ONE Championship
កីឡាជាតិ
ជាតិ
នៅ ស្រី​ពៅ ជា​បុគ្គល​សំខាន់​ដើម្បី​លើកទឹកចិត្ត​នារី​ខ្មែរ​ឲ្យ​ចូល​ហាត់​ក្បាច់គុន​
16, Mar 2019 , 7:59 am        
រូបភាព
​អត្ថបទ​៖ Matias Andres
 
​កាលពី​ពាក់កណ្ដាល​ខែកុម្ភៈ​ឆ្នាំ​២០១៩ កីឡាការិនី នៅ ស្រី​ពៅ របស់​ក្លិប Cambodian Top Team បានទទួល​ជ័យជម្នះ​ដោយ​ការ​ផ្ដួល​កីឡាការិនី​ដ៏​ល្បី​របស់​ថៃ Rika “Tinydoll” Ishige ក្នុងការ​ប្រកួត​គុន​ចម្រុះ​លើក​ទី​១​នៅ Impact Arena ក្នុង​ក្រុ​បាងកក ប្រទេស​ថៃ​។​


 
​ថ្វីបើ​វ័យ​នៅ​ក្មេង​នៅឡើយ ពោលគឺ​ត្រឹម​២៤​ឆ្នាំ តែ ស្រី​ពៅ បាន​ក្លាយជា​កីឡាការិនី​ក្បាច់គុន​ដ៏​ល្បីល្បាញ​ទូទាំងប្រទេស ហើយ​នាង​បាន​ជួយ​បង្កើត​ចំណាប់អារម្មណ៍​ថ្មី​មួយ​ក្នុងចំណោម​នារី​ក្មេងៗ​ដែល​ទទួល​បានការ​បំផុសទឹកចិត្ត​តាមរយៈ​សមិទ្ធផល​គួរ​ឲ្យ​ស្ញប់ស្ញែង​នានា​របស់ ស្រី​ពៅ​។​
 
​យុវតី​វ័យ​១៦​ឆ្នាំ ឌី ជាលី​ញ បាន​ផ្ដើម​ហាត់​ក្បាច់គុន​ចម្រុះ​នៅ​ក្លិប Cambodian Top Team កាលពី​សប្ដាហ៍​មុន រួមជាមួយ​ដៃគូ​ហ្វឹកហាត់​របស់​នាង​គឺ ឆេង ថា​រ័ត្ន​។ ពួកគេ​ទាំងពីរ​កំពុង​ព្យាយាម​សម្រួច​ជំនាញ​ប្រយុទ្ធ​ទាំង​បែប​ឈរ​ប្រកួត​និង​ផ្ដួលខ្លួន​លើ​ផ្ទៃ​សង្វៀន​។​
 
​ថា​រ័ត្ន និយាយថា​៖ «​ខ្ញុំ​ស្រលាញ់​ក្បាច់គុន​នេះ​។ ខ្ញុំ​បាន​មើល​ការប្រកួត​របស់​បងស្រី​ពៅ ហើយ​បាន​បំផុសទឹកចិត្ត​របស់ខ្ញុំ​ឲ្យ​ហាត់​ប្រដាល់​ថែមទៀត​»​។​
 
​ជាលី​ញ កំពុង​ហាត់​មូលដ្ឋានគ្រឹះ​គុន​ចម្រុះ ខណៈ ថា​រ័ត្ន វ័យ​១៨​ឆ្នាំ ជា​អ្នកលេង​ក្បាច់គុន​ល្បុក្កតោ​ដ៏​ពូកែ​ម្នាក់ និង​ជា​សមាជិក​យុវជន​ជម្រើសជាតិ​ល្បុក្កតោ​ជា​រយៈពេល​មួយឆ្នាំ​មកហើយ​។​
 
​អ្នក​ទាំងពីរ​បាន​តាម​ដាន​ព្រឹត្តិការណ៍ ONE: CLASH OF LEGENDS យ៉ាង​យកចិត្តទុកដាក់ កាលពី​ថ្ងៃទី​១៦​ខែកុម្ភៈ និង​បាន​ហ៊ោ​គាំទ្រ idol របស់​ពួកគេ គឺ ស្រី​ពៅ ដែល​បាន​ស៊ីដាច់​ពិន្ទុ​លើ​តារា​ក្បាច់គុន​ស្រី​របស់​ថៃ​។​
 
​ថា​រ័ត្ន និង ជាលី​ញ លើកឡើង​ដូចគ្នា​ថា​៖ «​ខ្ញុំ​សប្បាយចិត្ត​ជំនួស​គាត់​ខ្លាំងណាស់​។ ខ្ញុំ​គិតថា​គាត់​ធ្វើបាន​ល្អឥតខ្ចោះ​។ ខ្ញុំ​បានដឹងថា​គាត់​នឹង​ឈ្នះ​។ គាត់​ចេះ​វិធី​ការពារ​ខ្លួន​បានល្អ​ហើយ​បិទ​ជិតឈឹង​មិនឱ្យ Rika ចូលចាប់​គាត់​បាន​ទាល់តែសោះ​»​។​
 
​យុវតី​ទាំងពីរ​ខាងលើ​មាន​អារម្មណ៍​ថា​សមិទ្ធផល​របស់​ស្រី​ពៅ​គឺជា​ជ័យជម្នះ​ប្រកបដោយ​ភាពថ្លៃថ្នូរ និង​ថា​ជោគជ័យ​របស់​ស្រី​ពៅ​នៅក្នុង​ស្ថាប័ន​ក្បាច់គុន​ធំ​បំផុត​របស់​ពិភពលោក​បានធ្វើឱ្យ​នារី​ក្មេងៗ​កាន់តែ​ច្រើនឡើង​កាន់តែ​មាន​ទំនុកចិត្ត​ក្នុង​ការចូល​សាកល្បង​ហាត់​កីឡា​ប្រយុទ្ធ​។​
 
​ថា​រ័ត្ន លើកឡើងថា​៖ «​មកទល់ពេលនេះ​នៅតែ​មិនសូវ​សម្បូរ​ស្ត្រី​ខ្មែរ​ប្រកួត​លើ​ឆាក​អន្តរជាតិ​។ អីចឹង​ហើយ​បានជា​ខ្ញុំ​គិតថា​បងស្រី​ពៅ​គាត់​អស្ចារ្យ​ណាស់​។ ខ្ញុំ​គិតថា​ពេលខាងមុខ​យើង​នឹង​ឃើញ​ស្ត្រី​ខ្មែរ​ច្រើនជាង​នេះ​ក្នុង​វិស័យ​ក្បាច់គុន​ព្រោះ​សមត្ថភាព​របស់​ពួកយើង​មិន​អន់​ទេ​»​។​
 
​បច្ចុប្បន្ន​អ្នកលេង​ក្បាច់គុន​ជា​នារី​របស់​កម្ពុជា​២​នាក់ គឺ ស្រី​ពៅ និង​កូនកាត់​ខ្មែរ​-​អាមេរិក ឯម សុ​វណ្ណា​រី ហាក់​កំពុង​ធ្វើ​ឲ្យ​ស្ត្រី​កម្ពុជា​រះ​ត្រដែត​ឡើង​ក្នុង​ប្រភេទ​កីឡា​ប្រយុទ្ធ ហើយ​អ្នក​ទាំងពីរ​កំពុង​ក្លាយជា​កត្តា​ជួយ​ជំរុញ​ទឹកចិត្ត​នារី​ដទៃទៀត​ឲ្យ​ចូល​ហាត់​ក្បាច់គុន​។​
 
​សម្រាប់ ថា​រ័ត្ន និង ជាលី​ញ មិនទាន់​ប្រាកដ​ពី​អនាគត​របស់​ពួកគេ​ថា​នឹង​ក្លាយជា​កីឡាការិនី​អាជីព​ឬ​យ៉ាងណា​នោះទេ តែ​យ៉ាងហោចណាស់​អ្នក​ទាំងពីរ​ចង់​ឲ្យ​នារី​ដទៃទៀត​សាកល្បង​ហាត់​។​
 
«​ខ្ញុំ​សូម​ផ្ដល់​ការណែនាំ​ដល់​នារីៗ​ឲ្យ​ចាប់ផ្ដើម​លេង​កីឡា​ឲ្យ​បាន​កាន់តែច្រើន មិនមែន​ត្រឹមតែ​កីឡា​គុន​ចម្រុះ​ទេ កីឡា​អី​ក៏បាន​ដែរ​។ កីឡា​ជួយ​ពង្រឹងស្មារតី​របស់​យើង​និង​បត់បែន​តាម​កាលៈទេសៈ​បាន​ល្អ​។ លើសពីនេះ យើង​នឹង​ចេះ​វិធី​ការពារ​ខ្លួន​និង​មាន​សុខភាព​ល្អ​»៕


 
 

Tag:
 ONE Champioship
  នៅ ស្រី​ពៅ​
© រក្សាសិទ្ធិដោយ thmeythmey.com