ជាតិ
នយោបាយជាតិ
លោក សាយ សំអាល់ ត្រូវស្នើឲ្យធ្វើជាប្រធានក្រុមការងារបក្សនៅព្រះសីហនុ ជំនួសលោក ប៉ុល សារឿន លោក ប៉ុល សារឿន (ឆ្វេងដៃ) និង លោក សាយ សំអាល់
× សម្តេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានសរសេរលិខិតជូនទៅសម្តេច ហ៊ុន សែន ដែលជាប្រធានគណបក្ស ដើម្បីសុំឲ្យតែងតាំងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុនិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ជំនួសលោក ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។
ក្នុងលិខិតដែលចុះហេត្ថលេខាតាំងពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ សម្តេច ស ខេង សុំឲ្យតែងតាំងលោក ប៉ុ សារឿន ជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយរាជធានីភ្នំពេញ និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញវិញ។
លោក ប៉ុល សារឿន ជាសមាជិកម្នាក់នៃគណៈអចិន្ត្រៃយ៍ ដែលជាស្ថាប័នកំពូលរបស់គណបក្សប្រជាជនកម្ពុជា។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះ លិខិតនោះ ពិតជាលិខិតរបស់សម្តេច ស ខេង មែន។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា អះអាងថា ការផ្លាស់ប្តូរនេះ គឺជារឿងធម្មតាក្នុងការរៀបចំរចនាសម្ព័ន្ធដឹកនាំរបស់គណបក្ស។ លោក បញ្ជាក់យ៉ាងដូច្នេះថា៖«មានអីបដិសេធ បើស្នើសុំហើយ»។
តាមរយៈលិខិត សម្តេច ស ខេង បានប្រាប់សម្តេច ហ៊ុន សែន ថា ថ្វីត្បិត ខេត្តព្រះសីហនុ កំពុងមានអភិវឌ្ឍមែន តែក៏មានបញ្ហាប្រឈមមួយចំនួនផងដែរ ជាពិសេសបញ្ហាបរិស្ថាន អនាម័យ សំណល់អគារនានា និងការគ្រប់គ្រងតំនប់ឆ្នេរ ជាដើម។
សម្តេច ស ខេង បញ្ជាក់ក្នុងលិខិតបែបនេះថា៖«ដើម្បីលើកកម្ពស់ប្រសិទ្ធភាព ក្នុងការគ្រប់គ្រង ដឹកនាំ និងពង្រឹងការអភិវឌ្ឍខេត្តព្រះសីហនុប្រកបដោយចីរភាព និងថែរក្សាការពារបាននូវបរិស្ថាន និង ធនធានធម្មជាតិ ខ្ញុំសូមស្នើសុំយោបល់ដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ មេត្តាអនុញ្ញាតផ្លាស់ប្តូរប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុនិងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ»៕
Tag:
ហ៊ុន សែន
ស ខេង
ប៉ុល សារឿន
សាយ សំអាល់
© រក្សាសិទ្ធិដោយ thmeythmey.com