អន្តរជាតិ
ខ្មាន់កាំភ្លើង​សម្លាប់​មនុស្ស​ជិត ៥០​នាក់​នៅ​នូ​វែ​ល​សេ​ឡង់​ជា​សមាជិក​ក្រុម​ជ្រុលនិយម​រើសអើង​ពូជសាសន៍​
16, Mar 2019 , 12:10 pm        
រូបភាព
នាយករដ្ឋមន្ត្រីនូវែលសេឡង់និយាយទៅកាន់អ្នកកាសែតក្នុងសន្និសីទសារព័ត៌មានព្រឹកថ្ងៃ ១៦ ខែមីនា
នាយករដ្ឋមន្ត្រីនូវែលសេឡង់និយាយទៅកាន់អ្នកកាសែតក្នុងសន្និសីទសារព័ត៌មានព្រឹកថ្ងៃ ១៦ ខែមីនា
​ជនសង្ស័យ​ដែល​បាញ់សម្លាប់​មនុស្ស​អស់​ជាង ៤០ នាក់​នៅ​វិហារ​ឥស្លាម​ក្រុង Christchurch ប្រទេស​នូ​វែ​ល​សេ​ឡង់​នៅ​ថ្ងៃ ១៥ ខែមីនា មាន​វ័យ ២៨ ឆ្នាំ និង​ជា​សមាជិក​ក្រុម​ជ្រុលនិយម «​ស្បែក​ស​រើសអើង​ពូជសាសន៍​» ផងដែរ​។ ជននេះ​ត្រូវបាន​ចោទប្រកាន់​នៅ​តុលាការ​ពីបទ​ឃាតកម្ម​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី ១៦​ខែមីនា​នេះ​។​



​ករណី​បាញ់ប្រហារ​នៅ​វិហារ​ឥស្លាម​ពីរ​កន្លែង​នៅ​ថ្ងៃ​សុក្រ​ទី ១៥ ខែមីនា បានសម្លាប់​រង្គាល់​មនុ​ស្ស​អស់​ចំនួន​សរុប ៤៩​នាក់​។ អាជ្ញាធរ និង​មេដឹកនាំ​នូ​វែ​ល​សេ​ឡង់​បាន​ចាត់ទុកថា វា​ជា​ថ្ងៃ​ដ៏​អាក្រក់​និង​ខ្មៅ​ងងឹត​សម្រាប់​នូ​វែ​ល​សេ​ឡង់​ផង​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ជន​ដែល​ប៉ូលិស​ចាប់ខ្លួនបាន​ក្រោយ​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ​នេះ​ត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ​ច្បាស់លាស់​។ ជននេះ​មាន​ឈ្មោះថា Brenton Tarrant មាន​ដើមកំណើត​អូស្ត្រាលី និង​មាន​វ័យ ២៨​ឆ្នាំ​។ អ្វីដែល​សំខាន់​រូបគេ​ជា​ជន​ជ្រុលនិយម និង​ជា​សមាជិក​ក្រុម​ស្បែ​កស​រើសអើង​ពូជសាសន៍ (White Supremacist) ថែម​ទៀតផង​។ 
 
Brenton Tarrant ដែល​ធ្លាប់ជា​អ្នក​អតីត​អ្នក​បង្ហាត់កីឡា​នោះ បានបង្ហាញ​ខ្លួន​នៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ដើម្បី​ទទួល​ការប្រកាន់​ជា​ផ្លូវការ ដោយ​ចៅក្រម​គ្រាន់តែ​កំណត់​បទ​ចោទ «​ឃាតកម្ម​»​តែមួយ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ទោះជា​បែបនេះ​ក៏ដោយ គេ​អាច​រំពឹង​បាន​ថា ការចោទប្រកាន់​បន្ថែម​ទៀត​នឹងត្រូវ​ធ្វើ​ឡើងជា​បន្តបន្ទាប់​ទៀត​ដែរ​។​
 
​ត្រឡប់មកវិញ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ក្នុងករណី​បាញ់ប្រហារ​សម្លាប់​រង្គាល​នេះ ខ្មាន់កាំភ្លើង​រូបនេះ​ក៏បាន​ថត​វីដេអូ Live តាម​ហ្វេ​ស​ប៊ុ​ក​ពី​សកម្មភាព​បាញ់ប្រហារ​របស់ខ្លួន​លើ​ជនរងគ្រោះ​ផងដែរ​។ វីដេអូ​ទាំងនោះ​ត្រូវបាន​គេ​ចែកចាយ​ពាសពេញ​បណ្តាញ​សង្គម​មុននឹង​ត្រូវបាន​ហ្វ៊េ​ស​ប៊ុ​ក​លុបចេញ​អស់​ប្រហែល ២០​នាទី​ក្រោយ​។ យ៉ាងណាក៏ដោយ​វីដេអូ​ទាំង​ត្រូវបាន​គេ​ទាញយក​និង​ចែកចាយ​យ៉ាង​ទូលំទូលាយ​រួចទៅហើយ​។ 
 
​ករណី​វាយប្រហារ​នៅលើ​វិហារ Al Noor និង Linwood នេះ​ក្លាយជា​សោកនាដកម្ម​យ៉ាង​ធំធេង​មួយ​សម្រាប់​ប្រជាជន​នូ​វែ​ល​សេ​ឡង់ ហើយ​នាយករដ្ឋមន្ត្រី Jacinda Ardern បាន​ហៅ​ករណីនេះ​ថា​ជា​ចលនា​ភេរវកម្ម​មួយ​ដែល​បង្កើតឡើង​ក្នុង​គោលដៅ​ប្រឆាំង​ប្រជាជន​ម៉ូ​ស្លី​ម​ក្នុង​លោកខាងលិច​នា​សម័យកាល​ថ្មី​ផង​។ 
-​រដ្ឋាភិបាល​នូ​វែ​ល​សេ​ឡង់​សន្យា​ប្តូរ​ច្បាប់គ្រប់គ្រងអាវុធ​
 
​ជុំវិញ​អត្តសញ្ញាណ​ជនបង្ក​នេះ លោកស្រី Ardern ដែលមាន​វត្ត​មាននៅ​ទីក្រុង Christchurch នៅ​ព្រឹក​ថ្ងៃ​សៅរ៍ បានបញ្ជាក់​ប្រាប់​អ្នកកាសែត​ថា Brenton Tarrant មិន​ស្ថិតក្នុង​បញ្ជី​ឃ្លាំមើល ឬ​មាន​ប្រវត្តិ​ធ្លាប់​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ពីមុន​ឡើយ​។
 
​បើតាម​នាយករដ្ឋមន្ត្រី ជននេះ​បានទទួល​សិទ្ធិ​កាន់​អាវុធ​ស្របច្បាប់​កាលពី​ខែវិច្ឆិកា​ឆ្នាំ ២០១៧ ហើយ​ជននេះ​បន្ត​ទិញ​អាវុធ​ជា​បន្តបន្ទាប់​។ លោកស្រី​សន្យាថា នឹង​ផ្លាស់ប្តូរ​ច្បាប់គ្រប់គ្រងអាវុធ​ឆ្លើយតប​នឹង​ករណីនេះ​។ 
 
«​ខណៈដែល​កិច្ចការ​ខ្លះ​កំពុង​ត្រូវបាន​អនុវត្ត​ពាក់ព័ន្ធ​រឿងរ៉ាវ​មួយចំនួន​ដែល​នាំ​ឲ្យ​មានការ​កាន់កាប់​លិខិតអនុញ្ញាត​ឲ្យ​ប្រើប្រាស់​អាវុធ និង​ការកាន់កាប់​អាវុធ​ច្រើនសន្ធឹក​របស់​ជនបង្ក​នេះ អ្វីដែល​ខ្ញុំ​អាចនិយាយបាន​នៅពេលនេះ​គឺ​ច្បាប់គ្រប់គ្រងអាវុធ​យើង​នឹងត្រូវ​ផ្លាស់ប្តូរ​»​។ AFP ដកស្រង់​សម្តី​លោកស្រី Ardern ដូច្នេះ​។ 
 
​តាមពិតទៅ ក្នុង​ពេលធ្វើ​សកម្មភាព​សម្លាប់​រង្គាល​មនុស្ស​នេះ អាវុធ​ពាក់កណ្តាល​ស្វ័យប្រវត្តិ​ពីរ​ដើម កាំភ្លើងខ្លី​ពីរ​ដើម និង​កាំភ្លើង​វែង​ត្រូវបាន​ប្រើប្រាស់​ដោយ​ជនល្មើស​។  ចំណែក​គ្រឿងផ្ទុះ​ពីរ​ផ្សេងទៀត​ត្រូវបាន​ប៉ូលិស​រកឃើញ និង​ត្រូវបាន​កម្ទេចចោល​ដោយ​កងកម្លាំង​ជំនាញ​ផងដែរ​ក្នុង​ប្រតិបត្តិការ​ថ្ងៃ​សុក្រ​៕
 

Tag:
 នូ​វែ​ល​សេ​ឡង់​
  Christchurch
  White Supremacist
© រក្សាសិទ្ធិដោយ thmeythmey.com