ភ្នំពេញ៖ អ្នកនាំពាក្យ និងជាអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពល បានប្រាប់ពីមូលហេតុដែលនាំឲ្យតំបន់ខ្លះនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន ត្រូវបានផ្តាច់ភ្លើងជាបណ្តោះអាសន្ន។ លោក វិចទ័រ ហ្សូនា បានគូសបញ្ជាក់ថា កម្ពុជាខ្វះខាតថាមពលអគ្គិសនីដើម្បីគ្រប់គ្រងខណៈពេលដែលកម្ពុជាមានការកើនឡើងកម្តៅ ដែលអាចលោតហក់ដល់៤០ទៅ៤២អង្សា ទើបខាងអគ្គិសនីកម្ពុជាសម្រេចចិត្តផ្តាច់តំបន់ដែលមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ដើម្បីបំពេញតំបន់ដែលខ្វះខាតអគ្គិសនី។
លោក វិចទ័រ ហ្សូនា អគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពល បានអះអាងប្រាប់អ្នកសារព័ត៌មាន ThmeyThmey តាមទូរសព្ទថា ការសម្រេចផ្តាច់ចរន្តអគ្គិសនីនៅតាមខណ្ឌ សង្កាត់ នៅរាជធានីភ្នំពេញ និងតាមតំបន់ផ្សេងទៀត គឺកម្ពុជាកំពុងតែជួបកង្វះខាតថាមពលអគ្គិសនីប្រើប្រាស់ជាង២០០មេហ្គាវ៉ាត់ទៀត ទើបប្រជាពលរដ្ឋមានលទ្ធភាពប្រើប្រាស់គ្រប់គ្រាន់។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖«ក្រុមការងារយើង បានធ្វើការផ្តាច់ចរន្តនៅតំបន់មួយចំនួន ហើយបើកនៅកន្លែងមួយចំនួន គឺសម្រាប់ផ្លាស់ប្តូរគ្នា ដើម្បីឲ្យមានអគ្គិសនីប្រើប្រាស់បានគ្រប់គ្រាន់ នៅពេលដែលសមត្ថភាពយើងផ្តត់ផ្គង់អត់គ្រាន់»។
អ្នកនាំពាក្យរូបនេះ បានលើកឡើងថា កម្ពុជានឹងទិញថាមពលអគ្គិសនីចំនួន២០០មេហ្គាវ៉ាត់ពីប្រទេសឡាវបន្ថែមទៀតសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរយៈពេលមួយឆ្នាំពេញផងដែរ។ លោកបន្តថា បច្ចុប្បន្នកម្ពុជាមានសមត្ថភាពប្រើប្រាស់អគ្គិសនីបាន៨៦ភាគរយហើយ ខណៈពេលដែលរាជរដ្ឋាភិបាលប្តេជ្ញាឲ្យបាន១០០ភាគរយនៅឆ្នាំ២០២១។
ខណៈដែលកម្ពុជាកំពុងតែរីកចម្រើនគ្រប់វិស័យនោះ កម្ពុជាក៏ត្រូវការពង្រីកការកសាងអគ្គិសនីដែលដើរដោយព្រះអាទិត្យ នៅខេត្តស្ទឹងត្រែង និងកសាងអគ្គិសនីដែលដើរដោយធ្បូងថ្ម និងព្រះអាទិត្យ នៅខេត្តព្រះសីហនុផងដែរ។ នេះជាការបញ្ជាក់របស់លោក វិចទ័រ ហ្សូនា។
បើតាមលោក វិចទ័រ ហ្សូនា កម្ពុជាមានថាមពលអគ្គិសនីប្រើប្រាស់ត្រឹមតែ២៦០០មេហ្គាវ៉ាត់។ ទន្ទឹមនឹងនេះ កម្ពុជាក៏ត្រូវការថាមពលប្រើប្រាស់ខ្ទង់៣០០០មេហ្គាវ៉ាត់ ទើបអាចផ្គត់ផ្គង់តំបន់សេដ្ឋកិច្ច ទីកន្លែងកម្សាន្ត លំនៅដ្ឋានដែលនៅដាច់ស្រយោល របស់ប្រជាពលរដ្ឋឲ្យបានគ្រប់គ្រាន់។
ទាក់ទងនឹងបញ្ហានេះផងដែរ រដ្ឋាភិបាលកម្ពុជា បានបញ្ចេញមូលនិធិឧបត្ថម្ភធនដល់វិស័យអគ្គិសនីជាង១០០លានដុល្លារក្នុងឆ្នាំ២០១៩ ដើម្បីអនុវត្តផែនការអនុគ្រោះថ្លៃអគ្គិសនី សម្រាប់ជួយដល់លំនៅដ្ឋានប្រជាពលរដ្ឋ ដែលមានចំណូលទាប និងមធ្យម។ នេះបើតាមការចុះផ្សាយព័ត៌មានរបស់ក្រសួងព័ត៌មាន។
សូមបញ្ជាក់ថា តម្លៃអគ្គិសនីត្រូវបានរដ្ឋាភិបាលកម្ពុជា បញ្ចុះពី៤៨០រៀលនៅឆ្នាំ២០១៨ មកនៅត្រឹម៣៨០ រៀល និងឆ្នាំ២០១៩ សម្រាប់លំនៅដ្ឋានដែលប្រើប្រាស់អគ្គិសនីចាប់ពី១ ដល់១០គីឡូវ៉ាត់ម៉ោងក្នុង១ខែ និងការប្រើប្រាស់ចាប់ពី១១ដល់៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ៕