមួយ​កូរ៉េខាងត្បូង​ឡើង ។ ទំនាក់ទំនង​នេះ​នេះ​កាន់តែ​ស្និទ្ធស្នាល​ក្នុង​វិស័យ​ជាច្រើន​ទាំង​វិស័យ​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វប្បធម៌​មកដល់​បច្ចុប្បន្ន​៕
 

Tag:
 មូ​ន ចេ​អ៊ី​ន​
  សម្តេច ហ៊ុន សែន​
  កម្ពុជា​
  កូរ៉េខាងត្បូង​
  New Southern Policy
© រក្សាសិទ្ធិដោយ thmeythmey.com