បច្ចុប្បន្ននេះ បច្ចេកវិទ្យាគ្រប់ដណ្តប់ស្ទើរតែរាល់ទិដ្ឋភាពរស់នៅប្រចាំថ្ងៃរបស់មនុស្ស។ មនុស្សដែលប្រើប្រាស់ក៏ទទួលផលចំណេញពីបច្ចេកវិទ្យា ខណៈអ្នកបង្កើតនិងគ្រប់គ្រងបច្ចេកវិទ្យាទាំងនេះ ក៏ទទួលបានផ្លែផ្កាពីវាផងដែរ។ ទស្សនាវដ្តី Forbes កាលពីដើមខែមីនានេះ បានបញ្ចេញបញ្ជីឈ្មោះមហាសេដ្ឋីចុងក្រោយបង្អស់របស់ខ្លួន ។ ថ្ងៃនេះយើងសូមផ្តោតសំខាន់តែទៅលើមហាសេដ្ឋីទាំង១០នាក់ប៉ុណ្ណោះ ដែលជោគជ័យក្នុងវិស័យជំនួយបច្ចេកវិទ្យារបស់ពួកគេ។
១. លោក Jeff Bezos
ជានាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា និងជាស្ថាបនិក Amazon លោក Jeff Bezos មានទ្រព្យសម្បត្តិសរុប ១៣១ពាន់លានដុល្លារ។ ស្ថិតក្នុងវ័យ៥៤ឆ្នាំ ក្រៅពីតួនាទីជាសហគ្រិនក្នុងវិស័យជំនួញបច្ចេកវិទ្យា លោក Bezos ក៏ជាម្ចាស់នៃកាសែត Washington Post ។
(រូបថត៖ AFP)
២. លោក Bill Gates
ជាសហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates មានទ្រព្យសម្បត្តិសរុប ៩៦,៥ពាន់លានដុល្លារ។ ស្ថិតក្នុងវ័យ ៦៣ឆ្នាំ ក្រោយពីចាកចេញពីអាជីព មហាសេដ្ឋកិច្ចរូបនេះចាប់ផ្តើមការងារមនុស្សធម៌ជាច្រើន ដោយបង្កើតកម្មវិធីស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងឧបត្ថម្ភប្រាក់ដល់មូលនិធិមនុស្សធម៌។
(រូបថត៖ AFP)
៣. លោក Larry Ellison
ជាសហស្ថាបនិកមជ្ឈមណ្ឌលបច្ចេកវិទ្យា Silicon Valley លោក Larry Ellison មានទ្រព្យសម្បត្តិសរុប ៦២,៥ពាន់លានដុល្លារ។ ស្ថិតក្នុងវ័យ ៧៤ឆ្នាំ លោក Larry Ellison ក៏ធ្លាប់ធ្វើការនៅក្រុមហ៊ុន Tesla របស់លោក Elon Musk ដែលល្បីល្បាញខាងផលិតរថយន្តអគ្គិសនីផងដែរ។
(រូបថត៖ AFP)
៤. លោក Mark Zuckerberg
ជាសហស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុក លោក Mark Zuckerberg មានទ្រព្យសម្បត្តិ ៦២,៣ពាន់លានដុល្លារ។ ស្ថិតក្នុងវ័យ ៣៤ប៉ុណ្ណោះ មហាសេដ្ឋកិច្ចវ័យក្មេងរូបនេះ ធ្លាប់ត្រូវបានទស្សនាវដ្តី Forbes ដាក់បញ្ចូលឈ្មោះជា «បុគ្គលមានឥទ្ធិពលជាងគេទាំង១០ក្នុងពិភពលោក» កាលពីខែធ្នូ ឆ្នាំ២០១៦។
(រូបថត៖ AFP)
៥. លោក Larry Page
ជាសហស្ថាបនិក្រុមហ៊ុន Google លោក Lawrence Edward Page មានទ្រព្យសម្បត្តិសរុប ៥០,៨ពាន់លានដុល្លារ។ ស្ថិតក្នុងវ័យ ៤៥ឆ្នាំ លោកធ្លាប់ចាកចេញពីតួនាទីជានាយកប្រតិបត្តិក្រុមហ៊ុនយក្សនេះកាលពីឆ្នាំ២០០១។ ប៉ុន្តែ១០ឆ្នាំក្រោយមក លោកបានសម្រេចចិត្តត្រឡប់ទៅកាន់តួនាទីដើមវិញក្នុងខែមេសា ឆ្នាំ២០១១។ បច្ចុប្បន្ននេះ លោក Lawrence គឺជានាយកប្រតិបត្តិក្រុមហ៊ុន Alphabet Inc. ដែលក្តោបក្តាប់លើ Google ។
(រូបថត៖ AFP)
៦. លោក Sergey Brin
ជាសហស្ថាបនិកក្រុមហ៊ុន Google ជាមួយលោកមហាសេដ្ឋី Larry Page លោក Sergey Brin មានទ្រព្យសម្បត្តិ ៤៩,៨ពាន់លានដុល្លារ។ ស្ថិតក្នុងវ័យ ៤៥ឆ្នាំ បច្ចុប្បន្ននេះ លោកគឺជាប្រធានក្រុមហ៊ុន Alphabet Inc ដែលក្តោបក្តាប់ Google ។
(រូបថត៖ AFP)
៧. លោក Steve Ballmer
ជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft ពីឆ្នាំ ២០០០ ដល់ឆ្នាំ២០១៤ លោក Steve Ballmer មានទ្រព្យសម្បត្តិ ៤១,២ពាន់លានដុល្លារ។ ស្ថិតក្នុងវ័យ ៦២ឆ្នាំ លោក ត្រូវបានលោក Bill Gates ហៅឲ្យធ្វើការនៅក្រុមហ៊ុន Microsoft ក្នុងឆ្នាំ១៩៨០ ក្រោយពីលោកឈប់ការសិក្សានៅសកលវិទ្យាល័យ Stanford University ។ ចុងក្រោយលោកបានក្លាយជាប្រធានក្រុមហ៊ុននេះក្នុងឆ្នាំ១៩៩៨ និង CEO ក្នុងឆ្នាំ២០០០ ជំនួសលោក Bill Gates ។
(រូបថត៖ AFP)
៨. លោក Ma Huateng
ជាប្រធានក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Tencent លោក Ma Huateng មានទ្រព្យសម្បត្តិសរុប ៣៨,៨ពាន់លានដុល្លារ។ ស្ថិតក្នុងវ័យ៤៧ឆ្នាំ មហាសេដ្ឋីចិនរូបនេះ ធ្លាប់ទទួលងារជា«បុគ្គលមានឥទ្ធិពលម្នាក់ក្នុងពិភពលោក» របស់ទស្សនាវដ្តី Time ៣ដងមកហើយ ពោលគឺក្នុងឆ្នាំ២០០៧, ២០១៤ និង២០១៨។
(រូបថត៖ AFP)
៩. Jack Ma
ជាសហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា Alibaba លោក Jack Ma មានទ្រព្យសម្បត្តិសរុប ៣៧,៣ពាន់លានដុល្លារ។ ស្ថិតក្នុងវ័យ ៥៤ឆ្នាំ មហាសេដ្ឋីចិនរូបនេះ ធ្លាប់ធ្វើជាគ្រូបង្រៀន និងមានបទពិសោធជូរចត់ជាច្រើន ដោយត្រូវបានគេបដិសេធពេលដាក់ពាក្យធ្វើការ។ កាលពីថ្មីៗនេះ លោក Ma បានប្រកាសនឹងចូលនិវត្តិន៍នាចុងឆ្នាំ២០១៩នេះ ដោយផ្តោតសំខាន់លើការងារមនុស្សធម៌។
(រូបថត៖ AFP)
១០. លោក Elon Musk
ជាសហស្ថាបិក និងនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk មានទ្រព្យសម្បត្តិសរុប២២,៣ពាន់លានដុល្លារ។ ស្ថិតក្នុងវ័យ ៤៧ឆ្នាំ មហាសេដ្ឋីរូបនេះ ក៏ជាស្ថាបនិកក្រុមហ៊ុន SpaceX ដែលជាក្រុមហ៊ុនស្រាវជ្រាវអវកាសឯកជនផងដែរ៕
(រូបថត៖ AFP)