អន្តរជាតិ
ចិន អនុម័ត​ច្បាប់​វិនិយោគ​បរទេស ដែល​ទំនងជា​សម្បទាន​សម្រាប់​អាមេរិក​
15, Mar 2019 , 8:19 pm        
រូបភាព
​សភា​តំណាង​ប្រជាជន​ចិន នៅ​ថ្ងៃទី​១៥ ខែមីនា បានអនុម័ត​ដោយ​សំឡេង​លើសលប់​សេចក្ដីព្រាងច្បាប់​វិនិយោគ​បរទេស ដែលមាន​គោលដៅ​ធានា​ការរកស៊ី​របស់​ក្រុមហ៊ុន​បរទេស​។ ច្បាប់​ថ្មី​នេះ ត្រូវគេ​មើលឃើញថា ជា​ការធ្វើសម្បទាន​មួយ​ទៅ​ឲ្យ​អាមេរិក​ដែល​ទាមទារ​ឲ្យ​ចិន​អនុវត្ត​គោលនយោបាយ​សុចរិត ត្រឹមត្រូវ និង​ស្មើភាព​រវាង​ក្រុមហ៊ុន​ក្នុងស្រុក និង​ដៃគូ​បរទេស​។ ការអនុម័ត​ច្បាប់​នេះ ធ្វើ​ឲ្យ​អ្នកខ្លះ​រីករាយ ប៉ុន្តែ​ខ្លះទៀត​នៅ​សង្ស័យ​ពី​ការអនុវត្ត​ទៅវិញ​។​

 
​នា​កិច្ចប្រជុំ​ថ្ងៃទី​១៥ ខែមីនា សមាជិកសភា​តំណាង​ប្រជាជន​ចិន​ចំនួន ២៩២៩ បាន​បោះឆ្នោត​អនុម័ត​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការវិនិយោគ​បរទេស ខណៈ​សំឡេង​ប្រឆាំង​មាន​៨ និង​សំឡេង​អនុប្បវាទ​មាន​៨​ដូចគ្នា​។ ច្បាប់​ថ្មី​នេះ នឹង​ចូល​ធរមាន​នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២០ ឯណោះ ដែល​នឹងធ្វើ​ឲ្យ​ការប្រកួតប្រជែង និង​កិច្ចសហប្រតិបត្តិការ​រក​ស៊ី​រវាង​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​បរទេស​កាន់តែ​ល្អប្រសើរ​ឡើង​។ 
 
​តាមពិតទៅ ក្រុង​ប៉េកាំង​បាន​ព​ន្លឿ​ន​នីតិវិធី​ក្នុងការ​បង្កើត​ច្បាប់​ថ្មី​នេះ ស្របពេល​កំពុង​ចរចា​ជាមួយ​អាមេរិក​ដើម្បី​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​។ នេះ​ក៏​ព្រោះតែ​សេចក្ដីព្រាងច្បាប់​នេះ លេច​ជា​រូបរាង​តាំងពី​ឆ្នាំ​២០១៥ ប៉ុន្តែ​ដំណើរការ​ចាប់ផ្ដើម​ល្បឿន​លឿន​ចាប់តាំងពី​ពាក់កណ្ដាល​ឆ្នាំ​២០១៨ មក​។ វិធានការ​ថ្មី​ជាច្រើន នឹងត្រូវ​អនុវត្ត​ដើម្បី​ឆ្លើយតប​នឹង​ការតវ៉ា​របស់​អាមេរិក និង​សហភាព​អឺរ៉ុប​ដែល​ចោទ​ចិន​ថា ធ្វើ​ពាណិជ្ជកម្ម​មិន​យុត្តិធម៌​។ 
 
​បើតាម​ច្បាប់​ថ្មី​នេះ ចិន​នឹង​ដោះស្រាយ​ការព្រួយបារម្ភ​របស់​អ្នកវិនិយោគ​បរទេស​លើ​បញ្ហា​ជាច្រើន​ដូចជា ការរើសអើង​ទីផ្សារ​សម្រាប់​ក្រុមហ៊ុន​បរទេស ការបង្ខំ​ឲ្យ​ផ្ទេរ​បច្ចេកវិទ្យា​ទៅ​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក​ក្នុងករណី​មានការ​សហការ​រកស៊ី​រួមគ្នា និង​ការ​លួច​ការសម្ងាត់​ពាណិជ្ជក​ម្ម​របស់​ក្រុមហ៊ុន​បរទេស​ជាដើម​។ ជា​ដំណោះស្រាយ ច្បាប់​នេះ​កំណត់ថា មន្ត្រី​ចិន​មានកា​ត្វ​កិច្ចការពារ​ព័ត៌មាន​របស់​ក្រុមហ៊ុន​បរទេស ហើយ​វា​ជា​កំហុស បើ​មន្ត្រី​ចិន​ប្រើប្រាស់​ព័ត៌មាន​ខុសច្បាប់ ឬ​លួច​ឲ្យ​ព័ត៌មាន​នោះ​ទៅ​ក្រុមហ៊ុន​ចិន​។​
 
​យ៉ាងណាមិញ ច្បាប់​វិនិយោគ​ថ្មី​នេះ ទទួលបាន​ប្រតិកម្ម​អវិជ្ជមាន​ច្រើន​ពី​ក្រុម​អ្នករកស៊ី​។ ក្នុង​សប្ដាហ៍​នេះ សភាពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​ចិន​លើកឡើងថា ខ្លួន​បារម្ភ​ពី​ការអនុម័ត​ច្បាប់​នេះ​ដោយ​មិនមាន​ការចូលរួម​ផ្ដល់យោបល់​ពី​វិស័យ​ឯកជន និង​អ្នកពាក់ព័ន្ធ​។ ប៉ុន្តែ​ការពន្យារពេល​អនុវត្ត​ច្បាប់​ថ្មី អាច​នឹង​ផ្ដល់ឱកាស​សម្រាប់​ធុរជន​បរទេស​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ដែល​កើតឡើង​បាន​។ 
 
​បញ្ហា​មួយទៀត​ដែល​អាច​លេចឡើង គឺ​ការអនុវត្ត​ច្បាប់​ថ្មី​នេះ​។ លោក He Weifang សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ប៉េកាំង​បាន​លើក​ពី​លទ្ធភាព​ដែល​រចនាសម្ព័ន្ធ​ចិន​សព្វថ្ងៃ​អាច​អនុវត្តតាម​បញ្ញត្តិ​ថ្មី​នេះ​។ បើតាម​កាសែត​ហុងកុង South China Morning Post លោក​និយាយថា ការអនុវត្ត​ច្បាប់​ថ្មី​ត្រូវការ​ការត្រួតពិនិត្យ​បែប​ប្រជាធិបតេយ្យ និង​យុត្តិធម៌ ហើយ​វា​ក៏​ត្រូវការ​ការកែប្រែ​រចនា​សម្ព័ន្ធ និង​ប្រព័ន្ធយុត្តិធម៌​ឯករាជ្យ​ផងដែរ​៕ 

Tag:
 ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com