ជាតិ
សេដ្ឋកិច្ច
សហគ្រាសនៅកម្ពុជាបានចំណាយប្រាក់ឈ្នួលលើកម្មករជិត៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំ លោក អ៊ិត សំហេង រដ្ឋមន្រី្តក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ កំពុងថ្លែងរបាយការណ៍ការងារស្តីពីប្រាក់ឈ្នួលកម្មករ នៅថ្ងៃទី១២ មីនា ឆ្នាំ២០១៩ នៅខេត្តកោះកុង
× ភ្នំពេញ៖ សហគ្រាស-គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធនៅកម្ពុជា ដែលបានចុះបញ្ជីក្នុងក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈមានជិត ១,៣ម៉ឺនស្ថាប័ន ដែលមានកម្មករប្រហែល១,៥លាននាក់ ជាមួយប្រាក់ឈ្មួល៤,៨០០លានដុល្លារ ក្នុងមួយឆ្នាំ។ នេះបើតាមប្រសាសន៍របស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារថ្លែងក្នុងពិធីចុះជួបកម្មកររោងចក្រ នៅខេត្តកោះកុង ថ្ងៃទី១៣មីនា។
រដ្ឋមន្ត្រីក្រសួងការងារ បានបន្តថា ក្នុងសហគ្រាស និងគ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធនេះ មានវិស័យកាត់ដេរសម្លៀកបំពាក់ និងកាបូបមានកម្មករជាង៨៤ម៉ឺននាក់ ដែលមានប្រាក់ឈ្មួល២,៨០០លានដុលា្លរ ក្នុងមួយឆ្នាំ។ ទន្ទឹមគ្នានោះដែរ កម្លាំងពលកម្មសរុបចំនួន ៩៩,៣ភាគរយ មានការងារធ្វើ។
ដោយឡែកសហគ្រាស គ្រឹះស្ថាននៃសេដ្ឋកិច្ចក្រៅប្រព័ន្ធមានជិត៦សែន ដែលមានកម្មករជិត២,៤លាននាក់។ វិស័យកសិកម្មជាង៤លាននាក់ ពលករដែលកំពុងធ្វើការនៅក្រៅប្រទេសមានជាង១,២លាននាក់ និងមន្ត្រីសាធារណៈមាន៥០ម៉ឺននាក់។
កាលឆ្នាំ២០១៧ សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ ដែលបានចុះបញ្ជីនៅក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ មានជាង៣ម៉ឺនគ្រឹះស្ថាន ដោយបានស្រូបយកកម្លាំងពលកម្មនៅកម្ពុជា សរុបចំនួន ជិត២លាននាក់។ ក្នុងនោះសហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ មានចំនួន ១២ ២៨៧គ្រឹះស្ថាន បានកើនឡើងជាង ១០ភាគរយ ហើយបានស្រូបយកកម្លាំងពលកម្ម ដែលជាកម្មករនិងនិយោជិតសរុបចំនួន ១ ៤៣៧ ៧៩៥នាក់ កើនឡើង២១ភាគរយ ដោយបានទទួលប្រាក់ឈ្នួលជាមធ្យមជាង ២ពាន់លានដុល្លារក្នុងមួយឆ្នាំ៕
Tag:
ជាតិ
សេដ្ឋកិច្ច
កម្មករ
កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com