អន្តរជាតិ
កូរ៉េខាងជើង ពិចារណា​ឈប់​ចរចា​ជាមួយ​អាមេរិក​
15, Mar 2019 , 2:20 pm        
រូបភាព
​កូរ៉េខាងជើង កំពុង​ពិចារណា​លុបចោល​ការចរចា​មួយ​អាមេរិក​ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​។ នេះ​បើតាម​ប្រកាស​របស់​អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង ឆេ ស៊ុន​ហ៊ី ដែល​ស្រង់​សម្ដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS ។ អនុរដ្ឋមន្ត្រី​រូបនេះ​ទម្លាយ​ថា មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ហាក់​អស់​ភាព​អំណត់​ក្នុងការ​ដំណើរការ​លុប​បំបា​ត់នុ​យ​ក្លេ​អ៊ែរ និង​បន្ទោស​អាមេរិក​ថា បោះបង់​ឱកាសល្អ​ដើម្បី​សម្រេច​គោលដៅ​នេះ​។

 
​ក្រោយ​ការចរចា​បរាជ័យ​នៅ​វៀតណាម ដំណើរការ​លុបបំបាត់​នុយក្លេអ៊ែរ​ស្ថិតក្នុង​ភាពមិនច្បាស់លាស់ ខណៈ​អាមេរិក និង​កូរ៉េខាងជើង​ផ្ដល់​មូលហេតុ​បញ្ច្រាស​គ្នា​លើ​ការបញ្ចប់​ជំនួប​ដែល​មិនមាន​លទ្ធផល​។ ស្រាប់តែ​នៅ​ថ្ងៃទី​១៥ ខែមីនា​នេះ មន្ត្រី​កូរ៉េខាងជើង​ដែល​ធ្លាប់​ទទួលបន្ទុក​ការចរចា​ជាមួយ​អាមេរិក​ចេញមក​ប្រកាសថា កូរ៉េខាងជើង​កំពុង​គិត​ឡើងវិញ​ពី​ការបន្ត​ការចរចា​នុយក្លេអ៊ែរ និង​បន្ត​មិន​សាកល្បង​នុយក្លេអ៊ែរ​ទៀត​ឬ​យ៉ាងណា​។​
 
​អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង ឆេ ស៊ុន​ហ៊ី ប្រកាស​ដូចខាងលើ​ក្នុងជំនួប​ជាមួយ​អ្នកសារព័ត៌មាន និង​មន្ត្រីការទូត​ប្រចាំ​ទីក្រុង​ព្យុងយ៉ាង​។ សកម្មភាព​របស់​អាមេរិក​នា​កិច្ចប្រជុំ​នៅ​វៀតណាម ជា​រឿង​ធ្វើ​ឲ្យ​កូរ៉េខាងជើង​មិន​សប្បាយចិត្ត​។ ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS បាន​ស្រង់​សម្ដី​មន្ត្រីការទូត​រូបនេះ​ថា កូរ៉េខាងជើង​គ្មាន​បំណង​ធ្វើតាម​ការទាមទារ​រប​ស់​អាមេរិក​អ្វី​ឡើយ ហើយក៏​គ្មាន​ឆន្ទៈ​ចូលរួម​ការចរចា​បែប​នោះដែរ​។​
 
​ដោយឡែក​ទីភ្នាក់ងារ​ព័ត៌មាន AP ផ្សាយ​ដែរ​ថា លោកស្រី ឆេ ដែល​ធ្លាប់ជា​បេសកជន​សម្រាប់​ការចរចា​នុយក្លេអ៊ែរ​ជាមួយ​អាមេរិក​នោះ ក៏​លើកឡើង​ពី​ការខកចិត្ត​របស់​ក្រុង​ព្យុងយ៉ាង​ដែល​ជំនួប​នៅ​រដ្ឋធានី​ហាណូយ​មិនអាច​សម្រេចបាន​កិច្ចព្រមព្រៀង​ណាមួយ​។ លោកស្រី​បាន​ប្រាប់​ឲ្យ​អាមេរិក​ផ្លាស់ប្ដូរ​ជំហរ​ចរចា ហើយ​ថា ទីក្រុង​ព្យុងយ៉ាង​គ្មាន​បំណង​ប្ដូរ​ជំហរ​របស់ខ្លួន​ទេ ស្របពេល​អាមេរិក​បោះចោល​ឱកាស​មាស​ទៅហើយ​។​
 
​នា​សន្និសីទ​សារព័ត៌មាន​ដដែល លោកស្រី ឆេ ក៏​ប្រកាស​ដែរ​ថា ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នឹង​ប្រកាស​ជា​សាធារណៈ​ពី​ជំហរ​របស់​ព្យុងយ៉ាង​ជុំវិញ​ការចរចា​ជាមួយ​អាមេរិក និង​សកម្មភាព​បន្ទាប់​របស់ខ្លួន​។ ទោះជា​យ៉ាងណា គេ​មិនដឹង​ច្បាស់​ទេ​ថា ការអធិប្បាយ​របស់លោក​ស្រី ឆេ ជាការ​ដាក់​សម្ពាធ​លើ​អាមេរិក​ដូច​ធ្លាប់ធ្វើ​កន្លងមក ឬក៏​ម្ដងនេះ​កូរ៉េខាងជើង​ពិតជា​ពិចារណា​ប្រើ​យុទ្ធសាស្ត្រ​របស់ខ្លួន​ពិតមែន​។​
 
​អ្វី​គួរ​ក​ឲ្យ​កត់សម្គាល់​នោះ ការលើកឡើង​របស់​អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង គឺ​ផ្ទុយស្រឡះ​ពី​ការកត់សម្គាល់​របស់​ម​ន្ត្រី​ចរចា​អាមេរិក​។ ក្នុង​សប្ដាហ៍​នេះ លោក Stephen Biegun និយាយថា អាមេរិក​រំពឹង​បន្ត​ការចរចា​ជិតស្និទ្ធ​ជាមួយ​អាមេរិក និង​ថា ដំណើរការ​ការទូត​នៅមាន​ដង្ហើម​នៅឡើយ​។ ប៉ុន្តែ​លោក​មិន​បញ្ជាក់ថា នឹងមាន​ជំនួប​ចរចា​ជាថ្មី ឬ​ជំនួប​កំពូល​មេដឹកនាំ​លើក​ទី​បី​ឡើយ​៕ 
 

Tag:
 ​អាមេរិក​
  កូរ៉េខាងជើង​
  ឆេ ស៊ុន​ហ៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com